​សាលា​រាជធានី​បញ្ឈប់​ការ​យក​កម្រៃ​សេវា​រថយន្ត​ឆ្លងកាត់​ផ្លូវ​សឡា​ពី​ថ្ងៃនេះ​ទៅ​​

ដោយ៖​ ទូច សុខា​ | ថ្ងៃចន្ទ ទី1 មិថុនា 2015
http://vodhotnews.com


ការ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​២០០៤​នា​ព្រឹកថ្ងៃ​ចន្ទ​នេះ (រូបភាព៖ ទេព សូនី)

​សាលា​រាជធានី​ភ្នំពេញ​បញ្ឈប់​ការ​ការ​យក​កម្រៃ​បញ្ឈប់​ការយកម្រៃ​សេវា​ពី​រថយន្ត​ដែល​ឆ្លងកាត់​ផ្លូវ​២០០៤ និង​ផ្លូវ​៣៧១ (​ផ្លូវ​សឡា​) ក្នុង​សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​តទៅ បន្ទាប់​ពី​ទទួលបាន​ការអនុញ្ញាត​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​

​សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៥ ឲ្យដឹងថា ដោយ​ពិនិត្យឃើញ​ស្ថានភាព​ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវ​ទាំង​ពីរ​កាន់តែ​មាន​ភាព​មមាញឹក និង​ដោយ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​កាន់តែ​ច្រើន​កុះករ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​បញ្ឈប់​កិច្ចសន្យា​យក​កម្រៃ​សេវា​លើ​លើ​រថយន្ត​គ្រប់​ប្រភេទ​ដែល​ឆ្លងកាត់​លើ​ផ្លូវ​ទាំងពីរ​នេះ​ចាប់ពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៥ នេះ​តទៅ ។ 

​សេចក្តីជូនដំណឹង​ឲ្យដឹង​ដែរថា កាលពីពេល​កន្លង​ទៅ​សាលា​រាជធានី​ភ្នំពេញ បាន​ចុះកិច្ចសន្យា​វិនិយោគ BOT ជាមួយ​ក្រុមហ៊ុន​សឡា​អិន​វ៉េ​ស​មែន​គ្រុប ដោយ​តម្រូវ​ឲ្យ​រថយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ទាំង​ពីរ​នេះ​បង់​ថវិកា ដើម្បី​ឲ្យ​ក្រុមហ៊ុន​យក​ទុន​នេះ​មក​ធ្វើ​ការអភិវឌ្ឍ កែលម្អ ជួសជុល និង​ថែទាំ​ផ្លូវ​ទាំង​នេះ ។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ មានប្រសាសន៍ថា សាលា​រាជធានី​ភ្នំពេញ​បាន​មើលឃើញ​ថា​ចរាចរណ៍​នៅលើ​ផ្លូវ​ទាំង​ពីរ​នេះ​មាន​សភាព​មមាញឹក និង​ជា​ពិសេស​ផ្លូវ​២០០៤ ជា​ផ្លូវ​មួយ​ដែល​អាច​ជួយ​រំលែក​លំហូរ​ចរចា​រណ៍​ពី​ផ្លូវ​សហព័ន្ធ​រុស្សី​បាន​ផង​នោះ ទើប​សាលា​រាជធានី​ភ្នំពេញ​បាន​សុំ​គោល​ការ​ទៅ​រដ្ឋាភិបាល​ឲ្យ​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​សឡា​អិន​វ៉េ​ស​មែន​គ្រុប និង​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥត​បង់ថ្លៃ ។​

​លោក​បន្ថែមថា «​អញ្ចឹង​ទេ​បានជា​យើង​ស្នើ​សុំ​គោលការណ៍​ទៅកាន់​រាជរដ្ឋាភិបាល ហើយ​សម្តេច​តេជោ ក៏​លោក​បាន​ឯកភាព​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​បញ្ចប់​កិច្ចសន្យា​ជាមូយ​ក្រុមហ៊ុន ដើម្បី​ធ្វើ​យ៉ាងម៉េច​យក​ផ្លូវ​ហ្នឹង​មក​គ្រប់គ្រង​ខ្លួន​ឯង​វិញ ដាក់លូ ធ្វើ​ផ្លូវ ឲ្យស្រប​តាម​ស្តង់ដារ​បច្ចេកទេស ពង្រីក​ផ្លូវ ពង្រីក​អី​ហើយ ចុង​ក្រោយ​ដាក់​ផ្លូវ​ហ្នឹង​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥត​បង់ថ្លៃ​» ។​

​លោក ឡុង ឌី​ម៉ង់ បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​នេះ​មុន​ពេល​កំណត់ តែ​លោក​មិន​បាន​ចាំ​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត​នោះ​ទេ​។ លោកថា សាលា​រាជធានី​នឹង​ធ្វើការ​ប៉ះប៉ូវ​ជូន​ភាគី​ក្រុមហ៊ុន​វិញ តែ​លោក​មិនទាន់​អាច​បញ្ជាក់បាន​ថា​ត្រូវ​ផ្តល់​សំណង​ប៉ុន្មាន​នោះ​ទេ ៕

​សូម​សរសេរ​មកកាន់​លោក ទួច សុខា តាមរយៈ sokha@vodhotnews.com 

What Next?

Recent Articles