​អាជ្ញាធរ​ជាតិ​អប្សរាច្រាន​ចោល​ការ​ចោទថាមិន​បាន​កាត់​ដី​ជូន​ពលរដ្ឋ​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃចន្ទ ទី1 មិថុនា 2015, 05:29 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

អាជ្ញាធរ​ជាតិ​អប្សរា ច្រាន​ចោល​ការចោទប្រកាន់​ថា ខ្លួន​មិន​បាន​អនុវត្តតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ ក្នុងការ​កាត់​ដី​ចេញពី​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប ចែកជូន​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ខេត្តសៀមរាប​ ។ 

​ការច្រានចោល​នេះ បន្ទាប់​ពី​ព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា អាជ្ញាធរ​ជាតិ​អប្សរាមិន​បាន​អនុវត្ត​តាម​ខ្លឹម​ថា​អនុក្រឹត្យ​លេខ​៥១ ស្តីពី​ការ​កាត់​ផ្ទៃដី​ទំហំ​សរុប ១១៥,៤១ហិកតា  និង​អនុក្រឹត្យ​លេខ ៥២ ស្តីពី​ការ​កាត់​ផ្ទៃដី​សរុប ១១១,៤៩ហិកតា ចេញពី​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប ដើម្បី​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ប្រើប្រាស់ និង​ដាំ​ដុះ​ជាក់ស្តែង​នៅ​ទីនោះ​ ។​

​សេចក្តីបំភ្លឺ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា ចុះ​ថ្ងៃ​ទី៣១ ខែឧសភា បានចាត់ទុក​ការចោទប្រកាន់​នោះ​ថា គ្មាន​មូលដ្ឋានក្នុងន័យ​បម្រើ​ផលប្រយោជន៍​ក្រុម​ជន​ឆ្លៀតឱកាស និង​ជា​ចេតនា​អាក្រក់​របស់​ឈ្មួញ​ដី ​។ 

​អាជ្ញាធរ​ជាតិ​អប្សរា​អះអាង​ទៀតថា បន្ទាប់ពី​ទទួលបាន​អនុក្រឹត្យ ខ្លួន​បាន​សហការ​ជាមួយ​សាលាខេត្ត​សៀមរាប ក្នុង​ការរៀបចំ​វាស់វែង​ដីធ្លី ចែកជូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រោម ភូមិ​ព្រៃ​គុយ​ណ ភូមិ​គោក​ចាន់ សង្កាត់​អម្ពិល ក្រុង​សៀមរាប ខេត្តសៀមរាប ​។ 

យ៉ាងណា​ក៏​ដោយ​ ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ព្រៃ​គុយ សង្កាត់​អម្ពិល អ្នកស្រី យិន សុគន្ធា ដែល​មាន​ទំហំ​ផ្ទៃ​ដី​ក្បាល ២០គុណ៣០​ម៉ែត្រ ប្រាប់ VOD ថា រហូត​ត្រឹម​ថ្ងៃទី០១ មិថុនានេះ គាត់​មិន​ទាន់​ឃើញ​អាជ្ញាធរ​ណា ​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​តាម​​អនុក្រឹត្យ​របស់​លោក ហ៊ុន សែន ទេ​ ។ អ្នកស្រី​បន្ត​ថា នៅ​ពេល​ពួកគាត់​ចូល​ទៅ​ធ្វើ​របង​លើដី​នោះ ខាង​អាជ្ញា​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​សាងសង់​ឡើយ​ ។

​ពលរដ្ឋ​ម្នាក់ទៀត​អ្នកស្រី ចាន់ សូ​លីដា អះអាង​រស់នៅ​តំបន់​នោះ​តាំងពី​ឆ្នាំ១៩៩៤ ដែល​មាន​ផ្ទៃដី ៨០ម៉ែត្រ​គុណ​នឹង១០០អះអាងថា បន្ទាប់​ពី​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាត់​ដី​ជូន​ប្រជាពលរដ្ឋ​មក អាជ្ញា​ជាតិ​អប្សរា​មិនទាន់​ចុះវា​ស់​ដី​ជូន​ពលរដ្ឋ​នោះទេ ថែមទាំង​យក​គ្រឿងចក្រ​ឈូសឆាយ ហើយ​ហ៊ុម​ព័ទ្ធ​របង​មិន​ឲ្យ​ពលរដ្ឋ​ចូលទៅ​តំបន់​នោះ​ទៀតផង ​។ អ្នកស្រី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ថ្នាក់លើ ជាពិសេស​លោក​នាយករដ្ឋមន្ត្រី​ចុះ​ពិនិត្យ​ដីនោះ​ជាថ្មី ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​កាន់​ដី​នោះ​វិញ ​។

ពលរដ្ឋអះអាងថា ពួកគេ២៥គ្រួសារ ​ត្រូវ​បាន​អាជ្ញា​អប្សរា​បណ្តេញចេញ​កាលពី​ឆ្នាំ២០១៥ ​ដោយ​អះអាង​ថា​ រស់នៅ​លើ​ដី​របស់​រដ្ឋ និង​យក​ដី​នោះ​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ ។​
VOD មិនអាច​សុំ​ការបញ្ជាក់​បន្ថែម ពី​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​លោកស្រី ចៅ ស៊ុន​កិរិយា ​បាន​នៅឡើយ​នៅថ្ងៃនេះ ដោយ​ទូរ​សព្ទ​ចូលតែ​គ្មាន​អ្នកទទួល​ ។​

​យោង​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ២០១៥ បានសម្រេច​កាត់​ផ្ទៃដី​ទំហំ​សរុប ១១៥,៤១ ហិកតា ចេញពី​ផ្ទៃដី​បុរី​សណ្ឋាគារ​អង្គរ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ដើម្បី​ធ្វើ​ប្រទានកម្ម​ជា​កម្ម​សិទ្ធិជូន​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់ ប្រើប្រាស់ និង​ដាំ​ដុះ​ជាក់ស្តែង​លើ​ដី​នោះ ។ អនុក្រឹត្យ​បន្តថា ក្នុងនោះ​ផ្ទៃដី ៥១,៤៣ហិកតា កាត់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម​ ។ ចំណែក​ផ្ទៃដី​ទំហំ ៦៣,៩៨ហិកតា កាត់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ខេត្តសៀមរាប ៕

សូមសរសេរមកលោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles