Tue, 2 June 2015
Daniel Pye and Alice Cuddy
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ រដ្ឋាភិបាលអាមេរិកបានដឹងយូរឆ្នាំមកហើយ មុនពេលប្រព័ន្ធផ្សព្វផ្សាយលាតត្រដាងអំពីការបោកប្រាស់ដ៏អាស្រូវ និងការអនុវត្តខុសឆ្គង ក្នុងអង្គការដែលដំណើរការដោយលោកស្រី ម៉ម សុម៉ាលី ដែលបានប៉ះពាល់ដល់សកម្មភាពជួញដូរមនុស្ស លើពិភពលោក កាលពីឆ្នាំមុន។
ប៉ុន្តែ យោងតាមឯកសារទូរលេខរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលសរសេរពាក្យសម្ងាត់ និងដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបាន តាមសំណើក្រោមច្បាប់សេរីភាពសារព័ត៌មាន បានបង្ហាញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបន្តមើលឃើញស្ត្រីប្រធានអង្គការរូបនេះថាជា «កម្លាំងវិជ្ជមានក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការជួញដូរមនុស្ស» ទោះបីជាមានភ័ស្តុតាងបង្ហាញថា ពុំមានការថែទាំសុខភាពនៅទីជម្រករបស់គាត់ក្តី ហើយថា អង្គការក្រៅរដ្ឋាភិបាលរបស់គាត់គឺអង្គការ AFESIP បានគ្រប់គ្រងមូលនិធិមិនត្រឹមត្រូវ»។
ឯកសារទូរលេខមួយដែលមានចំណងជើងថា «Somaly Mam Under Microscope» ដែលបានផ្ញើទៅក្រសួងការបរទេសពីស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញនៅថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០១២ បានបង្ហាញថា ការអះអាងដ៏សំខាន់មួយ ដែលបានលើកឡើងម្តងហើយម្តងទៀត ដោយលោកស្រី ម៉ម សុម៉ាលី ប៉ុន្មានឆ្នាំមកនេះថា កូនស្រីរបស់គាត់ត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ ២០០៦ ដែលជាការសងសឹក ចំពោះអង្គការ AFESIP ដែលបានវាយឆ្មក់លើផ្ទះបន ក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ ២០០៤ គឺជារឿងមិនពិត។
ឯកសារទូរលេខនោះ បានកត់សម្គាល់ថា៖ «លោកស្រីបានធ្វើការអះអាងនេះជាច្រើនលើក បើទោះបីបានរាយការណ៍ប្រាប់ [ស្ថានទូត] នៅពេលកើតហេតុថា កូនស្រីនោះ មិនត្រូវបានគេចាប់ពង្រត់ទេ ប៉ុន្តែបានល្បួងដោយមិត្តភក្តិរបស់នាងឲ្យធ្វើដំណើរពីរាជធានីភ្នំពេញទៅបាត់ដំបង»។
ប៉ុន្មានឆ្នាំក្រោយមក នៅឯមហាសន្និបាត ខែមេសា ឆ្នាំ ២០១២ លោក បាន គីមូនអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងពីរឿងមិនពិតនេះ។
រឿងអាស្រូវដែលបានគ្របដណ្ដប់លើលោកស្រី សុមាលីនេះ ត្រូវបានជីកកកាយឡើង ដោយការស៊ើបអង្កេតមួយ ពីកាសែត The Cambodia Daily លើការចោទប្រកាន់ថា ស្រ្តីរូបនេះ បានបន្លំរឿងរ៉ាវរបស់ខ្លួន ក្នុងការប៉ុនប៉ង ដើម្បីទាក់ទាញចិត្តរបស់ម្ចាស់ជំនួយ។
ទូរលេខខែឧសភាឆ្នាំ ២០១២ ក៏បានបង្ហាញផងដែរថា សហរដ្ឋអាមេរិក បានដឹងពីគុណវិបត្តិដ៏ធ្ងន់ធ្ងរនៅក្នុងអង្គការ AFESIP ប៉ុន្តែបានបន្តផ្តល់ការគាំទ្រដល់លោកស្រី ម៉ម សុម៉ាលី ព្រោះស្ត្រីរូបនេះ ជាកម្លាំងឆក់សំខាន់មួយ សម្រាប់ការផ្តល់ថវិកាលើការប្រឆាំងនឹងការជួញដូរមនុស្ស។
ប្រភពក្នុងសហគមន៍ប្រឆាំងការជួញដូរ នៅរាជធានីភ្នំពេញ ត្រូវបានគេដកស្រង់សម្តីថា លោកស្រី ម៉ម សុម៉ាលី គឺ «ពុករលួយដល់ស្នូល» និងថា ស្ត្រីរូបនេះបានចាប់ [អ្នកសម្របសម្រួលជាតិរបស់អង្គការ] ជាចំណាប់ខ្មាំង»។
ទោះយ៉ាងណាក៏ដោយ ក្រុមប្រឆាំងការជួញដូរមនុស្សក្នុងស្រុក ស្ទាក់ស្ទើរមិនបានចែករំលែកគំនិតយោបល់របស់ពួកគេ ស្តីពីលោកស្រី ម៉ម សុម៉ាលី ទេ ហើយបានធ្វើសេចក្តីសម្រេចជាយុទ្ធសាស្រ្តក្នុងការបន្តនៅស្ងៀមអំពីការព្រួយបារម្ភ ទាក់ទងនឹងប្រព័ន្ធគណនេយ្យរបស់អង្គការ AFESIP និងកង្វះនៃការត្រួតពិនិត្យហិរញ្ញវត្ថុទូទៅ ដើម្បីចៀសវាងកុំឲ្យអង្គការប្រឆាំងការជួញដូរដទៃទៀត …ជួបហានិភ័យ»។
មានការរាយការណ៍ថា ពួកគេបានភ័យខ្លាចថា៖ «ម្ចាស់ជំនួយនឹង [មិន] អាចបែងចែកលោកស្រី ម៉មសុម៉ាលី ពីអង្គការ [ប្រឆាំងការជួញដូរមនុស្សដទៃទៀត] នៅក្នុងប្រទេសកម្ពុជា «ដែលពិតជាកំពុងធ្វើសកម្មភាពល្អ» បានទេ។
ប្រសិនបើអង្គការ AFESIP «ទាក់ទាញការយកចិត្តទុកដាក់ជាអវិជ្ជមានពីអន្តរជាតិ» អង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការជួញដូរមនុស្ស ដែលដឹកនាំដោយជនបរទេស ព្រួយបារម្ភ «ថា ម្ចាស់ជំនួយនឹងឈប់ផ្តល់មូលនិធិដល់អង្គការក្រៅរដ្ឋាភិបាលទាំងអស់នោះ»។
ពេលនោះ នៅពេល Newsweek ផ្សព្វផ្សាយពីរឿងអាស្រូវនេះ ដែលបានបណ្តាលឲ្យលោកស្រី ម៉ម សុម៉ាលី បាត់បង់ការងារនៅមូលនិធិ ម៉ម សុម៉ាលី (SMF) ដែលជាដៃគូរៃអង្គាសប្រាក់របស់អង្គការ AFESIP។ មូលនិធិនេះបានបិទទ្វារ នៅខែតុលា ឆ្នាំ ២០១៤។
ស្ថានទូតអាមេរិក និងលោក សៅ ឈឿត នាយកប្រតិបត្តិនៃអង្គការ AFESIP បានបដិសេធដោយមិនធ្វើអត្ថាធិប្បាយចំពោះអត្ថបទនេះទេ។
ការរិះគន់ខ្លាំងៗមួយចំនួន លើអង្គការ AFESIP ដោយប្រភពផ្សេងៗ ជូនស្ថានទូតអាមេរិក ដែលឈ្មោះប្រភពនោះត្រូវបានលុបចោលក្នុងឯកសារទូរលេខ ដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបាន ត្រូវបានបម្រុងទុកសម្រាប់ការថែទាំវេជ្ជសាស្រ្ត និងចិត្តសាស្រ្តក្រោមស្តង់ដារ ដែលបានផ្តល់ដល់ជនរងគ្រោះ ដោយសារអំពើជួញដូរមនុស្ស។
ឯកសារទូរលេខថ្ងៃទី ៨ ខែឧសភា បានឲ្យដឹងថា៖ «[ជនរងគ្រោះ] នៅជម្រករបស់អង្គការ AFESIP បានទទួលការព្យាបាលផ្នែកចិត្តសាស្ត្រ បានតែម្តងប៉ុណ្ណោះ រៀងរាល់បីខែ សូម្បីតែក្នុងករណីត្រូវការការព្យាបាលខ្លាំងបំផុតក្តី។ បុគ្គលិកនៅទីជម្រក ក៏មិនអាចឆ្លើយតបនឹងស្ថានភាពវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ដែរ ទោះបីស្ថានភាពនោះស្ថិតក្នុងកម្រិតមូលដ្ឋានក៏ដោយ»។
កាលពីមួយឆ្នាំមុន លោកស្រី ម៉ម សុម៉ាលី បង្កើតក្រុមប្រឆាំងការជួញដូរមនុស្សថ្មីមួយ គឺមូលនិធិ ម៉ម សុម៉ាលី ថ្មី។ ផែនការអាជីវកម្មរបស់មូលនិធិ សម្រាប់ឆ្នាំ ២០១៥ បានឲ្យដឹងថា មូលនិធិបានបង្កើតភាពជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកចំនួន ៤ ក្នុងនោះមានអង្គការចិត្តសង្គមអន្តរវប្បធម៌ផងដែរ។
ទោះជាយ៉ាងណា អង្គការមិនមែនរដ្ឋាភិបាលទាំងបួននោះ បានបដិសេធថា មិនបានដឹងពីកិច្ចព្រមព្រៀងផ្លូវការណាមួយនោះទេ។
បញ្ហានៅអង្គការ AFESIP នៅឆ្នាំ ២០១២ បានបណ្តាលឲ្យបុគ្គលិក និងអ្នកស្ម័គ្រចិត្តចាកចេញ ដែលបានបញ្ចប់កិច្ចសន្យាសេវាជាមួយនឹងអង្គការ AFESIP មុនកំណត់ ដោយសារបញ្ហាទាំងនេះនិង «បុគ្គលិកលក្ខណៈខ្លាំងនៃការដឹកនាំដែលបានបង្ហាញនូវការជំទាស់មិនធ្វើការផ្លាស់ប្តូរ»។ ប៉ុន្តែបើទោះបីបញ្ហា ជាមួយនឹងលោកស្រី ម៉ម សុម៉ាលី និងអង្គការ AFESIP ស្ថានទូតអាមេរិកបានកំណត់ថា ពួកគេគួរតែបន្តគាំទ្រឋានៈជាតារា របស់លោកស្រី ម៉ម សុម៉ាលី ជា «កម្លាំងវិជ្ជមានក្នុងការប្រឆាំងការជួញដូរមនុស្ស»។
ឯកសារទូរលេខនោះបានឲ្យដឹងថា៖ «លោកស្រីគឺអ្នកនាំពាក្យដ៏មានប្រសិទ្ធភាព និងមានឥទ្ធិពលខ្លាំងដែលបានលើកកម្ពស់ការយល់ដឹង និងការផ្តល់ថវិកាដ៏សំខាន់សម្រាប់អន្តរាគមន៍ប្រឆាំងនឹង [ការជួញដូរមនុស្ស]។ ទោះបីជាមានការព្រួយបារម្ភថា ការផ្តល់ជំនួយនេះ អាចត្រូវបានគ្រប់គ្រងមិនត្រឹមត្រូវ ហើយថា ទីជម្រកអង្គការ AFESIP អាចខ្វះខាតការថែទាំ ដែលមានគុណភាព ការខិតខំប្រឹងប្រែងរបស់លោកស្រី ម៉ម សុម៉ាលី នៅតែជាជម្រើសវិជ្ជមាន ចំពោះជនរងគ្រោះដោយការរំលោភបំពានផ្លូវភេទធ្ងន់ធ្ងរ»។
ឯកសារទូរលេខមួយផ្សេងទៀត ដែលបានផ្ញើពីស្ថានទូតទៅកាន់ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០១២ បានលើកឡើងពីលោក ឡុង ប្រុស ដែលជាអតីតសមាជិកជាន់ខ្ពស់នៃកម្មវិធី «សំឡេងដើម្បីការផ្លាស់ប្តូរ» របស់លោកស្រី ម៉ម សុម៉ាលី ដែលបានជួយជនរងគ្រោះ និងលើកកម្ពស់ការយល់ដឹងពីការងាររបស់លោកស្រី។ ការចោទប្រកាន់ថា លោក ប្រុស ត្រូវបានគេបង្វឹកឲ្យប្រាប់រឿងមិនពិតពីបទពិសោធផ្ទាល់ខ្លួន របស់លោកស្រីនៃការជួញដូរ គឺជារឿងបញ្ហាចំពោះមន្ត្រីស្ថានទូត។
និយោជិតពីរនាក់របស់មូលនិធិ ម៉ម សុម៉ាលី ដែលបុគ្គលិកស្ថានទូត បានសួរអំពីភាពខុសគ្នាក្នុងគណនីរបស់ខ្លួន បានឲ្យដឹងថា ពួកគេមិនបានដឹងពីបញ្ហានេះទេ ឬមិនអាចលើកឡើងពីបញ្ហានេះទេ ដោយសន្យាថា នឹងធ្វើការស្រាវជ្រាវបន្ថែមទៀត។
ទូរលេខខែវិច្ឆិកា ឲ្យដឹងថា ទំនាក់ទំនងរបស់មូលនិធិជាមួយនឹងអង្គហេតុគឺជាបញ្ហា ចំពោះទំនាក់ទំនងរបស់ AFESIP ជាមួយនឹង [ស្ថានទូត] ដោយមិនគិតពីលទ្ធផលនៃការស៊ើបអង្កេតទេ។ «លោកស្រី សុម៉ាលី មូលនិធិសុម៉ាលី និង AFESIP នឹងត្រូវដាក់ឲ្យអនុវត្តនូវយន្តការតឹងរ៉ឹងដើម្បីស្តារកេរ្តិ៍ឈ្មោះពួកគេវិញ»៕PS

វាជាវប្បធម៏បោកប្រាស់!!!!សំរាប់ឈានឡើងរកលាភនិងសការៈ