ដោយ៖ យ៉ា រសាត់ | ថ្ងៃអង្គារ ទី2 មិថុនា 2015
http://vodhotnews.com
<
សាស្ដ្រាចារ្យទស្សនវិជ្ជា លោក ស៊ន តារា (រូបពីហ្វេសប៊ុករបស់លោក)
លោក ស៊ន តារា ដែលត្រូវបានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្ដឹងពីបទបរិហារកេរ្ដិ៍ និងបទញុះញង់ឲ្យមានការរើសអើង បានស្នើទៅកាន់សាលាដំបូងរាជធានីភ្នំពេញ សុំលើកពេលចូលបំភ្លឺ ដោយលោកអះអាងថាដើម្បីទុកពេលសិក្សាផ្លូវច្បាប់ និងស្វែងរកមេធាវី ។
ដីការបស់សាលាដំបូងរាជធានីភ្នំពេញចុះហត្ថលេខាដោយព្រះរាជអាជ្ញារង លោក ខាំ សុផារី នៅថ្ងៃទី២២ ខែឧសភា បានបង្គាប់ឲ្យលោក ស៊ន តារា សាស្ដ្រាចារ្យទស្សនវិជ្ជា ចូលបំភ្លឺនៅតុលាការ ថ្ងៃអង្គារនេះ វេលាម៉ោង២រសៀល ។
លោក ស៊ន តារា ប្រាប់VODនៅព្រឹកនេះថា លោកបានដាក់ពាក្យស្នើសុំលើកពេលចូលបំភ្លឺទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីលោកធ្វើការស្រាវជ្រាវស្វែងយល់អំពីនីតិវិធីច្បាប់បន្ថែម និងក៏ដូចជាស្វែងរកមេធាវីការពាររូបលោករឿងក្ដីនេះផងដែរ ។ ប៉ុន្ដែ គ្រូទស្សនវិជ្ជារូបនេះមិនបានដឹងថា តើលោកនឹងត្រូវចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃណាវិញនោះទេ ដោយលោកថាវាអាស្រ័យទៅលើការកោះហៅជាថ្មីរបស់តុលាការ ។
លោក ស៊ន តារា មានប្រសាសន៍ថា «សុំពន្យារពេលដើម្បីទុកពេលសិក្សាផ្លូវច្បាប់ និងរកមេធាវី យើងអត់ទាន់មានមេធាវី»។
គួរបញ្ជាក់ថា លោក ស៊ន តារា ត្រូវលោក ឆឺយ ប៊ុនធឿន ក្នុងនាមគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្ដឹងពីបទបរិហារកេរ្ដិ៍ និងបទញុះញង់ឲ្យមានការរើសអើង និងទាមទារប្រាក់សំណង៣ម៉ឺនដុល្លារ ទាក់ទិននឹងការបង្ហោះព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុក ចោទប្រកាន់គណបក្សនេះថាកេងចំណេញនយោបាយនៅក្នុងពិធីបុណ្យសពសកម្មជនរបស់ខ្លួន ។
អត្ថបទទាក់ទង
ក្នុងពាក្យបណ្ដឹង៣ទំព័ររបស់ខ្លួន ចុះនៅថ្ងៃទី០៤ ខែឧសភា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអះអាងថា ការលើកឡើងរបស់លោក ស៊ន តារា ជារឿងមិនត្រឹមត្រូវ ជាការបរិហារកេរ្ដិ៍ និងការញុះញង់ឲ្យមានការរើសអើងលើប្រធានគណបក្ស លោក ខឹម វាសនា និងគណបក្សរបស់ខ្លួន ។ ពាក្យបណ្ដឹងបន្តថា «គណបក្សយើងខ្ញុំមិនដែលគិតទាល់តែសោះថា ចង់កេងចំណេញណាមួយ ដែលនេះគឺផ្ទុយទាំងស្រុងនឹងសំណេររបស់ឈ្មោះ ស៊ន តារា ដែលព្យាយាមលាបពណ៌ បង្ខូចកេរ្ដិ៍ឈ្មោះ របស់លោកប្រធាន (ខឹម វាសនា) និងគណបក្ស មិនតែប៉ុណ្ណោះ ឈ្មោះនេះបានថែមទាំងប្រើពាក្យក្នុងលក្ខណៈញុះញង់ឲ្យសាធារណជនមានការរើសអើងទៅលើលោកប្រធាន និងគណបក្ស ដោយប្រើពាក្យថាមនោគមន៍អសីលធម៌ និងជេរប្រមាថ»។
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោក ខឹម វាសនា បានមានប្រសាសន៍ថា ពាក្យបណ្ដឹងដែលប្ដឹងដោយលោក ឆឺយ ប៊ុនធឿន លើលោក ស៊ន តារា គឺប្ដឹងក្នុងនាមគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដើម្បីទាមទារសំណង និងដាក់ទោសទៅតាមច្បាប់លើលោក ស៊ន តារា។
ឆ្លើយតបនឹងការប្តឹងផ្តល់នេះ លោក ស៊ន តារា បានលើកឡើងថាការប្ដឹងនេះមិនពាក់ព័ន្ធនឹងអ្វីដែលលោកបានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកឡើយ ។ លោកចាត់ទុកការប្ដឹងនេះជារឿងគំនុំរវាងលោក ខឹម វាសនា និងរូបលោកប៉ុណ្ណោះ។ លោកថាលោក ខឹម វាសនា បានចាញ់ប្រាជ្ញារបស់លោក ហេតុនេះហើយទើបស្វែងរកគ្រប់វិធីសាស្ដ្រដើម្បីយកឈ្នះរូបលោក ។
បើតាមលោក ស៊ន តារា លោកគឺជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ។ កន្លងទៅលោកបានបង្ហោះសកម្មភាពរបស់លោកតាមរយៈហ្វេសប៊ុក ទាក់ទងនឹងបញ្ហាសង្គមមួយចំនួន ៕
សរសេរមកកាន់លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com