ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី2 មិថុនា 2015
http://vodhotnews.com
កម្មករជាង១០០នាក់ ដែលធ្វើការនៅរោងចក្រM&V1 និងM&V3 ក្នុងសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ បានបន្តតវ៉ា ដោយទាមទារលក្ខខណ្ឌការងារ៦ចំណុចនៅសេសល់ពីក្រុមហ៊ុន។
លិខិតរបស់កម្មកររោងចក្រM&V1 និងM&V3 ដែលត្រូវបានផ្សព្វផ្សាយពេលតវ៉ា ឲ្យដឹងថាកម្មករទាមទារ៦ចំណុច ដែលក្នុងនោះរួមមានស្នើឲ្យផ្តល់ប្រាក់លើកទឹកចិត្តកម្មករដែលមកធ្វើការនៅថ្ងៃបុណ្យ និងថ្ងៃអាទិត្យ មួយថ្ងៃ៣ដុល្លារ ស្នើឲ្យក្រុមហ៊ុនផ្តល់ប្រាក់លំហែមាតុភាពចំនួន១០០ភាគរយ ហើយបើកមុនទាំងអស់ដោយគិតលុយជាមធ្យមភាគ ស្នើឲ្យរោងចក្ររក្សាបង់ថ្លៃពន្ធលើប្រាក់ខែជំនួសកម្មករដដែល ស្នើឲ្យរោងចក្រផ្តល់អាហារចំនួនពីរពេលដល់កុមារដែលមកនៅក្នុងទារកដ្ឋានរបស់ក្រុមហ៊ុន ស្នើរោងចក្របញ្ឈប់ជំនួយការរដ្ឋបាលឈ្មោះ ឈុន រ៉ុង ចេញពីការងារ និងមួយទៀតស្នើឲ្យរក្សាប្រាក់ឈ្នួល និងប្រាក់រង្វាន់ផ្សេងៗនៅដដែល បើទោះកម្មករមកធ្វើការយឺតម្តងម្កាលមិនលើសពី១០នាទី។
កម្មករគ្រោងនឹងហែមកផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃនេះ តែត្រូវបានរារាំង និងហៅចូលដើម្បីចរចារកដំណោះស្រាយ។

រូបភាពពីកម្មករអ្នកសារព័ត៌មាន
គួរបញ្ជាក់ថា កន្លងទៅ កម្មករបានតវ៉ាទាមទារលក្ខខណ្ឌ១២ចំណុច។ កម្មករឲ្យដឹងថាលក្ខខណ្ឌដែលភាភីរោងចក្របានទទួលយកមានដូចជា គណនាប្រាក់ឈប់សម្រាកប្រចាំឆ្នាំដោយយកមធ្យមភាគ នៃប្រាក់ឈ្នួលសរុបរយៈពេល១២ខែចុងក្រោយ ធ្វើជាមូលដ្ឋាន គណនាប្រាក់ឈ្នួលឲ្យកម្មការនីដែលចេញមុន១ម៉ោងទៅបំបៅកូន និងផ្ដល់ប្រាក់បាយថែមម៉ោងនៅថ្ងៃបុណ្យ និងថ្ងៃអាទិត្យចំនួន១០០០រៀលបន្ថែមលើប្រាក់២០០០រៀលដែលមានស្រាប់ជាដើម។
គួរបញ្ជាក់កម្មកររោងចក្រM&V1 និងM&V3 បានចេញមុខតវ៉ាជាងមួយសប្តាហ៍រួចមកហើយ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
