ដោយ៖ បូ សាវី | ថ្ងៃអង្គារ ទី2 មិថុនា 2015
http://vodhotnews.com
ប្រជាពលរដ្ឋជាង១០០នាក់ ប្រមូលផ្ដុំគ្នានៅមុខសាលាខេត្តព្រះវិហារ នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីទាមទារឲ្យមានដំណោះស្រាយជម្លោះដីធ្លីជាមួយអ្នកមានលុយ មានអំណាចនៅក្នុងខេត្តនេះ ដែលអូសបន្លាយជាច្រើនឆ្នាំ ។
តាមគម្រោង ប្រជាពលរដ្ឋជាង២ពាក់នាក់មកពីបណ្ដាស្រុកទាំង៧ នៃខេត្តព្រះវិហារនឹងជួបជុំគ្នារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២ និងទី៣ ខែមិថុនានេះ ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តដោះស្រាយផលប៉ះពាល់ដីធ្លី ស្រែ ចម្ការ និងដីលំនៅដ្ឋានឲ្យប្រជាពលរដ្ឋនៅទូទាំងខេត្ត ។ ប៉ុន្តែតាមប្រភពពីអង្គការនានា ដែលតាមឃ្លាំមើលការប្រមូលផ្ដុំនេះឲ្យដឹងថា ប្រជាពលរដ្ឋមួយចំនួនមកពីបណ្ដាស្រុកផ្សេងៗក្នុងខេត្តនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានរារាំងមិនឲ្យធ្វើដំណើរទៅកាន់ទីរួមខេត្តព្រះវិហារ ដើម្បីចូលរួមកម្មវិធីជួបជុំគ្នានាព្រឹកនេះទេ ។
សូមជម្រាបថា បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ទាំងជនជាតិដើមភាគតិច និងមិនមែនជនជាតិដើមភាគតិចជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច បានអូសបន្លាយជាច្រើនឆ្នាំ រហូតមកទល់ពេលនេះមិនទាន់មានដំណោះស្រាយណាមួយសមស្របតាមគោលការណ៍ច្បាប់នៅឡើយ ។
ប្រភពពីអង្គការសង្គមស៊ីវិលដែលតាមដានជម្លោះដីធ្លីនៅក្នុងខេត្តនេះលើកឡើងថា ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរស្រុក ខេត្ត រហូតដល់ថ្នាក់ជាតិ ដោយស្នើសុំឲ្យមានការសិក្សាពីផលប៉ះពាល់ជាមុនសិន មុននឹងក្រុមហ៊ុនធ្វើការឈូសឆាយ តែអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត មិនត្រឹមតែមិនទប់ស្កាត់ការឈូសឆាយនោះទេ ថែមទាំងការពារក្រុមហ៊ុនឲ្យចូលឈូសឆាយថែមទៀត ដោយមិនស្តាប់ និងចាត់ការបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយបានប្រើប្រាស់ប្រព័ន្ឋតុលាការ ដើម្បីដាក់សម្ពាធលើប្រជាពលរដ្ឋរងគ្រោះទៀតផង ៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com