ដោយ៖ ថោ ស៊ីណា | ថ្ងៃចន្ទ ទី22 មិថុនា 2015, 06:03 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មន្ត្រីបក្សប្រឆាំងលើកឡើងថា ការដែលអង្គភាពប្រឆាំងអំពើពុករលួយ ប្រើប្រាស់ថវិកាជាតិនៅសល់ជិត៤០ភាគ រយនៃថវិកាសរុបប្រចាំឆ្នាំ២០១៣ ដោយសារតែអង្គភាពនេះស្ថិតក្រោមគ្រប់គ្រងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ជាហេតុធ្វើឲ្យអង្គភាពប្រឆាំងអំពើពុករលួយមិនអាចធ្វើការដោយឯករាជ្យបាន ។
យោងតាមរបាយការណ៍ឆ្នាំ២០១៣ ចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី ដែលVODទទួលបាននៅថ្ងៃចន្ទនេះ ឲ្យដឹងថារដ្ឋាភិបាលបានប្រគល់ថវិកាប្រមាណជិត៧លានដុល្លារក្នុងមួយឆ្នាំៗ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ចែងថវិកានោះតាមផែនការរបស់អង្គភាពនេះ។ ប៉ុន្តែរបាយការណ៍បញ្ជាក់ថាអង្គភាពនេះបានចាយលុយនៅសល់ប្រមាណ២លាន៥សែនដុល្លារលើថវិកាសរុបនោះ ។
ទាក់ទងនឹងករណីនេះ អនុប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ មានប្រសាសន៍ថារាល់គម្រោងរបស់អង្គភាពប្រឆាំងអំពើពុករលួយ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។ លោក សុន ឆ័យ បន្តថាអង្គភាពប្រឆាំងអំពើរពុករលួយ មិនអាចប្រើប្រាស់ថវិកាតាមគម្រោងប្រចាំឆ្នាំរបស់ខ្លួន ដោយឯករាជ្យបានទេទើបបានជាសល់ថវិកាច្រើនដូច្នេះ ។
លោក សុន ឆ័យ បន្ថែមថាតាមការស្រាវជ្រាវរបស់គណបក្សសង្គ្រោះជាតិរកឃើញថា ការប្រើប្រាស់ថវិកាជាតិស្ទើរតែគ្រប់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់ មិនបានប្រើប្រាស់ដោយតម្លាភាព និងស្របតាមគោលការណ៍រដ្ឋាភិបាលបានដាក់ជូននោះទេ ។ លោកអះអាងថាក្រសួង និងស្ថាប័នទាំងនោះ មិនបានបង្ហាញការចាត់ចែងថវិកាតាមគម្រោងប្រចាំឆ្នាំរបស់ខ្លួនទេ ហើយលើសពីនេះទៅទៀត លោក សុន ឆ័យ ថារដ្ឋាភិបាលមិនបានធ្វើការទូទាត់ថវិកាប្រចាំឆ្នាំរបស់ក្រសួង និងស្ថាប័ននានាដែលរដ្ឋបានប្រគល់ជូននោះទេ ។
ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ លោក អ៊ីវ ភារម្យ ប្រាប់VODយ៉ាងខ្លីថាលោកមិនបានដឹងអំពីការប្រើប្រាស់ថវិការបស់អង្គភាពទេ ដោយលោកអះអាងថា លោកមិនមែនជាអ្នកកាន់ថវិកាទាំងនោះ។ យ៉ាងណាក៏ដោយ លោក អ៊ីវ ភារម្យ ឲ្យដឹងទៀតថាការចាយលុយតិច ប្រសើរជាងចាយលុយច្រើន ។
បើតាមសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៣ ថវិកាសរុបដែលត្រូវចំណាយមានប្រមាណ៣ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះក្រសួងសុខាភិបាលមានចំនួនប្រមាណ២២៥លានដុល្លារ ក្រសួងអប់រំ យុវជន និងកីឡា មានចំនួនប្រមាណ២៨០លានដុល្លារ ហើយក្រសួងទាំងនោះបានប្រើប្រាស់អស់ជាង៩០ភាគរយនៃថវិកាទាំងអស់ ដែលរដ្ឋាភិបាលបានដាក់ជូន ដោយមានតែអង្គភាពប្រឆាំងអំពើពុករលួយទេ ប្រើប្រាស់ថវិកាជាតិអស់៦៤ភាគរយនៃថវិកាសរុប ដែលរដ្ឋាភិបាលបានដាក់ជូន ៕
សូមសរសេរមកលោក ថោ ស៊ីណា តាមរយៈ sina@vodhotnews.com
