​អ្នក​វិភាគ​ថា​៧​មករា​អស់​ប្រជាប្រិយភាព ទើប លោក ហ៊ុន សែន មិន​ឲ្យ​បក្ស​ពឹង​តែ​លើ​ថ្ងៃនោះ​​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃចន្ទ ទី22 មិថុនា 2015, 04:47 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​៣៦ ថ្ងៃ​៧មករា ក្នុង​ឆ្នាំ​២០១៥​នេះ


​អ្នកវិភាគ​នយោបាយ លើកឡើងថា ឥទ្ធិពល ៧​មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា​លែង​មាន​ប្រជាប្រិយភាព​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទៀត​ហើយ ដោយ​យល់ថា បក្ស​នេះ​គួរ​បង្កើត​យុទ្ធសាស្ត្រ​ថ្មី ដែល​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​បច្ចុប្បន្ន ។​

​កាលពី​ថ្ងៃ​សៅរ៍ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា ក្នុងឱកាស​សន្និបាត​លើក​ទី ៣៨ នៃ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែងថា «​សូម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​កុំ​ដេកស៊ី​កេរ ៧ មករា តែ​ត្រូវ​សកម្ម​លើកកម្ពស់​ការបម្រើ ពិសេស​តម្រូវការ​ពល​រដ្ឋ​ដែល​វិវត្ត​តាម​សម័យកាល» ។​

​សាស្ត្រាចារ្យ​នយោបាយ​លោក សូ ចន្ថា មានប្រសាសន៍ថា កន្លង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​យុទ្ធសាស្ត្រ ៧​មករា ដើម្បី​ទាក់ទាញ​ការគាំទ្រ ជា​ពិសេស​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម និង​មនុស្ស​ចាស់ៗ​ជាដើម ។ តែ​លោក​ថា បច្ចុប្បន្ននេះ យុវជន​ភាគច្រើន​មិន​ឲ្យ​តម្លៃ​ថ្ងៃ​៧​មករា នោះឡើយ ។ 

​លោក សូ ចន្ថា មានប្រសាសន៍ថា «​ឥទ្ធិពល​នៃ​ថ្ងៃ​៧​មករា គឺ​លែងមានទៀតហើយ ជាពិសេស​ក្រុម​យុវជន​ដែល​ទើប​គ្រប់​អាយុ​ទៅ​បោះឆ្នោត ។ ក្រុមយុវជន​ហ្នឹង គេ​អត់​ស្គាល់​អត់​យល់​ពី ៧ មករា​ទេ ប៉ុន្តែ​អ្វី​ដែល​គេ​ចង់បាន គឺ​ជីវភាព​រស់នៅ​របស់​គេ ប្រសើរ​ជាង​មុន​ឲ្យមាន​យុត្តិធម៌​សង្គម ជា​ពិសេស​មាន​ការងារ​ធ្វើ​សម្រាប់​យុវជន​ទាំង​អស់ហ្នឹង ។ ចឹង​ហើយ​បាន​ជា​នាយករដ្ឋមន្ត្រី​ប្រកាសថា កុំឲ្យ​ផ្តេកផ្តួល​លើ​៧​មករា​ពេក ដោយសារ​ការ​ផ្តេកផ្តួល​ទៅ​សមិទ្ធផល ៧​មករា ហ្នឹងហើយ ដែល​ធ្វើឲ្យ​គណបក្ស​ប្រជាជន​បាត់បង់​កៅអី ២០​អាសនៈ​» ។ 

​លោក សូ ចន្ថា បន្ថែមថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​មាន​ការគាំទ្រ​ច្រើន​ក្រោយ ៧ មករា​នោះ ដោយសារ​ពួកគេ​ជា​មនុស្ស​ចាស់ៗ និង​ពលរដ្ឋ​មួយចំនួន​គិតថា ៧​មករា ជា​ថ្ងៃ​រំដោះជាតិ តែ​លោក​ថា​បច្ចុប្បន្ន​អ្នកគាំទ្រ និង​អ្នក​ប្រឡូក​ឆាកនយោបាយ​ជា​យុវជន​ជំនាន់​ក្រោយ ទើប​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​មួយ​នេះ ធ្លាក់​ចំនួន​អាសនៈ និង​ងាក​មក​ប្រើ​យុទ្ធសាស្ត្រ​ថ្មី ។​

​សម្រាប់​អ្នកវិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ យល់ថា ជា​រឿង​ល្អ​មួយ​ដែល​គណបក្ស​ប្រជាជន​ចាំបាច់​ឈប់​ស៊ី​កេរ​៧​មករា ដោយ​លោក​យល់ថា ជា​រឿង​ហួស​សម័យ​ទៅហើយ ។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា​គួរ​ជជែក​ពី​បញ្ហា​ដែល​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ន និង​ស្វែងរក​ដំណោះស្រាយ​វិញ​ទើប​ជា​ការប្រសើរ ។ 

​លោក អ៊ូ វីរៈ បន្ថែមថា «៧​មករា យូរ​ជ្រុល​ពេក​ហើយ ហើយ​នៅ​ស៊ី​កេរ​មិនដឹង​ដល់​ណា​បន្តទៀត ចឹង​គួរតែ​ព្យាយាម​ជជែក​ពី​បញ្ហា​ដែល​កំពុង​ប្រឈម​បច្ចុប្បន្ន​ហើយ​រកមើល​ដំណោះស្រាយ ដើម្បី​ទស្សនៈវិស័យ ដើម្បី​ជំរុញ​ទៅ​អនាគត​ឲ្យ​ប្រសើរជាង ធ្វើ​ម៉េច​យើង​មើល​ទៅ​មុខ​ខ្លះ​ផង រឿង​៧​មករា តាម​ពិត​មិន​គួរ​បំភ្លេច​ចោល​ទេ ប៉ុន្តែ​តែ​ជា​ការស្រាវជ្រាវ​យល់ដឹង​របស់​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ហើយ​ទទួលស្គាល់​នូវ​ការ​ពិត​ទាំងឡាយ ។ ៧​មករា​ជា​ប្រវត្តិសាស្ត្រ ប៉ុន្តែ​មិន​គួរ​មក​ពាក់ព័ន្ធ​ជាមួយនឹង​ការសម្រេចចិត្ត​គោល​នយោបាយ​នៅ​ពេល​បច្ចុប្បន្ន ព្រោះ​នយោបាយ​បច្ចុប្បន្ន​វា​ទាក់ទង ថា​តើ​យើង​នឹង​ធ្វើ​អី​ដោះស្រាយ​បញ្ហា​អី តើ​យើង​មាន​ទស្សនៈវិស័យ​យ៉ាងម៉េច​សម្រាប់​ប្រទេស​កម្ពុជា​យើង​ទៅ​អា​នាគ​ត នេះ​គឺជា​ប្រធានបទ​នយោបាយ​បច្ចុប្បន្ន​» ។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈឹម ផល​វរុណ ប្រាប់​VOD ដោយ​បញ្ជាក់​បន្ថែមថា អ្វី​ដែល​ជា​សមិទ្ធផល​ជាតិ និង​ជា​ស្នាដៃ​របស់​គណ​ប្រជាជន​កម្ពុជា​គឺ​ផ្តើមចេញ​ពី​ថ្ងៃ ៧​មករា និង​ឈាន​ដល់​មាន​សន្តិភាព​រហូតដល់​សព្វថ្ងៃនេះ ។ លោក​បន្តថា ក្រោយពី ៧ មករា បក្ស​ប្រជាជន​បាន​កសាង​សមិទ្ធផល​ជាច្រើន​ទៀត​រួម​មាន​នយោបាយ​ឈ្នះៗ សន្តិភាព និង​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ផងដែរ ។​

​លោក ឈឹម ផល​វរុណ បន្ថែមថា «​យើង​មាន​សមិទ្ធផល​ច្រើន នៅក្នុង​នោះ​ផ្តើមចេញ​ពី ៧ មករា ១៩៧៩ តែ​យើង​មិនមែន​មាន​តែ ៧​មករា ១៩៧៩​ទេ យើង​មាន​ច្រើន​ទៀត​ដែល​កើតចេញ​ក្រោយ​៧​មករា ១៩៧៩  ចឹង​ហើយស​រុប​ន័យ​មកថា យើង​មិន​ត្រូវ​ស៊ី​តែ​កេរ​៧​មករា​ទេ យើង​មាន​កេរ​ក្រោយ​ផ្សេងៗ​ទៀត បានន័យថា​យើង​មាន​សមិទ្ធផល​ផ្សេងៗ​ទៀត​ក្រោយ​៧​មករា​រហូតមកដល់​ពេលនេះ ដែល​យើង​ត្រូវ​រំឭក​រំលេច​ឲ្យអស់​កុំ​ផ្អែកលើ ៧​មករា​តែ​មួយ យើង​មាន​កេរ​សមិទ្ធិផល​ស្នាដៃ​របស់​យើង​ផ្សេងៗ​ទៀត​» ។ 

​បើ​តាម​លោក ឈឹម ផល​វរុណ ការដែល​លោកនាយក​រដ្ឋមន្ត្រី ប្រាប់​សមាជិក​បក្ស​កុំឲ្យ​ពឹង​លើតែ​គុណសម្បត្តិ ៧ មករា​នោះ មិនមែន​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​បក្ស​នោះ​ទេ គ្រាន់តែ​ចង់​បង្ហាញ​ជូន​សាធារណជន​ឲ្យបាន​ឃើញ​ពី​ស្នាដៃ​ផ្សេងៗ​របស់​រដ្ឋាភិបាល​តាំងពី​ឆ្នាំ ១៩៧៩ ដល់​បច្ចុប្បន្ន និង​សម្រាប់​អា​នាគ​ត ។​

​គណបក្ស​ប្រជាជន​កម្ពុជា​បានចាត់ទុក ថ្ងៃ​៧ ខែ​មករា ឆ្នាំ​១៩៧៩ ជា​ជ័យ​ជន្នះ​លើ​របប​ខ្មែរក្រហម ដោយ​មាន​ការគាំទ្រ​ពី​កងទ័ព​វៀតណាម ។ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​នៅ​តែ​ចាត់ទុកថា ៧ មករា ជា​ថ្ងៃ​ដែល​វៀតណាម​ឈ្លានពាន​ទឹកដី​ខ្មែរ​៕

សូម​សរសេរមក​លោក ឡាយ សា​មាន​ តាម​រយៈ samean@vodhotnews.com

What Next?

Recent Articles

3 Responses to "​អ្នក​វិភាគ​ថា​៧​មករា​អស់​ប្រជាប្រិយភាព ទើប លោក ហ៊ុន សែន មិន​ឲ្យ​បក្ស​ពឹង​តែ​លើ​ថ្ងៃនោះ​​"

  1. CPP ថ្នាក់ក្រោម says:

    ផលវរុណ ចេះតែបកស្រាយបែបភ្លាវៗទៅកើត!!! កុំតែមាន ៧មករា កុំអីគ្មានការបំផ្លាញព្រៃឈើ និងបាត់បង់ដីតាមរយៈសន្ធិសញ្ញាព្រំដែន គ្មានអេដស៍ គ្មានការ៉ាអូខេ គ្មានពេស្យាចារច្រើនដូចថ្ងែនេះទេ។ ពាក្យដែលហ៊ុន សែន និយាយនេះ គឺខ្ញុំបាននិយាយមុនលោក​ហ៊ុន សែន យូរមកហើយ (រហូតមានសមាជិក CPP ខ្លះចោទខ្ញុំថាជា បក្សប្រឆាំងទៀតផង) តែនៅពេល ហ៊ុន សែន និយាយការពិត បែរជាអា ខ្មៅ វរុណ ក្រឡាច់អត្ថន័យទៅវិញ។

  2. Judge says:

    7 January 79 is simply a political trick.
    Khmer believes in Buddhism. Gratitude is main part of teaching in Buddhism.
    It becomes tradition in Buddhist. Any ceremonial function, gratitude is emphasized. It is a social link and also harmonies relationship in family, likewise in society.
    To control, Vietnam has used it to curb Cambodians not to fight back.
    Knowing khmer psychological patterns is vitally important. Anger is triggered by frustration. Frustration itself rooted by ignorance (due to less information and process oof information). That’s why 2.5 millions of Cambodians were turned to one another, in the name of ” ENEMY ” by so called ” Angkar. ”
    This is proven by the last phase of ” Eradication. ” of last Cambodian Human resources.
    Khmer compatriots still rise against colonization.
    That’s why this CHEAP trick is not effective.
    You can fool the blind once or twice but not Cambodian compatriots.
    This is only believed by those who lost their conscience by dirty tricks , woman, Alcohol and gambling. Some are still being cheated by Enemy ideology.
    Your time is up. Bad dream will never last forever.
    Accept to the wrong you done is the best choice.
    Please stop being ” Leehov ” who serve anyone by repay to a meal.
    Samneang

  3. . says:

    “៧មករា” គឺជារបស់ខ្មែរទូទៅ។​ ស៊ីភីភី នឹងអស់តំលៃ បើនៅតែព្យាយាមអោបក្រសោប “៧មករា” មកធ្វើជាកម្មសិទ្ធផ្តាច់មុខរបស់ខ្លួន។ ហើយCNRP ក៏កាន់តែសាបតំលៃ បើនៅតែចោទ “៧មករា” ថាជាសត្រូវរបស់ខ្លួន។