ចោរ​លួច​គាល់​ទូ ATM របស់​ធនាគារ​កាណាឌីយ៉ា​និង​អេ.អិន.ហ្សិត​នៅ​សៀមរាប

ដោយ ហង្ស សាវយុត
2015-06-22
RFA

អេ.ធី.អឹម (ATM) សៀមរាប ៦២០
ទូ អេ.ធី.អឹម (ATM) របស់​ធនាគារ​កាណាឌីយ៉ា (Canadia) និង​ធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ (AZN Royal) ដែល​ដាក់​បម្រើ​សេវា​នៅ​ក្នុង​ផ្សារ​ទំនើប​ឡាក់គី​ម៉ល (Lucky Mall) នា​ភូមិ​មណ្ឌល២ សង្កាត់​ស្វាយដង្គំ កណ្ដាល​ទីក្រុង​សៀមរាប។ រូបថត​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៥ (RFA/Hang Savyouth)


ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​បាន​លួច​គាស់​ប្រអប់ អេ.ធី.អឹម (ATM) របស់​ធនាគារ​កាណាឌីយ៉ា (Canadia) និង​ធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ (AZN Royal) ដែល​ដាក់​បម្រើ​សេវា​នៅ​ក្នុង​ផ្សារ​ទំនើប​ឡាក់គី​ម៉ល (Lucky Mall) នា​ភូមិ​មណ្ឌល២ សង្កាត់​ស្វាយដង្គំ កណ្ដាល​ទីក្រុង​សៀមរាប។

ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប ទទួល​បន្ទុក​ព្រហ្មទណ្ឌ គឺ​លោក ថង សាគុណ។ លោក​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​មិថុនា ថា សកម្មភាព​លួច​គាស់​ទូ​លុយ អេ.ធី.អឹម របស់​ធនាគារ​នេះ បាន​កើត​ឡើង​កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​អាទិត្យ ទី​២១ ចូល​មក​ថ្ងៃ​ទី​២២ ខែ​មិថុនា។ លោក ថង សាគុណ បញ្ជាក់​ទៀត​ថា ទូ​លុយ អេ.ធី.អឹម ដែល​ដាក់​បម្រើ​សេវា​នៅ​ក្នុង​ផ្សារ​ទំនើប​នោះ មាន​ទាំងអស់​ចំនួន​៦ ក៏ប៉ុន្តែ​ទូ​ចំនួន​២ ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​គាស់​យក​បាន​ប្រាក់​ជាច្រើន​ម៉ឺន​ដុល្លារ​អាមេរិក និង​ជាច្រើន​លាន​រៀល៖ «យើង​បាន​ទទួល​ផ្លូវ​ការ​ពី​ខាង​ធនាគារ​កាណាឌីយ៉ា គេ​ដាក់​ប្ដឹង​ទារ​សំណង​ពី​ម្ចាស់​ផ្សារ​ឡាក់គី​ម៉ល គឺ​លុយ​ដុល្លារ​ជាង ៦​ម៉ឺន និង​លុយ​ខ្មែរ​ជាង ៩​លាន​រៀល ចំណែ អេ.អិន.ហ្សិត រ៉ូយ៉ាល់ មិន​ទាន់​ឃើញ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ឡើយ»

ប៉ូលិស​សន្និដ្ឋាន​ថា ជន​ដែល​លួច​គាស់​ទូ អេ.ធី.អឹម យក​លុយ​នេះ ទំនង​ជា​ស្ថិត​នៅ​ក្នុង​ចំណោម​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ផ្សារ ពីព្រោះ​តែ​គេ​មាន​បច្ចេកទេស​ច្បាស់លាស់​មិន​ឲ្យ​កាមេរ៉ា​សុវត្ថិភាព​ចាប់​រូបភាព​នៃ​សកម្មភាព​ទាំង​នោះ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles