ដោយ ឡេង ម៉ាលី
2015-06-22
RFA

ទិដ្ឋភាពនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៩។ Photo courtesy of ECCC
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បន្តធ្វើសវនាការស្ដាប់សាក្សី សែម ហឿន ហៅ សែម គីម ពេញមួយថ្ងៃនៅថ្ងៃទី២២ មិថុនា។ សាក្សីរូបនេះ ត្រូវបានគេបញ្ជូនទៅលត់ដំនៅការដ្ឋានធ្វើវាលយន្តហោះខេត្ត កំពង់ឆ្នាំង ដោយសារតែជាប់ពាក់ព័ន្ធផែនការក្បត់នឹងអង្គការរបបកម្ពុជា ប្រជាធិបតេយ្យ។
សាក្សី សែម ហឿន ដែលជាអតីតយោធិននៅកងពលលេខ៣១០ នៃកងទ័ពខ្មែរក្រហម បានបញ្ជាក់ជូនអង្គជំនុំជម្រះសាលាដំបូង នៅថ្ងៃទី២២ មិថុនា ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពិតជាមានផែនការក្បត់ដោយធ្វើរដ្ឋប្រហារ។
សាក្សី សែម ហឿន បញ្ជាក់ទៀតថា លោកត្រូវបានមេបញ្ជាការកងពលលោក ឈ្មោះ អឿន បញ្ជាឲ្យដឹកនាំកម្លាំងមួយកងអនុសេនាតូច និងដឹកអាវុធយកទៅលាក់នៅខេត្តកំពង់ចាម ក្នុងភូមិភាគបូព៌ា ដើម្បីត្រៀមវាយរំលំរបបកម្ពុជាប្រជាធិបតេយ្យ៖ «គឺខ្ញុំបានដឹកទៅដល់កំពង់ចាម ខ្ញុំបានប្រគល់ទៅគណៈតំបន់ឈ្មោះ តុល តែគេយកទៅទុកកន្លែងណាៗ គឺខ្ញុំអត់បានដឹងដែរ។ ខ្ញុំដឹកទៅហ្នឹង គឺខ្ញុំចាំរយៈមួយខែ បានវាបែកការទៅបាន គេចាប់ឈ្មោះ អឿន ហ្នឹងទៅក៏ដាច់រយៈគ្នាទៅ។ ខ្ញុំបានដឹកនាំចប់សព្វគ្រប់រហូតទាល់តែគេចាប់ខ្លួនគាត់ ដាច់ខ្សែរយៈគ្នា ក៏បំបែកគ្នាទៅ»។
លោកថ្លែងទៀតថា មេបញ្ជាការកងពលលោក ឈ្មោះ អឿន បានលួចបង្កើតកម្លាំងកងទ័ពសម្ងាត់ដោយមានឈ្មោះថា ខ្មែរស នៅក្នុងកងពល៣១០ នោះ។ ប៉ុន្តែផែនការវាយរំលំរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវវាយកាន់កាប់វាលយន្តហោះពោធិ៍ចិនតុង នៅពេលនោះ ត្រូវបែកការ ហើយមេបញ្ជាការកងពលរបស់លោកឈ្មោះ អឿន ត្រូវចាប់ខ្លួន។
លោក សែម ហឿន មិនបានដឹងថា ចលនាប្រឆាំងនោះកើតមានតាំងពីពេលណាទេ គ្រាន់តែដឹងថា ត្រូវធ្វើសកម្មភាពនៅឆ្នាំ១៩៧៧ ដើម្បីគេចចេញពីរបបកម្ពុជាប្រជាធិបតេយ្យ៖ «ផែនការ គឺផែនការតែមួយ ខាងបូព៌ា គឺផ្ទុះនៅបូព៌ា ភូមិភាគឧត្ដរ គឺផ្ទុះតាមភូមិភាគឧត្ដរ។ ខ្ញុំអត់ក្ដាប់បានពីគាត់រៀបចំផែនការពីដំណាក់កាលណាមក គឺខ្ញុំអត់បានដឹងទេ។ គាត់ដឹកនាំគ្រាន់តែប្រាប់ថា យើងរស់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺនៅមិនបានទេ។ យើងត្រូវតែរើបម្រះចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ទើបយើងបានរស់។ អ៊ីចឹង មានតែយើងបង្កើតរបបមួយ យើងសើរើ ហើយវាយរំលំរបបកម្ពុជាប្រជាធិបតេយ្យ។ ខ្ញុំបានដឹងតែប៉ុណ្ណឹង»។
លោកឲ្យដឹងថា លោកបានរួចពីការចាប់ខ្លួន ដោយសារតែលោកដូរប្រវត្តិរូប និងដូរទីកំណើត។ លោកប្រាប់មេធាវីការពារក្ដីជនជាប់ចោទ នួន ជា ថា មេកងពល៣១០ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការវាយរំលំរបបកម្ពុជាប្រជាធិបតេយ្យ នៅអគារខាងត្បូងមន្ទីរពេទ្យព្រះកេតុមាលា និងខាងជើងវត្តភ្នំ។
សាក្សីរូបនេះបន្តថា លោកក៏ធ្លាប់ឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកងពលលេខ៣១០ នោះដែរ។ ប៉ុន្តែលោកមិនឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមប្រជុំនៅពេលនោះទេ។ លោក សែម ហឿន ថ្លែងថា ក្រោយពេលមេបញ្ជាការឈ្មោះ អឿន ត្រូវចាប់ខ្លួន យុទ្ធជននៅក្នុងកងពលនោះ ក៏ចោទប្រកាន់ថាជាប់និន្នាការក្បត់ ហើយត្រូវបានបញ្ជូនទៅធ្វើការងារលត់ដំនៅការដ្ឋានសង់វាលយន្តហោះ ខេត្តកំពង់ឆ្នាំង ដូចសាក្សីមុនៗជម្រាបអង្គជំនុំជម្រះដែរ។ ការផ្ដល់សក្ខីកម្មរបស់សាក្សី សែម ហឿន នៅមិនទាន់ចប់ទេ ហើយលោកនឹងត្រូវមកផ្ដល់សក្ខីកម្មបន្តនៅថ្ងៃអង្គារ ទី២៣ មិថុនា ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ព្រះមហាក្សត្រតែងតាំងចៅក្រមអន្តរជាតិថ្មីចំនួន២រូបនៅសាលាក្ដីខ្មែរក្រហម
- សាក្សីប្រាប់ថានៅការដ្ឋានខេត្តកំពង់ឆ្នាំងខ្មែរក្រហមធ្វើទារុណកម្មមនុស្សដោយឆក់ខ្សែភ្លើង
- សាលាក្ដីខ្មែរក្រហមស្ដាប់សាក្សីជាអតីតកងឈ្លបអំពីការសម្លាប់មនុស្សនៅខេត្តកំពង់ធំ
- សាលាក្ដីខ្មែរក្រហមបន្តសវនាការស្ដាប់សាក្សីស្ដីពីការងារដោយបង្ខំនៅការដ្ឋានសាងសង់
- រដ្ឋាភិបាល៖ ការភ្ជាប់មរណភាពលោក ជា ស៊ីម ទៅសាលាក្ដីខ្មែរក្រហមជារឿមួលបង្កាច់
- ទស្សនៈសង្គមស៊ីវិលធ្វើការពាក់ព័ន្ធសាលាក្ដីខ្មែរក្រហមចំពោះមរណភាពលោក ជា ស៊ីម
- សាក្សីអះអាងថាការងារនិងស្ថានភាពរស់នៅរបស់កម្មករនៅការដ្ឋានកំពង់ឆ្នាំងលំបាកខ្លាំង
- សាលាក្ដីខ្មែរក្រហមស្ដាប់សាក្សីស្ដីពីការងារដោយបង្ខំនៅការដ្ឋានសាងសង់កំពង់ឆ្នាំង
- សាលាក្ដីខ្មែរក្រហមគ្រោងធ្វើសវនាការបណ្ដឹងសាទុក្ខសំណុំរឿង០០២វគ្គ១នៅដើមខែកក្កដា