សាវិន ហ្វី​លីព ប្រកាស​ធ្វើ​បុណ្យ​ឲ្យ​ដូនចា​ស់វ័យ​១១៦​ឆ្នាំ​

ដោយ៖​ វង្ស សុម៉ាលីន​ | ថ្ងៃអង្គារ ទី23 មិថុនា 2015, 08:43 AM​
http://vodhotnews.com


លោក សាវិន ហ្វី​លីព និង​ដូន​ចាស់​នៅ​មុខ​សំណង់​បង្គន់ និង​បន្ទប់ទឹក​អនាម័យ (រូប​ពី​ហ្វេសប៊ុក​លោក សាវិន ហ្វី​លីព)


​បន្ថែម​ពី​លើ​គម្រោង​សាងសង់​បន្ទប់ទឹក និង​បង្គន់​អនាម័យ​ជូន​ដល់​ដូនចាស់​វ័យ​១១៦​ឆ្នាំ នៅ​ខេត្ត​កំពង់ស្ពឺ លោក សាវិន ហ្វី​លីព ម្ចាស់​មូលនិធិ​កុមារ​សាវិន​កម្ពុជា និង​ជា​តារាភាពយន្ត​មួយរូប ក៏​ប្រកាស​ពី​គម្រោង​ធ្វើបុណ្យ​ជូន​ដល់​ដូនចាស់​រូបនោះ​ក្នុង​ពេល​ខាង​មុខ​ផង​ដែរ ។ លោក​ចាត់ទុកថា លោកយាយ​គឺជា​ស្ត្រី​ទុរគត​ដែល​ចាស់​ជាង​គេ​តែ​ម្នាក់​គត់ ដែល​លោក​បាន​ជួប​នៅ​កម្ពុជា ដែល​គួរតែ​មាន​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ធំ​មួយ នៅមុន​ដង្ហើមចុងក្រោយ ។

​លោក សាវិន ហ្វី​លីព មានប្រសាសន៍ថា លោកយាយ​វ័យ​១១៦​ឆ្នាំ ដែល​លោក​ផ្ដោត​ការយកចិត្តទុកដាក់​នេះ មានឈ្មោះ​ថា ប៉ែន រី រស់នៅ​ក្នុង​ភូមិ​ជ័យ​ថ្មី ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។ លោកយាយ​មាន​តែ​កូនប្រុស​ម្នាក់​វ័យ​៧០​ឆ្នាំ  និង​ចៅ​២​នាក់ ជា​អ្នក​ផ្ដល់​ការ​ទំនុកបម្រុង​ប៉ុណ្ណោះ ខណៈ​ដែល​ស្ថានភាព​រស់នៅ​ទោះ​មិន​យ៉ាប់យ៉ឺន​ពេក ក៏​គួរឲ្យ​សង្វេគ​ណាស់ដែរ ។ ការពិបាក​ជាងគេ គឺ​លោកយាយ​ត្រូវ​កាន់​ឈើច្រត់​ដើរ​យ៉ាងហោច​ពី​៥០​ទៅ​១០០​ម៉ែត្រ ទៅ​បន្ទោ​របង់​ក្នុងព្រៃ​ក្រោយ​ផ្ទះ ដោយសារ​តែ​នៅ​ក្បែរ​ផ្ទះ មិន​មាន​បង្គន់​ប្រើប្រាស់​ ។​

​លោក សាវិន ហ្វី​លីព បន្តថា «​គាត់​ឆ្នាំ​ហ្នឹង​១១៦​ហើយ ប៉ុន្តែ​នៅ​មាំ ដើរ​បាន ហើយ​នៅ​ដឹង​ទាំងអស់ គ្រាន់តែ​គាត់​អស់​ធ្មេញ​ពិសារ​អី​មិនសូវ​កើត​ប៉ុណ្ណោះ អញ្ចឹង​ហើយ​ទើប​ខ្ញុំ​អាណិត​គាត់​ដែល​ចាស់​ហើយ​ត្រូវ​ដើរ​ទៅ​បន្ទោ​របង់​ឆ្ងាយ​ផ្ទះ សុខចិត្ត​រក​លុយ​មក​ធ្វើ​បង្គន់​ឲ្យ​គាត់​»​។ មកទល់ពេលនេះ បង្គន់​អនាម័យ​ទំហំ​៣​ម៉ែត្រ​បួន​ជ្រុង ដែល​មាន​កន្លែង​ងូតទឹក​ផង សាងសង់​បាន​ជាង​៦០​ភាគរយ​ហើយ បើ​ទោះ​ជា​ប្រាក់​ជំនួយ​ដែល​ត្រូវ​ប្រើ​ចំណាយ​តិច​ជាង​តម្រូវការ​ជាក់ស្ដែង ។​

​យ៉ាងណាក៏ដោយ លោក​ថា បង្គន់ និង​បន្ទប់ទឹក​អនាម័យ​នេះ​មិន​បាន​ប្រគល់​ឲ្យ​ផ្ដាច់​មុខជា​កម្មសិទ្ធិ​របស់​លោកយាយ និង​ក្រុមគ្រួសារ​នោះទេ បើ​ទោះជា​ត្រូវ​សាងសង់​នៅលើ​ដី​កម្មសិទ្ធិ​របស់​លោកយាយ ។ លោក​សាវិន ហ្វី​លីព ឲ្យដឹងថា «​បង្គន់​ហ្នឹង​ខ្ញុំ​សង់​តែ​៥​ម៉ែត្រ​ទេពី​កន្លែង​សម្រាក​របស់គាត់ ហើយ​បើ​អស់​ពី​គាត់​ទៅ បង្គន់​ហ្នឹង​ខ្ញុំ​ប្រាប់​មេភូមិ​ថា​នឹង​ឲ្យ​ស្ត្រីៗ និង​អ្នកភូមិ​ដែល​ខ្វះខាត​បង្គន់​ប្រើប្រាស់​អាច​ប្រើ​រួម​នៅ​ក្នុង​សហ​គន៍​បាន ដោយសារ​តែ​នៅ​ហ្នឹង​ក៏​មិន​មាន​លទ្ធភាព​សង់​បង្គ​ន់​ប្រើ​ឲ្យ​សមរម្យ​ដែរ ។ បញ្ហា​នេះ លោកយាយ និង​កូនចៅ​គាត់​បាន​យល់ព្រម​រួចហើយ ដោយសារ​លោកយាយ​ក៏​ចង់​ធ្វើ​បុណ្យ ដើម្បី​ឲ្យ​បង្គ​ន់បាន​ក្លាយជា​ប្រយោជន៍ ក្រោយ​ពេល​អត់​ពី​គាត់​»​។​

​ក្រៅពី​សប្បាយចិត្ត​នឹង​ទទួលបាន​បង្គន់ លោកយាយ​គឺ​មាន​បំណង​ធំ​មួយ​ទៀត គឺ​ចង់​ធ្វើបុណ្យ មុនពេល​ដែល​ខ្លួន​ស្លាប់ទៅ អញ្ចឹង​ហើយ​ទើប​លោក​ប្រកាស​ពី​គម្រោង​កៀរគរ​រក​ជំនួយ ដើម្បី​សម្រេច​បំណង​នេះ​របស់​លោកយាយ ។ លោក សាវិន ហ្វី​លីព រៀបរាប់ថា «​ការពិត​គាត់​ចង់​ត្រឹមតែ​សូត្រមន្ត​សង្ឃទាន​អី​ទេ ហើយ​ត្រឹម​ប៉ុណ្ណឹង​ខ្ញុំ​ក៏​អាច​ចេញ​លុយ​ខ្ញុំ​ធ្វើឲ្យ​គាត់​បានដែរ ប៉ុន្តែ​មក​ពី​ខ្ញុំ​គិតថា​គាត់​អាយុ​១១៦​ឆ្នាំ​គឺ​ច្រើនជាងគេ ទើប​ខ្ញុំ​ចង់​ធ្វើ​បុណ្យ​ចម្រើន​អាយុ​ឲ្យ​គាត់​តែ​ម្ដង ដើម្បី​ឲ្យ​គាត់​កាន់តែ​មាន​អាយុ​វែង និង​ដើម្បី​ឲ្យ​គាត់​សប្បាយចិត្ត​»​។​

​លោក​អំពាវនាវ​ឲ្យមាន​វប្បធម៌​ចែករំលែក​តាម​តែ​អាច​ធ្វើទៅបាន ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​លោកយាយ​វ័យ​១១៦​ឆ្នាំ មាន​ឱកាស​ធ្វើ​បុណ្យ​នៅមុន​ដង្ហើមចុងក្រោយ ។ លោក​បន្តថា ​«​សម្រាប់​ខ្ញុំ ចង់​តែ​ធ្វើ​បុណ្យ​ហ្នឹង​(​ចម្រើន​ព្រះជន្ម​)​ឲ្យ​គាត់​ទេ ប៉ុន្តែ​បើ​រក​ជំនួយ​មិន​បាន ខ្ញុំ​នឹង​បង្វែរ​ជា​សង្ឃទាន​សូត្រមន្ត​ឲ្យ​គាត់​វិញ ព្រោះ​គាត់​ចាស់​ហើយ  មិន​អាច​ទៅ​ចាំ​យូរពេក​ទេ គឺ​ចង់​ធ្វើបុណ្យ​ឲ្យ​គាត់​ឆាប់ៗ​»​

​លោក សាវិន ហ្វី​លីព នៅតែ​រំពឹងថា​មូលនិធិ​ដែល​ខ្លួន​ស្វះស្វែង​ទទួលបាន​ការសហការ​រហូត​អាច​ធ្វើ​បុណ្យ​ធំដុំ គឺ​បុណ្យចម្រើនព្រះជន្ម​ឲ្យ​លោកយាយ ប៉ែន រី តាម​ការគ្រោងទុក ដោយសារ​តែ​លោកយាយ​ក៏​ជា​ចាស់ជរា​ដែលមាន​អាយុ​ច្រើន និង​ទទួល​ការចាប់អារម្មណ៍​បន្ទាប់ពី​មាន​ការដឹងឮ ។ នា​ពេល​ថ្មីៗ លោកយាយ​ត្រូវ​គេ​ឃើញ​ទទួលបាន​ជំនួយ​ជា​ថវិកា និង​ជា​គ្រឿងឧបភោគ​បរិភោគ​ពី​តារា​សិល្បៈ និង​សប្បុរសជន​ផ្សេង​ទៀត​ផង​ដែរ បន្ថែម​ពីលើ​ជំនួយ​របស់​លោក សាវិន ហ្វី​លីព ៕

សូម​សរសេរ​មក​លោក ​វង្ស សុ​ម៉ា​លីន តាម​រយៈ vongsomalin@yahoo.com 

 

What Next?

Recent Articles

One Response to "សាវិន ហ្វី​លីព ប្រកាស​ធ្វើ​បុណ្យ​ឲ្យ​ដូនចា​ស់វ័យ​១១៦​ឆ្នាំ​"

  1. Battambang says:

    បើគាត់អាយុ១១៦ឆ្នាំពិតមែន គួរតែស្នើទៅអង្គការ​ ទទួលបន្ទុកកំណត់ត្រាពិភពលោកអោយដាក់

    គាត់ទៅក្នុងសៀវភៅកំណត់ត្រាពិភពលោកទៅ។