ដោយ ខែ សុណង
2015-07-10
RFA

នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ក្រុងតាខ្មៅ ខេត្តកណ្ដាល អនុសេនីយ៍ទោ សយ ចាន់ ផ្ដល់បទសម្ភាសន៍ពេលធ្វើយុទ្ធនាការ “ប្ដីល្អ” ដើម្បីកាត់បន្ថយអំពើហិង្សាលើស្ត្រី នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០១៥។ RFA/Khe Sonorng
បុរសល្អផ្ដល់តម្លៃឲ្យស្ត្រី គឺជាឈ្មោះយុទ្ធនាការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ ក្នុងឆ្នាំ២០១៥ នេះ ស្ថាប័នពាក់ព័ន្ធបានរៀបចំឡើងដោយដើរផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងចែកលិខិតប័ណ្ណនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា។
កងកម្លាំងប្រដាប់អាវុធ គឺជាក្រុមគោលដៅនៃការផ្សព្វផ្សាយក្នុងយុទ្ធនាការបុរសល្អ ឲ្យចូលរួមប្រឆាំង ទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាលើស្ត្រី និងក្មេងស្រីនៅឆ្នាំ២០១៥នេះ។
ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី អ្នកស្រី កេត ម៉ារឌី មានប្រសាសន៍នៅក្នុងយុទ្ធនាការនោះថា ការចូលរួមពីមន្ត្រីកម្លាំងប្រដាប់អាវុធ គឺជាការសម្ដែងឲ្យឃើញនៅទឹកចិត្តឆន្ទៈចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។
អ្នកស្រីបញ្ជាក់ថា អំពើហិង្សាគឺភាគច្រើនបានប្រព្រឹត្តដោយបុរសមកលើស្ត្រីជាជនរងគ្រោះ៖ «ត្រង់ហ្នឹងនេះហើយ បានយើងចង់លើកកម្ពស់ឲ្យបុរសចូលរួមឲ្យបានច្រើន ពិសេសមន្ត្រីកងកម្លាំងប្រដាប់អាវុធ ដែលជាកម្លាំងឈានមុខក្នុងការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាលើស្ត្រី»។
កងកម្លាំងខេមរភូមិន្ទ នគរបាល និងមន្ត្រីកងរាជអាវុធហត្ថ មន្ត្រីក្រសួងកិច្ចការនារី គរុសិស្ស និងសង្គមស៊ីវិល ប្រមាណ ៤០០នាក់ បានរួមគ្នាធ្វើយុទ្ធនាការបុរសល្អទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី១០ ខែកក្កដា។
ប្រធានផ្នែកទំនាក់ទំនងនៃអង្គការសន្តិភាពនិងអភិវឌ្ឍន៍ អ្នកស្រី គឹម ធីតាកល្យាណី បង្ហាញថា យុទ្ធនាការបុរសល្អគឺផ្ដោតសំខាន់លើការទប់ស្កាត់ជាបឋមមុនពេលដែលអំពើហិង្សាកើតឡើងលើក្រុមគោលដៅជាបុរសទូទាំងប្រទេសកម្ពុជា ដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់ ៤៩ឆ្នាំ។
អ្នកស្រីបន្តថា ក្រុមកម្លាំងប្រដាប់អាវុធគឺជាក្រុមគោលដៅសំខាន់មួយ នៅពេលដែលពួកគេបានចូលរួមយុទ្ធនាការនេះ និងយល់ដឹងពីបញ្ហាយេនឌ័រ គឺជាជំនួយដ៏សំខាន់ក្នុងការជួយពួកគេក្នុងការអនុវត្តការងារ៖ «ក្រុមកម្លាំងប្រដាប់អាវុធគឺគាត់មានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសអំពើហិង្សាលើស្ត្រីនៅក្នុងសហគមន៍»។
នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ក្រុងតាខ្មៅ ខេត្តកណ្ដាល អនុសេនីយ៍ទោ សយ ចាន់ ដែលបានដឹកនាំកម្លាំងចូលរួមយុទ្ធនាការនេះ ថ្លែងដោយរីករាយថា មន្ត្រីកងកម្លាំងប្រដាប់អាវុធកាន់តែយល់ជ្រាបពីបញ្ហានេះ និងអាចចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី និងហិង្សាក្នុងគ្រួសារ រួមទាំងនៅក្នុងសង្គមជាតិ៖ «មានកម្មវិធីហ្នឹងកើតឡើង គាត់អាចយល់ច្បាស់ច្រើន និងអាចជួយកាត់បន្ថយអំពើហិង្សា»។
របាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ៤រួមគ្នា ចេញផ្សាយកាលពីចុងឆ្នាំ២០១៣ ស្ដីពីវប្បធម៌នៃអំពើហិង្សាលើស្ត្រីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញថា មានបុរសកម្ពុជា ម្នាក់ ក្នុងចំណោម ៥នាក់ អាយុចាប់ពី ១៨ឆ្នាំ ដល់ ៤៩ឆ្នាំ បានសារភាពថា ខ្លួនមានបទពិសោធន៍ធ្លាប់រំលោភសេពសន្ថវៈ។ ផ្អែកលើការស្រាវជ្រាវនេះ អ្នកជំនាញយល់ថា បុរសដែលមានតួនាទីជាអ្នកតាក់តែងច្បាប់ នគរបាល កងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថជាដើម មានសក្ដានុពលយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយអត្រាអំពើហិង្សាលើស្ត្រី និងក្មេងស្រីនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គណៈកម្មាធិការលើកស្ទួយស្ត្រីស្នើឲ្យដកលោកឧកញ៉ា សុក ប៊ុន ចេញពីងារជាឧកញ៉ា
- សង្គមស៊ីវិលនឹងតវ៉ាទ្រង់ទ្រាយធំនៅថ្ងៃសភាប្រជុំអនុម័តច្បាប់អង្គការ
- អតីតពិធីការិនីទូរទស្សន៍ទទូចឲ្យអាជ្ញាធរតាមចាប់ឧកញ៉ាប្រើហិង្សាមកផ្ដន្ទាទោស
- សាច់ញាតិពលករខ្មែរដែលថៅកែបាញ់សម្លាប់នៅប្រទេសថៃអំពាវនាវរកយុត្តិធម៌
- សង្គមស៊ីវិលថាច្បាប់គ្រប់គ្រងសមាគមអង្គការគឺដូចសម្លមានថ្នាំពុល
- ជនពិការស្នើសុំបណ្ដាញផ្សព្វផ្សាយបើកទូលាយសិទ្ធិទទួលបានព័ត៌មាន
- ជនអនាថានៅមណ្ឌលព្រៃស្ពឺដង្ហោយរកកិច្ចអន្តរាគមន៍ដើម្បីបានចេញមកក្រៅ
- សង្គមស៊ីវិលរិះគន់សិក្ខាសាលារបស់រដ្ឋសភាស្តីពីច្បាប់គ្រប់គ្រងអង្គការ
- ចម្រៀង”ខ្ញុំមិនសុខចិត្តទេ”ត្រូវបានអ្នកប្រឆាំងច្បាប់អង្គការយកមកកែទំនុកច្រៀងពេលតវ៉ា