ពលករ​​ដែល​ត្រូវ​បាន​សង្គ្រោះ​ពី​ការ​ជួញដូរ​នៅ​ក្រៅ​ប្រទេស​ប្រឈម​នឹង​ភាព​​គ្មាន​មុខ​របរ

ដោយ ហង្ស សាវយុត
2015-07-10
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពលករ​ខ្មែរ​ដែល​បញ្ជូន​ពី ​ឥណ្ឌូនេស៊ី ៦២០
ពលករ​ខ្មែរ​ដែល​បញ្ជូន​ពី​ឥណ្ឌូនេស៊ី មក​ដល់​រាជធានី​ភ្នំពេញនៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៥។ RFA/Sireymuny


បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ម៉ឺន​នាក់ កំពុង​នាំគ្នា​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​ប្រទេស​ជិត​ខាង ដូចជា​ប្រទេស​ថៃ ម៉ាឡេស៊ី ​និង​កូរ៉េ ជាដើម ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​ជា​កម្មករ។ ពួកគេ​ភាគ​ច្រើន​មាន​កម្រិត​អប់រំ​តិចតួច ដែល​ពិបាក​រក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក។ កម្មករ​មួយ​ចំនួន​ក៏​ត្រូវ​បាន​គេ​​​​​ជួញ​ដូរ​ឱ្យ​ធ្វើ​ការងារ​ធ្ងន់ធ្ងរ ឬ​ក៏​ធ្វើ​ការ​​​នៅ​លើ​ទូក​នេសាទ​តាម​សមុទ្រ​ជាដើម។

ក្រុម​កម្មករ​ ចំណាក​ស្រុក​ទាំង​នោះ នៅ​តែ​ជា​អ្នក​​​ប្រឈម​មុខ​នឹង​បញ្ហា ទាំង​នៅ​ក្រៅ​ប្រទេស​ដែល​ត្រូវ​គេ​ជួញដូរ​ទៅ និង​ទាំង​ពេល​​​​ត្រូវ​បាន​រំដោះ ហើយ​បញ្ជូន​ឱ្យ​ត្រឡប់​មក​ជួប​ជុំ​គ្រួសារ​វិញ ដោយសារ​តែ​ពួកគេ​មាន​បញ្ហា​​តែម្យ៉ាង គឺ​គ្មាន​ការងារ ​និង​​រក​កម្រៃ​ចិញ្ចឹម​ជីវិត​ឱ្យ​បាន​សមរម្យ។

​ពលករ​ខ្មែរ​មួយ​ ចំនួន​ដែល​ធ្លាប់​ទទួល​រង​ការ​ជួញដូរ​នៅ​ក្រៅ​ប្រទេស ហើយ​ត្រូវ​បាន​អាជ្ញាធរ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​រំដោះ​បញ្ជូន​ត្រឡប់​មក​ផ្ទះសម្បែង​វិញ បាន​ត្អូញត្អែរ​ថា ពួកគេ​នៅតែ​ប្រឈមមុខ​នឹង​ភាព​គ្មាន​ការងារ​ធ្វើ ដើម្បី​រក​កម្រៃ​ជួយ​ដល់​គ្រួសារ​ឱ្យ​បាន​សមរម្យ​ទេ។ បញ្ហា​ទាំង​នេះ នៅ​តែ​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​ធានា​ទៅ​លើ​ការ​រស់​ក្នុង​ស្រុក​ភូមិ​បាន​ជាប់​ លាប់ ដោយ​មិន​ធ្វើ​ចំណាក​ស្រុក​ជា​ថ្មី​ទៀត​ណាស់។

កាល​ពី​ពាក់​ កណ្ដាល​ខែ​មិថុនា កន្លង​ទៅ រដ្ឋាភិបាល​ខ្មែរ​និង​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​រំដោះ​ពលករ​ខ្មែរ ដែល​គេ​ជួញដូរ​នៅ​លើ​ទូក​នេសាទ​ចំនួន ២៣០​នាក់ ហើយ​បញ្ជូន​ត្រឡប់​មក​ស្រុក​កំណើត​ពួកគេ​វិញ។

​ក្នុង​ចំណោម​ពលករ​ ចំនួន ២៣០​នាក់​នោះ គឺ ៩​នាក់ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប។ យុវជន​ឈ្មោះ ឃ្លី លី អាយុ ២៧​ឆ្នាំ រស់​នៅ​ភូមិ​ម្កាក់ ឃុំ​ធ្លកលើ នៃ​ស្រុក​ជីក្រែង គឺ​ជា​ពលករ​ម្នាក់​ក្នុង​ចំណោម​ពលករ​ជា​ច្រើន​ទៀត ដែល​រំដោះ​ចេញ​ពី​ការ​ជួញដូរ​តាម​ទូក​នេសាទ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី។ គាត់​មាន​ប្រសាសន៍​ថា គាត់​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត និង​ក្រុម​គ្រួសារ​តាំង​តែ​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០០៩។ ជា​ដំបូង​គាត់​ត្រូវ​បាន​មេខ្យល់​នាំ​យក​ទៅ​លក់​ឱ្យ​ថៅកែ​នៅ​ក្នុង​ប្រទេស​ ថៃ ហើយ​ថៅកែ​នោះ ក៏​លក់​ពួកគាត់​បន្ត​ឱ្យ​ទៅ​កប៉ាល់ ដែល​ចេញ​នេសាទ​តាម​សមុទ្រ​ឆ្ងាយ​រហូត​ទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី។ ឃ្លី លី បញ្ជាក់​ទៀត​ថា នៅ​លើ​ទូក​នេសាទ​ត្រី ពួកគាត់​ធ្វើ​ការ​មិន​ដែល​ទំនេរ និង​គ្មាន​ថ្ងៃ​សៅរ៍ អាទិត្យ សម្រាប់​ការ​ឈប់​សម្រាក​ទេ។

ពលករ សៀមរាប ៦២០
យុវជន ឃ្លី លី ជា​ពលករ​ដែល​រង​គ្រោះ​ដោយ​ការ​ជួញដូរ​លើ​ទូក​នេសាទ ទើប​ត្រូវ​បាន​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បញ្ជូន​ត្រឡប់​មក​ដល់​ផ្ទះ​ក្នុង​ភូមិ​ម្នាក់ ឃុំ​ធ្លកលើ ស្រុក​ជីក្រែង ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១៥។ RFA/Hang Savyouth

ចំណែក​ឯ​ ប្រាក់ខែ​ក៏​ថៅកែ​មិន​ដែល​បើក​ឱ្យ​ដែរ គឺ​ឱ្យ​តែ​ហូបបាយ និង​ចំណី​នៅ​លើ​ទូក​ប៉ុណ្ណោះ។ យូរៗ​កប៉ាល់​បាន​ឡើង​គោក​ម្ដង ទើប​គេ​បើកប្រាក់​ឱ្យ​ចាយ​តិចតួច ប៉ុន្តែ​មិន​មែន​ជា​ប្រាក់ខែ​ទេ។ ឃ្លី លី បញ្ជាក់​ទៀត​ថា គាត់​មិន​បាន​រៀន​សូត្រ​អក្សរ​ខ្មែរ​ទេ ពីព្រោះ​តែ​គ្រួសារ​របស់​គាត់​ក្រីក្រ​ខ្លាំង។

បន្ទាប់ពី​គាត់​ត្រូវ ​គេ​ជួញដូរ​តាម​ទូក​នេសាទ​រយៈពេល ៦​ឆ្នាំ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា-​ឥណ្ឌូនេស៊ី ជួយ​រំដោះ និង​បញ្ជូន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ គឺ​គាត់​បាន​ប្រឈមមុខ និង​ភាព​គ្មាន​ការងារ​ធ្វើ​ជា​ថ្មី។ គាត់​មាន​ដីស្រែ​ទំហំ​មិន​ដល់​កន្លះ​ហិកតារ​ទេ។ ដី​ស្រែ​នេះ​ក៏​មិន​អាច​ធ្វើ​ស្រូវ​បាន​ហូប គ្រប់គ្រាន់​ឡើយ ដូច្នេះ​គាត់​សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ជួយ​ជ្រោមជ្រែង​ដល់​រូប​គាត់​ដែល ​ទើបតែ​វិល​ត្រឡប់​ពី​ពលករ​ដែល​គេ​ជួញដូរ​នេះ៖ «នៅ​ស្រុក​ការងារ​ថោកៗ​ពេក ១​ថ្ងៃ ២​ម៉ឺន ២៥.០០០​លើក​ថ្ម បើ​កម្លាំង​ខ្សោយ​អ៊ីចេះ ខ្ញុំ​ទៅ​លើក​យ៉ាងម៉េច​រួច? រាល់ថ្ងៃ​ចង់​ចិញ្ចឹម​ជ្រូក​ចិញ្ចឹម​អី​ខ្លះ​ចង់​ឱ្យ​ជួយ​ជ្រូក​យ​កម​ ចិញ្ចឹម»

ញឹម រូ គឺ​ពលករ​តាម​ទូក​នេសាទ​ម្នាក់​ទៀត ដែល​ទើប​តែ​វិល​ត្រឡប់​ពី​ប្រទេស​ឥណ្ឌូនេស៊ី រស់​នៅ​ក្នុង​ភូមិ​ម្កាក់​ដែរ។ គាត់​មាន​ប្រសាសន៍​ថា នៅ​លើ​ទូក គឺ​ថៅកែ​បង្ខំ​ឱ្យ​ធ្វើ​ការ​នេសាទ មិន​ថា​ពេល​ថ្ងៃ ឬ​ក៏​យប់​ទេ។ ពួកគាត់​ធ្វើការ​គ្មាន​ពេល​សម្រាក ប៉ុន្តែ​មិន​ទទួល​បាន​ប្រាក់​ខែ​ឡើយ។ បន្ទាប់​ពី​រដ្ឋាភិបាល​ខ្មែរ សហការ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី រំដោះ​ពួកគាត់​ចេញ​ពី​ការ​ជួញដូរ​តាម​ទូក​នេសាទ ហើយ​បញ្ជូន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ គឺ​គ្រួសារ​របស់​គាត់​ជួប​ប្រទះ​នូវ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​ជា​ខ្លាំង ដោយសារ​មិន​មាន​ការងារ​ធ្វើ។

ញឹម រូ បញ្ជាក់​ថា គាត់​មាន​ដីស្រែ​តូច​មួយ​ដែល​ត្រូវ​រាប់​រង​ចិញ្ចឹម​ប្អូន​ចំនួន ៤​នាក់ បន្ទាប់​ពី​ឪពុក​ម្ដាយ​ស្លាប់​ចោល​អស់។ គាត់​ចង់​ឱ្យ​រដ្ឋាភិបាល​ជួយ​ទំនុកបម្រុង ថវិកា​ខ្លះ​សម្រាប់​លក់​ដូរ​អីវ៉ាន់​ចាប់ហួយ​ចិញ្ចឹម​ជីវិត​នៅ​ក្នុង​ភូមិ៖ «រស់​នៅ​លំបាក​មែន​ទែន! គ្រួសារ​ខ្ញុំ​វិល​មក​វិញ​ក៏​អត់​សូវ​មាន​ស្រូវ​អី​ហូប​ទេ។ ការងារ​អត់​ទាន់​រក​បាន»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​សៀមរាប និង​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​សុំ​ការ​ពន្យល់​បាន​ថា តើ​រដ្ឋាភិបាល​មាន​ការ​ជួយ​ទំនុកបម្រុង​អ្វី​ខ្លះ​ចំពោះ​ពលករ​ចំណាកស្រុក ដែល​ត្រូវ​គេ​ជួញដូរ ហើយ​ទើប​តែ​វិល​ត្រឡប់​មក​មាតុភូមិ​វិញ​នោះ។

ក្រុម ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ជួយ​ដល់​ពលករ​ចំណាក​ ស្រុក​បាន​អះអាង​ថា បើ​ទោះ​បី​ជា​ពលករ​ចំណាក​ស្រុក​ជា​ច្រើន​ធ្លាប់​ទទួល​រង​ការ​ជួញដូរ ហើយ​ត្រូវ​រំដោះ​ឱ្យ​វិល​ត្រឡប់​មក​ស្រុក​វិញ ដោយ​មាន​ការ​ជួយ​បង្ហាត់​បង្រៀន និង​បណ្ដុះបណ្ដាល ឱ្យ​ពួកគេ​មាន​ជំនាញ​ចិញ្ចឹម​ជីវិត​ក៏ដោយ ក៏​ពួកគេ​ទាំង​នោះ មិន​បញ្ឈប់​ការ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ឡើយ។

មន្ត្រី​ជាន់​ ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ទទួល​បន្ទុក​ជួយ​សង្គ្រោះ​ពលករ​ចំណាកស្រុក លោក សែម ចៅសុខ មាន​ប្រសាសន៍​ថា ជា​ទូទៅ​ពលករ​ខ្មែរ​ដែល​រងគ្រោះ​ដោយ​ការ​ជួញដូរ​នៅ​ក្រៅ​ប្រទេស នៅ​ពេល​ដែល​រំដោះ​ហើយ​បញ្ជូន​ត្រឡប់​មក​ស្រុកភូមិ​វិញ គឺ​តែង​មាន​អង្គការ​តាម​ជួយ​បណ្ដុះបណ្ដាល និង​បង្រៀន​ជំនាញ​វិជ្ជាជីវៈ ឱ្យ​ចេះ​ធ្វើ​ការ​ចិញ្ចឹម​ជីវិត។ ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា ក្រុម​កម្មករ​ភាគ​ច្រើន​មិន​អាច​ទ្រាំ​រស់​នៅ​ក្នុង​ស្រុក​កំណើត​ទេ គឺ​ពួកគេ​នៅ​តែ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​ដដែល៖ «ការ​បណ្ដុះបណ្ដាល​ដែល​ធ្វើ​ឱ្យ​ពួកគាត់​មាន​ជំនាញ​អ្វី​ផ្សេងៗ​ហ្នឹង គឺ​យក​ទៅ​អនុវត្ត​នៅ​ឯ​តំបន់​ដែល​ពួកគាត់​រស់​នៅ​ហ្នឹង វា​អត់​កើត​ទៅ​ទៀត»

​ ប្រធាន​សាខា​អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​ប្រចាំ​ខេត្ត​សៀមរាប អ្នកស្រី ជុំ សារ៉ានី មាន​ប្រសាសន៍​ថា អង្គការ​របស់​អ្នកស្រី​តែង​មាន​កម្មវិធី​ជួយ​បង្រៀន​ជំនាញ​ដល់​កម្មករ​ដែល​ រងគ្រោះ​ដោយ​ការ​ជួញដូរ​ទាំង​នោះ។

​អ្នកស្រី សា រ៉ានី បញ្ជាក់​ថា កន្លងទៅ​អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​ប្រចាំ​ខេត្ត​សៀមរាប បាន​ធ្វើ​សកម្មភាព​ជួយ​ដល់​ពលករ​ដែល​រងគ្រោះ​ដោយ​ការ​ជួញដូរ​នៅ​ក្នុង​ខេត្ត ​ឧត្តរមានជ័យ និង​ខេត្ត​សៀមរាប ជា​ច្រើន បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​រំដោះ​ហើយ​បញ្ជូន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ។ សកម្មភាព​ទាំង​នោះ​មាន​ដូចជា ការ​ជួយ​បង្រៀន​ឱ្យ​ចេះ​ជំនាញ​កាត់​ដេរ ជំនាញ​ជួសជុល​គោយន្ត និង​ជួយ​ឱ្យ​កុមារ​តូចៗ បាន​ចូល​រៀន​សូត្រ​វិញ​ជាដើម។

អ្នកស្រី ជុំ សារ៉ានី បញ្ជាក់​ថា បើ​ទោះ​បី​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឱ្យ​ពលករ​ទាំង​នោះ​មាន​ជំនាញ​រកស៊ី​ចិញ្ចឹម​ជីវិត​ក៏ដោយ ក៏​មិន​មែន​មាន​ន័យ​ថា ពួកគេ​នឹង​បោះបង់​ចោល​ការ​ចំណាកស្រុក​នោះ​ទេ៖ «គាត់​ទៅ​រៀន​កាត់ដេរ គាត់​ចេះ អ៊ីចឹង​ហើយ​ម្ចាស់​ហាង​ដែល​យើង​នាំ​គាត់​ទៅ​ធ្វើ​ការ គឺ​គេ​យក​ចិត្ត​ទុក​ដាក់ ហើយ​គេ​ឱ្យ​បាយ​ញ៉ាំ និង​លុយ​ចាយ ហើយ​នៅ​ពេល​ចេះ​ហើយ គាត់​មាន​ប្រាក់​ចំណូល​ល្អ»

​ទោះ​យ៉ាង​ណា អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ បាន​សំដែង​ការ​ព្រួយ​បារម្ភ​ទៅ​ដល់​ភ័ព្វវាសនា​របស់​ពលករ​ដែល​រងគ្រោះ​ ដោយសារ​ការ​ជួញដូរ​នៅ​ជំនាន់​ក្រោយៗ​ទៀត​ថា អាច​នឹង​មាន​អ្នក​ណា​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​ពួកគេ​ទៀត​ទេ ពីព្រោះ​អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​បាន​ដាច់​ជំនួយ​លើ​កម្មវិធី​ជួយ​ បណ្ដុះបណ្ដាល​ជំនាញ​ជួយ​ដល់​ពលករ​នេះ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles