​ច្បាប់​គ្រប់គ្រង​សហជីព​នឹង​បន្ត​ដាក់ជូន​រដ្ឋសភា​អនុម័ត​ក្នុងពេល​ឆាប់ៗ​​

ដោយ៖​ ថោ ស៊ីណា​ | ថ្ងៃសុក្រ ទី10 កក្កដា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អះអាងថា ច្បាប់​គ្រប់គ្រង​សហជីព​ដែល​ក្រសួង​ការងារ​ដាក់​ជូន​អន្តរ​ក្រសួង​ពិនិត្យ នឹង​បន្ត​ដាក់ជូន​រដ្ឋសភា​អនុម័ត​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ប្រាប់ VOD នៅ​ថ្ងៃ​នេះ​ថា ច្បាប់​គ្រប់គ្រង​សហជីព​ដែល​ក្រសួង​ធ្វើ​ដាក់ជូន​ទៅ​អន្តរក្រសួង​ឲ្យ​ពិនិត្យ រហូតមកដល់​ពេលនេះ អន្តរក្រសួង​សម្រេច​បាន​ជាង​៩០​ភាគរយ​ហើយ​។ លោក ហេង សួរ អះអាងថា ច្បាប់​នេះ​នឹង​ដាក់ជូន​សភា​អនុម័ត​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។

​លោក ហេង សួរ ឲ្យដឹងថា ច្បាប់​សហជីព​ថ្មី​នេះ​មាន​គោលដៅ​ការពារ​សិទ្ធិ និង​ការពារ​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត និង​ធានា​សិទ្ធិ​សេរីភាព​នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ និយោជិត និង​និយោជក និង​ជំរុញ​ឲ្យមាន​សុខដុម​រមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ រួមចំណែក​ក្នុង​ការបង្កើត​ការងារ​សមរម្យ និង​បង្កើន​ផលិតភាព ដើម្បី​អភិវឌ្ឍន៍​ប្រទេស​។

​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី មានប្រសាសន៍ថា លោក​ខកចិត្ត​ចំពោះ​ភាព​មានះ របស់​មន្ត្រី​រដ្ឋាភិបាល​ដែល​នៅតែ​បន្តធ្វើ​សេចក្តីព្រៀងច្បាប់​សហជីព ដែល​មាន​ចេតនា​ជ្រៀតជ្រែក​ដល់​កិច្ចការ​ផ្ទៃក្នុង​របស់​សហជីព ដែល​ខំ​ការពារ​សិទ្ធិ​កម្មករ​។ 

​លោក ជា មុនី បន្តថា លោក​នឹង​ប្រាប់​ដល់​កម្មករ​កម្មការិនី​ដែល​ជា​សមាជិក​របស់​ស​ហ​ជីព​លោក មិន​ឲ្យ​បោះ​ឆ្នោតដ​ល់​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​ទេ ក្រោម​ហេតុផល​ថា តំណាងរាស្ត្រ​របស់​គណ​បក្ស​កំពុងកាន់​អំណាច​នេះ មាន​ចេតនា​បង្កើត​ច្បាប់​រិត​ត្បិត​សេរីភាព​កម្មករ និង​មន្ត្រី​សហជីព​។

​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ជា​មន្ត្រី​សហជីព​សកម្ម​មួយរូប ក្នុង​ការតវ៉ា​ប្រឆាំង​ទៅ​នឹង​ក្រសួង​ការងារ​មិនឲ្យ​ធ្វើ​សេចក្តីព្រៀងច្បាប់​សហជី​ព បាន​ប្រាប់ VOD ថា​លោក​នឹង​បន្ត​ការតវ៉ា​បន្តទៀត ដោយ​ដាក់​លិខិត​ទៅ​អ្នកបញ្ជា​ទិញ និង​អង្គការ​អន្តរជាតិ​នានា​ឲ្យចេញ​ការអន្តរគមន៍​រដ្ឋាភិបាល​កម្ពុជា កុំឲ្យ​អនុម័ត​ច្បាប់​សហជីព​នេះ​។ 
​លោក អាត់ ធន់ បន្តថា បើ​ក្រសួង​ការងារ​មិន​លុបចោល​ច្បាប់​សហជីព​នោះ លោក​នឹង​ដឹកនាំ​កម្លាំង​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ដែរ​។

គួរបញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​កំពុង​មាន​ភាពចម្រូងចម្រាស​ក្នុង​ការបង្កើត​ច្បាប់​ពីរ​គឺ ច្បាប់ស្តី​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​សហជីព​។ មន្ត្រី​អង្គការ​សមាគម និង​សហជីព ចោទ​រដ្ឋាភិបាល​បង្កើត​ច្បាប់​នេះ​ឡើង ដើម្បី​រឹតត្បិត​សេរីភាព​ពួកគេ​។ ប៉ុន្តែ​ខាង​រដ្ឋាភិបាល​អះអាងថា ការបង្កើត​ច្បាប់​ទាំង​នេះ​ឡើង គឺ​ដើម្បី​បង្ក​ភាពងាយស្រួល ដល់​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុង​ការបំពេញ​ការងា​រ​ភាពជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​៕

​សូម​សរសេរ​មក​លោក ថោ ស៊ីណា តាមរយៈ sina@vodhotnews.com

What Next?

Recent Articles