ដោយ ហង្ស សាវយុត
2015-07-21
RFA

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឡើងភ្នំទៅទស្សនាប្រាសាទព្រះវិហារ នៅរដូវវស្សា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤។ RFA/Hang Savyouth
រយៈពេលជាង ៧ឆ្នាំមកហើយ ចាប់តាំងពីប្រទេសថៃ បានជំទាស់មិនឱ្យគណៈកម្មការរបស់អង្គការយូណេស្កូ (UNESCO) បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមក គឺកម្ពុជា បានចាក់សោច្រកទ្វារព្រំដែនមិនឱ្យប្រទេសថៃ ដែលលក់សំបុត្រឱ្យភ្ញៀវទេសចរបានចូលទៅទស្សនាប្រាសាទព្រះវិហារ ទៀតទេ។
បើទោះបីជាមានទំនាស់ព្រំដែនរវាងកម្ពុជា-ថៃ នៅជិតតំបន់ប្រាសាទព្រះវិហារ រហូតដល់ប៉ះទង្គិចគ្នាដោយអាវុធជាច្រើនលើកក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា នៅតែលើកទឹកចិត្តឱ្យភ្ញៀវទេសចរបរទេសបានឡើងទៅទស្សនាប្រាសាទព្រះវិហារ ដោយមិនលក់សំបុត្រ។ ក៏ប៉ុន្តែចាប់ពីពេលនេះតទៅ គឺភ្ញៀវបរទេសទាំងអស់លែងបានទស្សនាប្រាសាទព្រះវិហារ ដោយមិនគិតថ្លៃទៀតហើយ ព្រោះថា ជម្លោះខ្មែរ-ថៃ បានដោះស្រាយបញ្ចប់ហើយនោះ។
អាជ្ញាធរជាតិព្រះវិហារ ឱ្យដឹងថា គេបានចាប់ផ្ដើមអនុវត្តដំណើរការលក់សំបុត្រទៅឱ្យភ្ញៀវទេសចរបរទេស ទៅទស្សនាប្រាសាទព្រះវិហារ លើខ្នងភ្នំដងរែក នៃទឹកដីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីអំឡុងខែកក្កដា នេះតទៅ។
អនុប្រធានអាជ្ញាធរជាតិព្រះវិហារ គឺលោក អ៊ុក តុបបុត្រា។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា ថា រយៈពេលជាងកន្លះខែហើយ ដែលអាជ្ញាធរព្រះវិហារ បានចាប់ផ្ដើមលក់សំបុត្រទៅឱ្យភ្ញៀវទេសចរបរទេសទស្សនាប្រាសាទព្រះវិហារ។
លោក អ៊ុក តុបបុត្រា បញ្ជាក់ទៀតថា អាជ្ញាធរបានកំណត់ថ្លៃសំបុត្រ ១០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ភ្ញៀវទេសចរបរទេសម្នាក់ ក៏ប៉ុន្តែចំពោះជនជាតិខ្មែរវិញ គឺអាចឡើងទៅទស្សនាប្រាសាទព្រះវិហារ ដោយមិនគិតថ្លៃ។
កាលពីចុងខែឧសភា កន្លងទៅ អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្ដីជូនដំណឹងថា ការលក់សំបុត្រទៅឱ្យភ្ញៀវទេសចរបរទេសឡើងទៅទស្សនាប្រាសាទព្រះវិហារ គឺចាប់ផ្ដើមដំណើរការពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ តទៅ។
មន្ត្រីគ្រប់គ្រងស្ថិតិភ្ញៀវទេសចររបស់អាជ្ញាធរជាតិព្រះវិហារ លោក យាន ស៊ុនថារ៉ាត់ ឱ្យដឹងថា ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរបរទេសចន្លោះ ពី ២០ ទៅ ៣០នាក់ ដែលបានឡើងទៅទស្សនាប្រាសាទព្រះវិហារ។ លោក យាន ស៊ុនថារ៉ាត់ បញ្ជាក់ថា ភ្ញៀវទេសចរបរទេសដែលឡើងទៅទស្សនាប្រាសាទព្រះវិហារ ទាំងនោះ បានទទួលស្គាល់ថា ការលក់សំបុត្រតម្លៃ ១០ដុល្លារសម្រាប់ពួកគេម្នាក់ៗនោះ គឺសមរម្យ៖ «គាត់ទៅដល់គ្រាន់តែថា លក់សំបុត្រ ១០ដុល្លារ គឺគាត់បង់ហើយឡើងទៅ ហើយហាក់ដូចជាមិនមានបញ្ហាចំពោះតម្លៃសំបុត្រនោះទេ ព្រោះអីមុននឹងលក់ គឺយើងបានបញ្ជូនព័ត៌មានទៅគាត់រយៈពេល ១ខែរួចហើយ»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន រំពឹងថា តាមរយៈកំណើនទេសចរបរទេសដែលមកទស្សនាខេត្តសៀមរាប គឺអាចនឹងភ្ជាប់ទៅទស្សនាប្រាសាទព្រះវិហារ ផងដែរ។ លោករដ្ឋមន្ត្រី ថោង ខុន បញ្ជាក់ថា លោករំពឹងទៅលើកំណើនភ្ញៀវទេសចរជនជាតិថៃ និងជនជាតិបរទេសផ្សេងទៀតដែលឆ្លងតាមច្រកព្រំដែនថៃ នឹងមកទស្សនាខេត្តសៀមរាប និងប្រាសាទព្រះវិហារ នៅពេលខាងមុខ៖ «ឥឡូវនេះយើងបើកច្រកព្រំដែនអានសេះ ១ទៀត ហើយខ្ញុំទៅព្រំដែនអន្លង់វែង ច្រកជាំសាង៉ាំ ថ្ងៃមុនជួបជាមួយចៅហ្វាយខេត្តស៊ីសាកេត គឺគាត់នឹងជំរុញទេសចរថៃ មកច្រើន ហើយក្រសួងមហាផ្ទៃ ក៏បានអនុញ្ញាតជាករណី គឺឱ្យអ្នកដែលកាន់ Border Pass (ប័ណ្ណចេញ-ចូលព្រំដែន) អាចចូលដល់សៀមរាប បាន»។
មន្ត្រីគ្រប់គ្រងស្ថិតិភ្ញៀវទេសចររបស់អាជ្ញាធរជាតិព្រះវិហារ ឱ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៥ គឺមានភ្ញៀវទេសចរបរទេសចំនួនជាង ៨.០០០នាក់ ដែលបានទៅទស្សនាប្រាសាទព្រះវិហារ។ ចំនួននេះគឺកើនឡើង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ កន្លងទៅ ដោយភ្ញៀវទេសចរបរទេសទៅទស្សនាប្រមាណជាង ៦.០០០នាក់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប៉ូលិសខេត្តសៀមរាបរកឃើញម៉ូតូជាង៧០គ្រឿងលាក់ទុកខុសច្បាប់ក្នុងផ្ទះមួយកន្លែង
- ក្រុមយុវជនជាអ្នកកាសែតសហគមន៍រួមគ្នាធ្វើផែនទីរូបភាពបង្ហាញទិសតំបន់អារ៉ែង
- មន្ត្រីមន្ទីរទេសចរណ៍អះអាងថាខេត្តសៀមរាបកំពុងប្រឈមនឹងខ្វះទឹកស្អាតប្រើប្រាស់
- សមាគមចុងភៅលើកទឹកចិត្តកសិករនៅសៀមរាបឲ្យដាំបន្លែផ្គត់ផ្គង់តាមភោជនីយដ្ឋាន
- អភិបាលខេត្តស្ទឹងត្រែងរងការចោទថារំលោភកិច្ចសន្យាភាស៊ីផ្សារ
- ផលប៉ះពាល់បណ្ដាលមកពីល្បិចឆបោកនាំពលករទៅធ្វើការនៅក្រៅប្រទេស
- ផ្ទះបុរាណមានអាយុជិត១០០ឆ្នាំនៅខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរ
- ទេសចរបរទេសមកកម្សាន្តខេត្តសៀមរាបថយចុះបន្ទាប់ពីមានជំងឺផ្លូវដង្ហើមនៅតំបន់អាស៊ីបូព៌ា
- ទេសចរទៅទស្សនាខេត្តព្រះសីហនុឆមាសទី១ឆ្នាំ២០១៥កើនជាងឆ្នាំមុន