ដោយ ប្រាជ្ញ ចេវ
2015-07-21
RFA

សកម្មភាពតវ៉ារបស់កម្មកររោងចក្រអេឃីនថិច (Akeentech) នៅមុខក្រសួងការងារជាថ្មីទៀត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥។ RFA/Brach Chev
កម្មករជាង ៥០០នាក់នៃរោងចក្រ អេឃិនថិច (Akeentex Pte Ltd) ដែលធ្វើកូដកម្មអស់ជាច្រើនថ្ងៃមកហើយ នៅតែបន្តស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័ននានា ដើម្បីឲ្យពួកគេទទួលបានប្រាក់អតីតភាពការងារតាមការទាមទារ។
ការទាមទារនៅថ្ងៃទី២១ ខែកក្កដា នៅមុខក្រសួងការងារ ស្របពេលភាគីកម្មកររោងចក្រ និងតំណាងមន្ត្រីក្រសួង បានប្រជុំជជែកទាក់ទងរឿងកម្មករទាមទារនេះ ប៉ុន្តែមិនបានទទួលលទ្ធផលនៅឡើយ។
ក្រៅពីធ្វើកូដកម្មនៅមុខរោងចក្រ និងឈរស្រែកទាមទារនៅមុខក្រសួងការងារ ក្រុមកម្មករអះអាងថា នឹងលើកគ្នាទៅតវ៉ានៅទីស្នាក់ការក្រុមហ៊ុនពុម៉ា (PUMA) នៅថ្ងៃទី២២ ខែកក្កដា។ ក្រុមកម្មករអះអាងម្តងហើយម្តងទៀតថា ប្រសិនបើមិនទទួលបានដំណោះស្រាយ ពួកគេមិនចូលធ្វើការងារទេ។
កម្មករម្នាក់នៃរោងចក្រ អេឃីនថិច កញ្ញា វ៉ាន់ សុខហាញ់ ប្រាប់ឲ្យដឹងថា កញ្ញាចង់បានកិច្ចសន្យាការងារខ្លី ព្រោះនៅពេលរោងចក្រប្ដូរឈ្មោះ ឬប្ដូរថៅកែ កម្មករអាចទទួលបានប្រាក់អតីតភាព។ កម្មការិនីរូបនេះបន្តថា ប្រសិនបើភាគីរោងចក្រមិនយល់ស្របតាមសំណើកម្មករ គឺពួកគេមិនចូលធ្វើការងារឡើយ៖ «ខ្ញុំមិនចូលធ្វើការជាដាច់ខាត បើមិនយកសហជីពយើង (សម្ព័ន្ធសហជីពចលនាកម្មករ) ចូលចរចា។ បើគ្មានថៅកែរោងចក្រនៅយល់ព្រមតាមសំណើកម្មករ ពួកយើងនៅតែបន្តតវ៉ាដដែល»។
វិវាទការងាររវាងថៅកែរោងចក្រ និងកម្មកររោងចក្រ ចាប់ផ្ដើមតាំងពីថ្ងៃទី១០ អូសបន្លាយមកដល់បច្ចុប្បន្ន ខណៈដែលការទាមទាររបស់កម្មករទទួលបានការឆ្លើយតបខ្លះៗពីថៅកែរោងចក្រ ប៉ុន្តែចំណុចកម្មករទាមទារប្រាក់អតីតភាពរយៈពេលមួយឆ្នាំចំនួន ៧០ដុល្លារ ក្រុមហ៊ុនផ្តល់ឲ្យត្រឹមតែ ៤០ដុល្លារ និងសំណើសុំប្ដូរកិច្ចសន្យាការងារ ថៅកែរោងចក្រមិនទាន់យល់ស្របនៅឡើយទេ។
វិទ្យុអាស៊ីសេរី ពុំអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ នៅថ្ងៃទី២១ ខែកក្កដា។
កម្មកររោងចក្រ អេឃីនថិច ទាំងពីរទីតាំងស្ថិតនៅសួនឧស្សាហកម្មវឌ្ឍនៈ និងសួនឧស្សាហកម្មកាណាឌីយ៉ា រាជធានីភ្នំពេញ ប្រកាសថានឹងមិនចូលធ្វើការ និងបន្តដាក់ញត្តិសុំអន្តរាគមន៍ពីរដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងករណីពុំមានការឆ្លើយតបពីថៅកែរោងចក្រ។
ក្រោយជួបប្រជុំជាមួយមន្ត្រីក្រសួងការងារ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ឲ្យដឹងថា មន្ត្រីក្រសួងការងារ នឹងយកសំណើរបស់កម្មករទៅប្រាប់ឲ្យថៅកែរោងចក្របានដឹង។ លោក ប៉ាវ ស៊ីណា បន្តថា អ្វីដែលមន្ត្រីក្រសួងការងារ សន្យានេះ ពុំមានអ្វីថ្មីឡើយ។ លោកបន្តថា កម្មករនៅតែបន្តស្វែងរកអន្តរាគមន៍ ដើម្បីដាក់បន្ទុកឲ្យថៅកែរោងចក្រឆ្លើយតបនឹងសំណើកម្មករ៖ «ពួកយើងនៅតែបន្តធ្វើកូដកម្មគ្រប់នីតិវិធីទាំងអស់។ នៅតែបន្តជជែកលើចំណុចប្រាក់អតីតភាពប្រចាំដែលកម្មករទាមទារ»។
ការទាមទារនេះដែរ លោក ប៉ាវ ស៊ីណា ត្រូវសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ដោយចោទថា ដឹកនាំកម្មករធ្វើកូដកម្មមិនគោរពតាមនីតិវិធី។ ជីម៉ាក់ ចោទថា មេដឹកនាំសហជីពមួយចំនួន ធ្វើការទាមទារផ្លាស់ប្ដូរកិច្ចសន្យាការងាររបស់កម្មករពីរយៈពេលវែងទៅរយៈពេលខ្លី ដែលសកម្មភាពនេះបង្ហាញពីការមិនដឹងផ្នែកច្បាប់ និងបំផ្លាញផលប្រយោជន៍កម្មករនិយោជកក្នុងរយៈពេលវែង។
ទោះបែបនេះក្តី លោក ប៉ាវ ស៊ីណា ច្រានចោលការចោទប្រកាន់នេះ នឹងថាជាការបំផ្លើសផ្ទុយពីការពិត។
កម្មកររោងចក្រ អេឃីនថិច ទាមទារលក្ខខណ្ឌការងារចំនួន ៩ចំណុច ប៉ុន្តែពេលនេះនៅសល់តែចំណុចធំៗ រួមមាន កិច្ចសន្យាការងារ និងប្រាក់អតីតភាពដែលថៅកែរោងចក្រមិនទាន់ឆ្លើយតប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ជា មុនី ប្រកាសឈប់ធ្វើជាមេដឹកនាំសហជីពសេរីកម្មករកម្ពុជានៅអាណត្តិក្រោយ
- សហគមន៍មានទំនាស់ដីធ្លីជាង៦០០នាក់នឹងប្រមូលផ្ដុំនៅខាងមុខរដ្ឋសភា
- ពលករនៅខេត្តកំពង់ធំទាមទារសំណងពីក្រុមហ៊ុននាំពលករទៅធ្វើការនៅថៃ
- កម្មកររោងចក្រអេឃីនថិចស្នើនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍រឿងវិវាទការងារ
- ILO ថាវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៅតែបន្តកើនឡើង
- កម្មកររោងចក្រអេឃីនថិចប្រកាសបន្តធ្វើកូដកម្មក្រោយការចរចាមិនត្រូវគ្នា
- កម្មករម្នាក់ស្លាប់និង២នាក់របួសធ្ងន់ដោយសារបាក់អគារផ្សារត្រពាំងថ្លឹងសង្កត់
- ផលប៉ះពាល់បណ្ដាលមកពីល្បិចឆបោកនាំពលករទៅធ្វើការនៅក្រៅប្រទេស
- កម្មកររោងចក្រចំនួនពីរតវ៉ានៅមុខក្រសួងការងារទាមទារដោះស្រាយលក្ខខណ្ឌការងារ