ជន​ជាតិវៀតណាម​ខុសច្បាប់​៣៣នាក់ត្រូវ​បញ្ជូនចេញពីកម្ពុជា​

ដោយ៖​ ឆុង ស៊ីណាន​ | ថ្ងៃអង្គារ ទី21 កក្កដា 2015
http://vodhotnews.com

មន្រ្តី​នាយកដ្ឋានជនអន្តោប្រវេសន៍​ឲ្យ​ដឹង​ថាសមត្ថកិច្ច​កម្ពុជា​បានបញ្ជូនជនជាតិវៀតណាមខុសច្បាប់​​ចំនួន​​៣៣​នាក់​ទៅប្រទេស​កំណើតវិញ នៅព្រឹកថ្ងៃ​អង្គារនេះ​ ក្រោយ​ពីរកឃើញថា​ពួកគេ​រស់ដោយ​មិន​មាន​លិខិត​​ឆ្ល​ងដែននៅកម្ពុជា។​

ប្រធានផ្នែ​កស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍ លោក អ៊ុក ហៃសីលា ប្រាប់​វីអូឌី(VOD)​ថាជ​នជាតិវៀតណា​មទាំង​៣៣នា​ក់នោះ​ត្រូវ​ស​មត្ថកិ​ច្ចចាប់បាន គិតពី​ដើមខែកក្កដា ឆ្នាំ​២០១៥​ នៅ​​ក្នុង​ខេត្តក្រុង​ចំនួន៣ គឺខេត្តព្រះសីហនុ ខេត្តរតនគិរីនិងរាជធានី​​ភ្នំពេញ ដោយសារ​ជន​ជាតិ​វៀត​ណាម​ទាំង​​​នោះ​​ចូ​លមករ​កស៊ីនៅ​កម្ពុជាដោយគ្មានលិ​ខិតឆ្លងដែនត្រឹ​មត្រូវ។​ លោក​បន្ត​ថា​អាជ្ញាធរបាន​​បញ្ជូន​ពួក​គាត់​ទៅ​ប្រទេស​វៀតណាមវិញនៅម៉ោង៩:៣០ ឬម៉ោង១០ព្រឹកថ្ងៃអង្គារ​នេះ។ លោក​បន្ថែម​ថា​រហូត​មក​ដល់​ពេលនេះ ជន​ជា​តិ​វៀតណាម​ប្រមាណ​២០០០នាក់ត្រូវ​បាន​បណ្តេញចេញពីកម្ពុជា ក្រោយពីរកឃើញ​ថា​ពួ​​កគេ​​រស់នៅខុសច្បាប់នៅកម្ពុជា។​

គួរបញ្ជាក់ថាមួយរយៈចុងក្រោយនេះ អាជ្ញាធរកម្ពុជាបានចុះ​ចាប់ជនអន្តោប្រវេសន៍ដែ​លរស់នៅខុសច្បា​ប់នៅកម្ពុជា​ជា​បន្តបន្ទាប់។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តការគ្រប់គ្រងទៅលើជនអន្តោប្រវេសន៍ ដែល​​ប្រព្រឹត្តធ្វើ​ឡើងនៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ អគ្គនាយកដ្ឋានជ​នអន្តោ​ប្រ​វេសន៍​ក្រសួងមហាផ្ទៃ បានឲ្យដឹងថាក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៥នេះ ជនអន្តោប្រវេ​សន៍​ខុស​​​ច្បា​ប់ប្រមាណ​១២០០នាក់ត្រូវបានបណ្តេញចេញពីកម្ពុជា ដែល​ក្នុងនោះមាន​៩៨ភាគរយជា​ជនជាតិ​វៀត​ណាម។​

ថ្មីៗនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានសម្រេចបង្កើតផ្នែកអន្តោ​ប្រវេសន៍ចំណុះឲ្យអង្គភា​ពមាន​សម​ត្ថ​​កិច្ចនៅទូ​ទាំងប្រទេស ដើម្បីជួយសម្រួល​ដល់​ការ​ប្រ​មូល​ព័ត៌​មាន​ទាក់​ទង​នឹង​ជនអន្តោប្រវេ​សន៍នៅ​ក​ម្ពុជាឲ្យ​មានប្រសិទ្ធ​ភា​ព។

លោក អ៊ុក ហៃសីលា មាន​ប្រសាសន៍​​ថា៖“សង្ឃឹម​ថាការងារ​វាយើង​ក្តាប់​បាន​ណែន គ្រប់​គ្រង​បានគ្រប់​ជ្រុង​ជ្រោយ ជន​បរទេស​ទាំង​អស់ កុំ​ឲ្យ​មានការលំបាកក្នុងលំបាក ពេល​មានស្ថាប័នឬទូតគេ​សួរនាំពី​ជនជាតិ​គេនៅ​ស្រុក​ខ្មែរ​មាន​ប៉ុន្មាន(យើង​ពិបាក​ដឹង) ដោយ​ខ្វះ​ព័ត៌​មាន​ចន្លោះប្រ​ហោង​អី​អញ្ចឹង​ណា ហើយ​ខ្ញុំ​គិត​ថា​ពេល​យើង​មាន​អធិការ​រងអន្តោ​ប្រវេសន៍​​នៅ​តាម​ស្រុក​រាជធានី យើង​អត់​មាន​ចន្លោះ​ប្រ​ហោង​ទេ យើង​គ្រប់​គ្រង​បានល្អ"។​​

លោកឲ្យ​ដឹង​ថាអធិការ​រង​ម្នាក់នឹង​ត្រូវ​ចាត់​តាំង​ឲ្យ​ទទួល​បន្ទុក​ក្នុង​ការ​ងារ​នេះនិង​រាយការណ៍​ពី​ទិន្ន័យ​ជនអន្តោប្រវេសន៍ទៅ​កាន់​អគ្គនាយក​ដ្ឋានអន្តោប្រវេសន៍។ លោកថាអធិការរងនិង​ជំនួយការ​ម្នាក់​ទៀត​នៅ​តាម​ក្រុង​ស្រុក​ខណ្ឌទាំង​នោះ​នឹង​ត្រូវ​ទទួល​ការ​បណ្តុះ​បណ្តាល​ជំនាញ​ទាក់​ទង​នឹង​ជន​អន្តោ​ប្រវេសន៍​​នេះ​បន្ថែម​ទៀត៕

សរសេរមកកាន់លោ​ក ឆុង ស៊ីណាន តាមរយៈchhong.sinan@yahoo.com

What Next?

Recent Articles