តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​​នៅ​ឃុំ​បឹងប្រាំ​៥​នាក់​ចូល​បំភ្លឺ​នៅ​តុលាការ

ដោយ ហ៊ុំ ចំរើន
2015-07-21
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពលរដ្ឋ បឹងប្រាំ តុលាការ ៦២០
ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង នាំ​គ្នា​មក​គាំទ្រ​តំណាង​របស់​ខ្លួន​ដែល​ចូល​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ នៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៥។ RFA/Hum Chamroeun


ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល​ ខេត្ត​បាត់ដំបង ប្រមាណ ១០០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កក្កដា នាំ​គ្នា​ទៅ​ការពារ​តំណាង​ចំនួន ៥​រូប​ ដែល​បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង ដើម្បី​ដាក់​សម្ពាធ​ទៅ​តុលាការ​ឲ្យ​ដោះស្រាយ​ប្រកប​ដោយ​​ភាព​សុក្រឹត និង​យុត្តិធម៌។

ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងប្រាំ ទាំង​នោះ ប្រដាប់​ដោយ​បង្វេច​ខោអាវ មុង ភួយ ព្រម​ទាំង​អង្ករ ចាន ឆ្នាំង ដោយ​ខ្លះ​អង្គុយ​ ខ្លះ​ឈរ រង់ចាំ​​តំណាង​របស់​ខ្លួន​​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង។

ក្រុម​ប្រជាពលរដ្ឋ​ដែល​រង់ចាំ​តំណាង​នៅ​ខាង​ក្រៅ​តុលាការ​នោះ​ អះអាង​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា​ នេះ​ជា​លើក​ទី​៣​ហើយ ​ដែល​ពួកគាត់​នាំ​គ្នា​មក​ការពារ​តំណាង​នៅ​មុខ​តុលាការ​ខេត្ត​បាត់ដំបង នោះ។ ពួកគាត់​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​គ្នា​ទៅ​ការពារ​តំណាង​នៅ​មុខ​សាលាដំបូង ខេត្ត​បាត់ដំបង នេះ​ ដោយសារ​តុលាការ​ខេត្ត​បាន​កោះហៅ​តំណាង​របស់​ពួកគាត់​ចំនួន ៥​នាក់​ ពាក់ព័ន្ធ​នឹង​រឿង​ទំនាស់​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ តាម​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ម្នាក់​ជា​កូន​របស់​មេ​ភូមិ​បឹងធុង ឈ្មោះ​ ​​​ធេង​ ​ប៊ុនធី ដើម្បី​បង្ហាញ​ឲ្យ​តុលាការ​បាន​យល់​អំពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ផង​​ និង​ដាក់​សម្ពាធ​ឲ្យ​តុលាការ​ដោះស្រាយ​ប្រកប​ដោយ​ភាព​សុក្រឹត និង​យុត្តិធម៌​ផង៖ «»។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​តុលាការ​ខេត្ត​បាត់ដំបង និង លោក​​​ ធេង ប៊ុនធី ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា។ ប៉ុន្តែ​មេ​ឃុំ​បឹងប្រាំ លោក ឈា នី​ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទាំង ៥​នាក់ ​ដែល​តុលាការ​កោះហៅ​នោះ​ ដោយសារ​ពួកគាត់​ទៅ​​រំលោភ​លើ​ដី​លំនៅឋាន​កម្មសិទ្ធិ​ឯកជន ដែល​មាន​ទំហំ​ប្រមាណ ៤០​ម៉ែត្រ គុណ ៤០​ម៉ែត្រ នៅ​ភូមិ​បឹងធុង ឃុំ​បឹងប្រាំ​​​ ដោយ​ខុស​ច្បាប់។ លោក​បញ្ជាក់​ថា​ ​ករណី​នេះ កន្លង​ទៅ​អាជ្ញាធរ​ឃុំ​បាន​ព្យាយាម​​សម្រប​សម្រួល​ឲ្យ​​ប្រជាពលរដ្ឋ​ទាំង​នោះ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដែរ​ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​ទេ៖ «»។

លោក ឈា នី​ អះអាង​ថា​ ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងប្រាំ ជា​ច្រើន​គ្រួសារ​ទៀត​ ក៏​ត្រៀម​ប្ដឹង​ប្រជាពលរដ្ឋ​ម្នាង​ទៀត​​ ដែល​រំលោភ​លើ​ដី​កម្មសិទ្ធិ​ឯកជន​​ទៅ​តុលាការ​នៅ​ថ្ងៃ​ខាង​មុខ​ជា​បន្ទាប់​ទៀត។

ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ​ មន្ត្រី​ស៊ើបអង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង​ លោក​ ហេង សាយហុង មាន​ប្រសាសន៍​ថា បញ្ហា​ទំនាស់​ដីធ្លី​​ដែល​តុលាការ​កោះ​ហៅ​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៥​រូប​នោះ​ វា​ពុំ​មែន​ជា​​កំហុស​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​ គឺ​កើត​ឡើង​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​បឹងប្រាំ ទៅ​វិញ​ទេ ដែល​រៀបចំ​បែង​ចែក​ដីធ្លី​​នៅ​តំបន់​នោះ​ ពុំ​បាន​ច្បាស់​លាស់៖ «»។

ពលរដ្ឋ​ដែល​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​នោះ​ រួម​មាន​លោក​ តៅ ថាប លោក​ ឌឹម អាន​ អ្នកស្រី អ៊ិត យឿន អ្នកស្រី​ អែម ស្រី​ និង​លោក ឆម ស្រួច ក្រោម​បទ​ចោទ​ប្រកាន់ ធ្វើ​ឲ្យ​ប៉ះពាល់​ដី​កម្មសិទ្ធិ​ឯកជន​ខុស​ច្បាប់។ អ្នក​ទាំង ៥ ត្រូវ​តុលាការ​ខេត្ត​បាត់ដំបង​ ​សាកសួរ​ប្រមាណ ៣​ម៉ោង ហើយ​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀងៗ​ខ្លួន។ ប៉ុន្តែ​តុលាការ​ពុំ​មិន​ទាន់​សម្រេច​ថា យ៉ាង​ណា​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles