​អាជីវករ​ថាការបោះបង្គោល​លើ​ចំណត​យានយន្ដ​ដឹក​ភ្ញៀវ ជា​ការដាក់​សម្ពាធ​ឲ្យ​ពួកគេ​រើចេញ

ដោយ៖​ បូ សា​វី​​ | ថ្ងៃអង្គារ ទី21 កក្កដា 2015, 05:53 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ប្រជា​ពលរដ្ឋ​ដែលជាអ្នក​លក់​ដូរ​ ធ្វើ​ការ​តវ៉ាពេល​អាជ្ញាធរ​ដាំ​បង្គោល​របង​នៅ​ជិត​ប្រាសាទតាព្រហ្ម (រូបថត៖ បូ សាវី)


ក្រុម​អាជីវករ​ជាង​១០០​នាក់ លក់​វត្ថុ​អនុស្សាវរីយ៍ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាប បាននាំគ្នា​ដក​បង្គោល ដែល​អាជ្ញាធរ​បាន​ដាំ​នៅ​ជិត​ប្រាសាទតាព្រហ្ម ដោយ​ពួកគេ​យល់ថា ការ​ដាំ​បង្គោល​នោះ ជា​ចេតនា​ចង់​បណ្ដេញចេញ​ពី​កន្លែង​លក់ដូរ​។​

ប្រតិកម្ម​នេះកើតឡើង​ខណៈ​កម្លាំង​អាជ្ញាធរ​ជាតិ​អប្សា បាន​ជីករណ្ដៅ​ដី​ដាំ​បង្គោលរបង​ឈើ​កម្ពស់​ជាង​កន្លះ​ម៉ែត្រ ក្រោម​ហេតុផល​ការពារ​របង​ប្រាសាទតាព្រហ្ម ប៉ែក​ខាងកើត ប៉ះ​ចំណត​យានយន្ដ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​

ក្រុមអាជីវករ​ប្រាប់វីអូឌី(VOD)​ ស្រដៀងៗ​គ្នា​នៅ​កន្លែង​តវ៉ា ការបោះបង្គោល​នេះ អាជ្ញាធរ​ធ្វើ​ដើម្បី​បិទ​ចំណត​យានយន្ដ​ដឹក​ភ្ញៀវ​ទេសចរណ៍ ក្រោមលេស​ការពារ​ប្រាសាទ ទើប​ពួកគេ​ចាប់ដក​ចោល​។ ពួក​បន្ដថា នៅពេល​បិទ​មិនឲ្យ​រថយន្ត​ដឹក​ភ្ញៀវ​ចូល​ចត​នៅ​តំបន់ នាំឲ្យ​ការលក់ដូរ​វត្ថុ​អនុស្សាវរីយ៍​មិនបាន ហើយ​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​អាជីវករ​ថា អាជ្ញាធរ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ពួកគរ​ឈប់​លក់ដូរ​នៅ​ទីនោះ​។​

​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយនៃ​អាជ្ញ​ធរ​ជាតិ​អប្សរា លោក ឡុង កុសល មានប្រសាសន៍ថា ការបោះបង្គោល​ឈើ​នោះ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ និង​ដើម្បី​ការពារ​ផលប៉ះពាល់​ដល់​របង​ប្រាសាទ​បុរាណ​។ ​លោក​ថា កន្លែង​ដែល​ពលរដ្ឋ​ដក​បង្គោល​ចោល​នោះ ​មិនមែន​ជា​ចំណត​យានយន្ដ​ដឹក​ភ្ញៀវ​ទេសចរណ៍​ឡើយ​។ ទោះ​យ៉ាង​ក្តីនេះ លោក​បញ្ជាក់ថា មន្ដ្រី​ជំនាញ​នឹង​ចុះ​សម្រួល​ជាមួយ​អាជីវករ​ជា​ថ្មី​ទៀតក្នុង​ពេល​ឆាប់ៗ​នេះ។

គួររំឭកថា ជា​រើ​យៗ​ក្រុម​អាជីវករ​លក់ដូ​រ​នៅតាម​ប្រសាទ​បុរាណ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរាបណ្ដេញចេញ​ពី​កន្លែង​លក់ដូរ ក្រោមរូបភាព​រៀបចំ​សណ្ដាប់ធ្នាប់​តំបន់​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​នៅ​តំបន់​បេតិកភណ្ឌ​នេះ​កាន់តែ​ច្រើន​។ ទីតាំង​ដែល​ធ្លាប់​បណ្តេញ​អាជីវករ​មិន​ឲ្យ​លក់ដូរ​នោះ​ មាន​នៅខាងមុខ​ប្រាសាទភ្នំ​បាខែង នៅ​ខ្លោងទ្វារ​ទន្លេ​អុំ នៅ​តំបន់​ប្រាសាទ​អង្គរធំ នៅ​ប្រាសាទប្រែរូប និង​ប្រាសាទតាព្រហ្ម​ជាដើម​៕​

ប្រជា​ពលរដ្ឋ​ដែលជាអ្នក​លក់​ដូរ​ ដក​បង្គោល​របងដែលអាជ្ញាធរ​បានដាំ​​នៅ​ជិត​ប្រាសាទតាព្រហ្ម


សូមសរសេរមកលោក បូ សា​វី​ តាមរយៈ savy@vodhotnews.com

What Next?

Recent Articles