តំណាងរាស្រ្ត​សង្រ្គោះជាតិ​ស្នើ​នាយករដ្ឋមន្រ្តី​ពិនិត្យ​មើល​ការ​ប្រមូល​ឈើ​របស់ ទ្រី ភាព នៅ​​រតនគិរី​

ដោយ៖​ ស៊ុន​ ណារិន និង​ សេង វណ្ណៈ​ | ថ្ងៃពុធ ទី22 កក្កដា 2015
http://vodhotnews.com


រូបថតលោកឧកញ៉ា​ ទ្រី ភាព ដែល​ស្ថិត​នៅ​លើ​របាយការណ៍របស់​ Global Witness


តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ លោក អ៊ុំ សំអាន បាន​ស្នើ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ពិនិត្យ​មើល​​តំបន់​​សេដ្ឋកិ​ច្ច​ពិសេ​ស​របស់ឧកញ៉ា​​​ទ្រីភាព ក្នុង​ខេត្ត​រតនគិរី ដោយ​អះអាង​ថាមាន​​ភាពមិនប្រក្រតីនៅ​ទី​នោះ​​។​

លិខិត​របស់​តំណាងរាស្រ្ត​អ៊ុំ សំអាន ចុះថ្ងៃ​ទី​២០ខែកក្កដា ដាក់ទៅនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញថា​កាល​​ពីថ្ងៃ​ទី​៧ខែមិថុនា លោក​​បាន​សង្កេត​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទ្រីភាពអូរយ៉ាដាវ​ ស្ថិ​ត​នៅ​ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី​ នៅក្បែរ​ច្រ​ក​​ព្រំដែន​អូរយ៉ាដាវ។ លិខិត​បញ្ជាក់​ថា​៖ "ជា​ទូទៅ​តំបន់​សេដ្ឋ​​កិច្ច​ពិសេ​សគឺ​ជា​កន្លែង​ប្រមូល​ផ្តុំ​នូវ​រោងចក្រ ផលិតឧបករណ៍​សម្ភារផ្សេងៗសម្រាប់នាំចេញ​ ប៉ុន្តែ​តំបន់​​សេដ្ឋ​កិច្ច​ពិសេ​​ស​ទ្រីភាព អូរយ៉ាដាវ គ្មា​ន​បណ្តុំ​រោងចក្រ​អ្វីឡើយ"

លោក អ៊ុំ សំអាន បាន​បញ្ជាក់​ថា​៖”ខាងក្រៅស្លាក​​តំបន់​សេដ្ឋកិច្ច​ពិសេស​ ប៉ុន្តែ​ខាង​ក្នុង​មាន​កុងត័រនឺជាច្រើន​ផ្ទុ​ក​ទៅ​ដោយ​ឈើ​ហុបសម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​ តាមច្រកអូរ​យ៉ាដាវ។ តាមប្រភព​បាន​ប្រា​ប់ឲ្យ​ដឹង​ថា​ឈើ​ហុប​ដែលផ្ទុក​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់នាំ​ចេញនោះ​ ត្រូវ​បានគេប្រមូ​ល​​​ពី​​តាម​បណ្តា​ស្រុ​ក​មួយ​ចំនួន​​ក្នុង​ខេត្ត​រតនគិរី”

លោក អ៊ុំ សំអាន ប្រាប់វីអូឌី(VOD)ថា៖"អញ្ចឹងឲ្យពិនិត្យមើល ប្រសិនជាតំបន់ហ្នឹងមិនមែនជាតំបន់សេដ្ឋកិច្ចពិសេសទេ គួរតែរដ្ឋាភិបាលចាត់ការទៅតាមផ្លូវច្បាប់ បិទកន្លែងហ្នឹង ដើម្បីកុំឲ្យទីមួយហិនព្រៃឈើយើងផង ហើយខ្ញុំមើលទៅកាប់ព្រៃឈើច្រើនណាស់តំបន់ខេត្តរតនគិរី យើងហ្នឹងពីមុនសុទ្ធតែព្រៃឈើ"។​

វីអូឌី(VOD)មិនទាន់​អាច​សុំ​ការ​បកស្រាយ​ពី​លោកទ្រីភាព​បាន​នៅឡើយទេ។​ វីអូឌីក៏មិនទាន់អាច​ទាក់ទង​អ្នកនាំពា​ក្យ​ក្រសួង​បរិស្ថាន​ លោក សៅ សុភាព និង​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម លោក អ៊ាង សុផល្លែត​ បាន​​នៅឡើយទេ។​

ថ្មីៗនេះ កាសែតភ្នំពេញប៉ុស្តិ៍​បាន​ធ្វើ​បទសម្ភាសន៍ជាមួយ​លោក​ទ្រីភាព​ ដោយ​លោក​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​ទាំងឡាយ​ណា​ដែល​ថា​លោក​ជា​អ្នករកស៊ីឈើ​ខុសច្បាប់និង​​បំផ្លាញព្រៃឈើនៅកម្ពុជា។ កាសែត​​បាន​ដកស្រង់​សម្តី​ថា៖ "ខ្ញុំ​គ្រាន់​តែ​ជា​អ្នកមាន​តូច​តាច​ម្នាក់​ ​ប៉ុន្តែ​​ខ្ញុំ​បាន​​ល្បី​ពី​អាជីវកម្ម​កាប់​ឈើ។ បើ​គេអត់​រិះគន់​ខ្ញុំ​ ម៉េច​បាន​ខ្ញុំ​​ល្បី​ឈ្មោះ។ ធម្មតា​ទេ​ចុងឈើ​ខ្ពស់​តែង​តែ​ត្រូវ​ខ្យល់​​ហើយ ដូច​សម្តេច​ដឹក​នាំ​ខ្លាំង​គេ​វ៉ៃ​តែ​សម្តេច​ទេ ដូច​ទ្រី​ភាព​​រក​ស៊ីឈើ គេវ៉ៃ​តែ​ទ្រី​ភាព”។ លោក​ត្រូវ​បាន​ដកស្រង់សម្តីបន្ត​​ថា៖ "ប្រសិន​បើ​ខ្ញុំ​ពិត​ជា​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ ខ្ញុំ​នឹង​មិន​ត្រូវ​បង់​​ពន្ធ​ទេ។ យើង​នឹង​កាប់ ហើយ​​លក់​ដោយ​មិន​ចាំ​បាច់​បង់​ពន្ធ នោះ​ហើយ​ហៅ​ថា​ការ​បំផ្លាញ​ព្រៃ​ឈើ"

កាសែត​ភ្នំពេញប៉ុស្តិ៍​បាន​ដកស្រង់សម្តី​របស់​ទ្រីភាពថា​ក្រុម​ហ៊ុន​របស់​ទ្រីភាព​បង់​ពន្ធ​ប្រហែល៩០លាន​ដុល្លារដែល​មាន​​ប្រហែល​ពី៥០ទៅ៣០០កុង​តឺ​ន័រ​​ដែល​ផ្ទុក​ដោយ​ឈើ​និង​ដឹក​ទៅ​ប្រទេស​ចិន​ក្នុង​​មួយ​ខែៗ​។

របាយការណ៍​របស់​Global Witnessដែល​ត្រូវ​បាន​ប្រើ​រយៈពេល​ស៊ើបអង្កេត​ប្រមាណ​៨ខែនិង​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០​១៥នេះ ក្រោម​ចំណង​ជើង​ថា​«តម្លៃ​​ឈើប្រណីត» ឲ្យ​ដឹងថា​ទ្រីភាពនិង​បណ្តាញ​រប​ស់​គាត់ ​កំពុង​តែ​បំផ្លាញ​​ព្រៃឈើ​​ចុងក្រោយ​របស់​កម្ពុជានិងទន្ទ្រាន​​ការ​រស់​នៅ​របស់​​សហគមន៍ជន​ជាតិ​ដើមភាគតិច​។​ របាយការណ៍ថា​ក្រុមហ៊ុនទ្រីភាពក៏កំពុងប្រើប្រាស់អាជ្ញាប័ណ្ណដីសម្បទានរបស់ខ្លួនដើម្បីឈូ​សឆាយឈើលើសពីព្រំដែនកំណត់ កាប់​ឈើមានតម្លៃ និងឈើដែលត្រូវបានការពារពីតំបន់ជុំវិញ។ របាយការណ៍បញ្ជាក់ដែរ​​ថា​លោក​ទ្រីភាពជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​បាន​​គ្រប់​គ្រង​ដី​សម្បទាន​សេដ្ឋកិច្ចចំនួន​២៩៥៨៩ហិកតា។

​កាលពី​ថ្ងៃ​ទី​៩ខែ​កុម្ភៈ​ឆ្នាំ​២០១៥​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម  រុក្ខា​ប្រមាញ់ និង​នេសាទ ​លោក អ៊ុក រ៉ាប៊ុន បាន​ច្រាន​ចោល​ របាយការណ៍​របស់(Global Witness) ដោយ​អះអាង​ថា​មិន​បាន​ពិនិត្យ​មើល​គ្រប់​ជ្រុងជ្រោយនិង​មិន​បានដឹង​ពី​ច្បាប់​អនុវត្ត​ក្នុង​ការនាំ​ឈើ​ចេញ​ពី​រដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖ "របាយការណ៍​ចុះ​ដោយ (Global Witness) គឺ​តាមពិតទៅ អំពី​ការនាំចេញ​ឈើ យើង​មាន​នីតិវិធី​ច្បាស់លាស់ រាជរដ្ឋាភិបាល​ធ្លាប់​អនុវត្ត​តាម​នីតិវិធី ។ Global Witness ក្តាប់​មិនបាន​នីតិវិធី​នេះ​ទេ តាមពិត​យើង​មាន​នីតិវិធី​ច្បាស់លាស់ មិន​មាន​ការឃុបឃិត​គ្នា​អី​ទេ  គឺ​មាន​នីតិវិធី​ដើម្បី​នាំចេញ​ច្បាស់លាស់​"

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com និង​លោក សេង វណ្ណៈ តាមរយៈsengvannakdmc@gmail.com

What Next?

Recent Articles

2 Responses to "តំណាងរាស្រ្ត​សង្រ្គោះជាតិ​ស្នើ​នាយករដ្ឋមន្រ្តី​ពិនិត្យ​មើល​ការ​ប្រមូល​ឈើ​របស់ ទ្រី ភាព នៅ​​រតនគិរី​"

  1. bol says:

    រឿងលោក ទ្រីភាពនេះ នរណាក៏គេសុំខ្លាចពីមុខរបរគាត់ដែរ។
    យើងមិនកាន់ជើងខង្គ្រោះជាតិ ទេ តែល្មមហើយ! ប្រយ័ត្នចាញ់ឆ្នោត ដោយសារការពារ ទ្រីភាព។
    ឬក៏ទ្រីភាពចិញ្ចឹមនរណាម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំ? ឬ ក៏ ទ្រីភាពគ្រាន់តែជាអ្នកដើរតួ?

  2. មន្រ្តីបក្សប្រជាជនលាក់ពុតអាក្រក់ says:

    ព្រៃឈើដីរដ្ឋជារបស់ជនជាតិខ្មែរទាំងមូល
    ត្រូវអាពីរក្បាល ហ៊ុន សែន និង ទ្រី ភាព វាកាប់លក់យកលុយធ្វើជាទ្រព្យសម្បត្តិកម្មសិទ្ធរបស់ពួកវាពីរនាក់
    ដល់វាដាំកៅស៊ូ កៅស៊ូនោះក៍ពួកវាលក់យកលុយចែកគ្នាវាពីរនាក់ទៀត កូនមីសំផឹងពីរក្បាលហ្នឹងវារកស៊ីអត់ដើម
    យកទ្រព្យសម្បត្តិជាតិធ្វើជាទ្រព្យរបស់ពួកវាអញ្ចឹងបានជា ពួកវាឆាប់មានណាស់ អ្នកក្រឡើងត្នោតក្លាយជាមហាសេដ្ឋី
    អាឆ្កែចុយម្រ៉ាយខ្វាក់ក្មេងវត្ត ក្លាយជាមេចោរឪមហាសេដ្ឋី ព្រោះតែលួចទ្រព្យសម្បត្តិប្រទេសជាតិគ្រប់សព្វយ៉ាង ។