Wed, 22 July 2015
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
សៀមរាបៈ ទារក ឃួន សាំងពុទ្ធីរាជ មានសុខភាពល្អ និងមានទម្ងន់ ២,៦៧ គីឡូក្រាមនាពេលសម្រាលគឺជាកំណើតទារកទី ២ នៅកម្ពុជាដែលបានកើតកាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៥ ដោយមានជំនួយពីបច្ចេកវិទ្យានៃការបង្កកំណើតក្រៅស្បូន IVF របស់មន្ទីរសម្រាកព្យាបាលកម្ពុជា។
ទារកទើបនឹងមានកំណើតបានជិតពីរសប្តាហ៍នេះគឺជាក្តីសង្ឃឹមថ្មីសម្រាប់ចំណងស្នេហ៍របស់ប្តីប្រពន្ធមួយគូគឺអ្នកស្រី គី ឆវី វ័យ ៣៥ ឆ្នាំ បម្រើការងារនៅអង្គការ Plan International និងស្វាមីលោក ឃួន សាំងពុទ្ធីរិទ្ធិ វ័យ ៣៩ ឆ្នាំជាបុគ្គលិកបម្រើការងារនៅធនាគារកម្ពុជាសាធារណៈដែលរស់នៅឯភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាបបន្ទាប់ពីអស់សង្ឃឹមនឹងបញ្ហាមិនមានកូនសម្រាប់ចំណងអាពាហ៍ពិពាហ៍ ៦ ឆ្នាំ។
អ្នកស្រី គី ឆវី បានប្រាប់ពីអារម្មណ៍រីករាយ និងស្ថានភាពរបស់ខ្លួនដល់ភ្នំពេញប៉ុស្តិ៍ថា៖ «សប្បាយចិត្តណាស់ពេលដឹងថាខ្លួនឯងអាចមានកូន និងសម្រាលបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់បែបនេះ។ ប្តីប្រពន្ធនាងខ្ញុំបានរៀបការរយៈ ៦ ឆ្នាំហើយតែមិនអាចមានកូនបន្តវង្សត្រកូលតាមក្តីប្រាថ្នាដូចគេឯង។ កាលពីឆ្នាំ ២០១២ យើងក៏ធ្លាប់ទៅពិគ្រោះបញ្ហាសុខភាពជាមួយគ្រូពេទ្យឯកទេសនៅប្រទេសថៃដែរ តែយើងនៅមិនទាន់ហ៊ានសម្រេចចិត្តថាត្រូវទទួលយកនូវវិធីបង្កកំណើតយ៉ាងណានោះទេ។ លុះដល់បានជួបអ្នកគ្រូពេទ្យឯកទេសនៅមន្ទីរសម្រាកព្យាបាលកម្ពុជាកាលឆ្នាំទៅពួកយើងក៏ទទួលយកប្រឹក្សាយោបល់ម្តងទៀតបន្ទាប់មកយើងបានសម្រេចចិត្តយកវិធីបង្កកំណើតក្រៅស្បូន IVF»។
បច្ចុប្បន្នបញ្ហាលំបាកមានកូនរបស់គូស្នេហ៍រៀបការយូរឆ្នាំកាន់តែកើនឡើងតែសេវាឯកទេសឆ្លើយតបនឹងបញ្ហានេះមិនសូវជាសម្បូរឡើយដូច្នេះទើបប្តីប្រពន្ធមិនមានកូនតែងទៅរកជំនួយពីបរទេសដូចជាប្រទេសថៃជាដើម។
អ្នកម្តាយរបស់ទារកគួរឲ្យស្រឡាញ់ ឃួន សាំងពុទ្ធីរាជ ក៏មានសារផ្តាំផ្ញើដល់អ្នកមានបញ្ហាពិបាកមានកូនដែរថា៖ «បងប្អូនគួរតែទៅសុំប្រឹក្សាយោបល់ពីគ្រូពេទ្យជំនាញដើម្បីស្វែងរកបញ្ហាថាតើមកពីខាងភាគីប្តីឬប្រពន្ធ? បើមិនបានពិគ្រោះយោបល់ទេគឺយើងមិនអាចដឹងថាអ្នកណាមានបញ្ហានោះឡើយ។ បន្ទាប់ពីរកឃើញបញ្ហាទើបយើងសម្រេចចិត្តទទួលយកការបង្កកំណើតណាមួយទៅតាមការផ្តល់ប្រឹក្សាគ្រូពេទ្យជំនាញ»។
ទារកទីពីរកើតដោយជំនួយពីបច្ចេកវិទ្យាបង្កកំណើតក្នុងកែវនេះបានប្រសូតក្រោយពីទារកដំបូង ង៉ែត មាសមុន្នីរ័ត្ន ត្រូវបានសម្រាលកាលពីដើមខែមិថុនាមុននេះដែលផ្ដល់ក្ដីសង្ឃឹមដល់គ្រួសារលោក ញ៉ុក ម៉េត វ័យ ៤៦ ឆ្នាំ និងភរិយា បេង ចាន់រី វ័យ ៣៣ ឆ្នាំ រស់នៅខេត្តព្រះសីហនុ៕

