ដោយ៖ យ៉ា រសាត់ | ថ្ងៃពុធ ទី22 កក្កដា 2015, 11:30 AM
http://vodhotnews.com
បុគ្គលិកក្រុមហ៊ុនទេសចរណ៍កាពីតូលប្រមាណជិត៥០នាក់នៅព្រឹកថ្ងៃពុធនេះ បាតុកម្មទាមទារឲ្យថៅកែក្រុមហ៊ុនទទួលយកអ្នកបើកបររថយន្ត៥នាក់ឲ្យចូលធ្វើការវិញ ដោយពួកគេអះអាងថា អ្នកទាំងនោះត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយសារពួកគេចង់បង្កើតជាសហជីព។
អ្នកតវ៉ាម្នាក់ដែលជាបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលលោក វ៉ាន់ រ៉ង ឲ្យដឹងថា លោកនិងអ្នកបើករថយន្ត៤នាក់ទៀតត្រូវបានក្រុមហ៊ុនបញ្ឈប់កាលពីថ្ងៃទី៩ ខែកក្កដា ដោយលោកអះអាងថា ដោយសារពួកលោកប្រមូលគ្នាចង់បង្កើតជាសហជីពនៅក្នុងក្រុមហ៊ុន ដើម្បីការពារអត្ថប្រយោជន៍ឲ្យបុគ្គលិក។
លោក វ៉ាន់ រ៉ង មានប្រសាសន៍ថា៖ “ពួកខ្ញុំបង្កើតសហជីពដើម្បីទាមទារច្បាប់ការងារនៅក្នុងក្រុមហ៊ុន ហើយដល់គេ(ម្ចាស់ក្រុមហ៊ុន)ដឹងថាពួកខ្ញុំបង្កើតសហជីព គេក៏បញ្ឈប់ពួកសហជីពនោះ៥រូបនោះតែម្ដង…ខ្ញុំគិតថាក្រុមហ៊ុនគឺគេមិនចង់ឲ្យបង្កើតសហជីពនៅក្នុងក្រុមហ៊ុនរបស់គេ ពួកខ្ញុំបង្កើតសហជីពនេះដើម្បីឲ្យមានតំណាងនៅក្នុងតៃកុងឡាន ឲ្យមានជាសហជីពសហគមន៍ទៅដើម្បីមានការតវ៉ាណាមួយ គឺមានតំណាងទៅនិយាយសុំដូចជាច្បាប់ការងារ ឲ្យក្រុមហ៊ុនគោរពច្បាប់ការងារអីជាដើម ខ្ញុំគិតថាមានសហជីពថ្ងៃក្រោយទៅនឹងមានការដោះស្រាយជាមួយក្រុមហ៊ុនវានឹងមាន [ដំណោះស្រាយ]”។
លោក វ៉ាន់ រ៉ង ឲ្យដឹងទៀតថាក្រុមបុគ្គលិកដែលចង់បង្កើតជាសហជីពបានទាមទារលក្ខខណ្ឌ១៥ចំណុចពីក្រុមហ៊ុន តែភាគីក្រុមហ៊ុនយល់ព្រមទទួលយកតែ៨ចំណុចប៉ុណ្ណោះ ហើយបដិសេធមិនព្រមទទួលយកអ្នកទាំង៥ឲ្យចូលធ្វើការវិញនោះទេ។ លោកថា ពួកលោកនឹងបន្តតវ៉ារហូតទទួលបានដំណោះស្រាយសមរម្យពីក្រុមហ៊ុន។
អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុនកាពីតូលលោក ផាន់ សុភាព អះអាងថា ក្រុមហ៊ុនបញ្ឈប់អ្នកបើករថយន្តទាំង៥នាក់ដោយសារពួកគាត់បានរំលោភបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដូចជា ដាក់ភ្ញៀវតាមផ្លូវ ឈ្លោះប្រកែកជាមួយអ្នកលក់សំបុត្រតាមសាខា និងមិនឈប់ដាក់ភ្ញៀវតាមសាខាជាដើម។ លោកថា ក្រុមហ៊ុនបានព្រមានពួកគាត់ពី៣ទៅ៤លើករួចមកហើយ តែពួកនៅតែមិនស្ដាប់។
លោក ផាន់ សុភាព មានប្រសាសន៍ថា៖ “រឿង(បញ្ឈប់)នេះមិនមែនអញ្ចឹងទេ។ រឿងសហជីពខាងខ្ញុំអត់ដឹងឮទេថាគេបង្កើតអីអាហ្នឹងវាជាសិទ្ធិរបស់កម្មករ ប៉ុន្ដែរឿងទាំង៥នាក់ហ្នឹងយើងបានហាមពីរបីដងហើយប៉ុន្ដែវារំលោភលើបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន (ដូចជា)ដាក់ភ្ញៀវតាមផ្លូវ ទៅឈ្លោះគ្នាជាមួយសាខា ជួនកាលសាខាគេមានភ្ញៀវយកមកដាក់គេកាត់ វាមិនឈប់ឲ្យគេអញ្ចឹងណា វាច្រើនរឿងណាស់"។
ពាក់ព័ន្ធនឹងលក្ខខណ្ឌការងារដែលក្រុមបុគ្គលិកទាមទារ លោក ផាន់ សុភាព លើកឡើងថា ក្រុមហ៊ុនអាចផ្ដល់ឲ្យបានតែ៨ចំណុចប៉ុណ្ណោះ ចំណែក៧ចំណុចទៀតលោកថាក្រុមបុគ្គលិកទាមទារហួសពីច្បាប់កាងារ។ លោកថា មេធាវីនិងតំណាងរបស់ក្រុមហ៊ុនកំពុងធ្វើការដោះស្រាយជាមួយបុគ្គលិកដែលធ្វើការតវ៉ា។
មេធាវីរបស់ក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរលោក ខៀវ វ៉ាន ឲ្យដឹងថា ក្រោយការចរចាគ្នានៅអធិការដ្ឋាននគរបាលខណ្ឌ៧មករានាព្រឹកនេះ ដោយមានការសម្របសម្រួលពីមន្ត្រីមកពីក្រសួងការងារលោកថាភាគីទាំងសងខាងបានឯកភាពគ្នាដោយបញ្ឈប់ការតវ៉ារង់ចាំក្រសួងការងារធ្វើការដោះស្រាយនៅថ្ងៃស្អែក។ លោកបន្ថែមថា ក្រសួងការងារបានទទួលយកសំណើពីភាគីអ្នកបើករថយន្ដចំនួនពីរចំណុចដើម្បីពិភាក្សាគ្នានៅថ្ងៃស្អែកគឺសំណើឲ្យក្រុមហ៊ុនគោរពច្បាប់ការងារ និងសំណើសុំអនុញ្ញាតឲ្យអ្នកបើកបររថយន្ដដែលត្រូវបានក្រុមហ៊ុនបញ្ឈប់អាចចូលមកធ្វើការវិញ៕

សូមសរសេរមកលោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com
