Wed, 22 July 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ក្នុងហ្វេសប៊ុក និង អ៊ីនស្តាក្រាម សរសេរអក្សរខ្មែរ ពេជ្រ សូលីកា បានបង្ហោះរូបថតនាង អង្គុយច្រត់ចង្កាក្នុងទឹកមុខអស់សង្ឃឹម តភ្ជាប់ជាមួយរូបម្ខាងបុរសអង្គុយកៅអី ក្នុងឯកសណ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អមដោយអក្សររៀបរាប់ខាងលើថា «រស់នៅជាមួយគ្នា ២ ឆ្នាំ បានត្រឹមតែការឈឺចាប់ រងការមាក់ងាយ ប្រចណ្ឌឥតស្រាកស្រាន្ត តាមដានឥតឈប់ឈរសូម្បីតែឡានមួយគ្រឿងក៏ដកហូតវិញទៀត»។
យ៉ាងណាគេនៅមិនទាន់ដឹងថា នេះជាទំព័រហ្វេសប៊ុក ឬក៏អ៊ីនស្តាក្រាមពិតឬក៏ជាក្លែងក្លាយនោះទេ ខណៈមិនអាចស្វែងរកការបញ្ជាក់ពី អតីតតារាចម្រៀងនាង ពេជ្រ សូលីកា បាន។
ដូចគ្នានោះបុរសជាមន្ត្រីប៉េអឹមក្នុងរូបដែលគេស្គាល់ថា ជាលោក សៀសម្បត្តិស្នងការនៃស្នងការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏មិនទាន់បានចម្លើយបកស្រាយដែរ ខណៈ ភ្នំពេញ ប៉ុស្តិ៍ទាក់ទងមុននេះ អ្នកទទួលទូរស័ព្ទប្រាប់ថា លោកកំពុងជាប់ប្រជុំដោយប្រាប់ថា ពេលល្ងាចចាំទូរស័ព្ទមកម្តងទៀត ប៉ុន្តែនៅពេលល្ងាចទាក់ទងទៅលើកទី ១ មិនមានអ្នកទទួល លុះព្យាយាមលើកទី ២ ទូរស័ព្ទនោះបានបិទ។
នេះជាលើកទី ១ ហើយសម្រាប់តារាចម្រៀងនាង ពេជ្រ សូលីកា បានទម្លាយការឈឺចាប់ពេលរស់លួចលាក់ជាមួយបុរសអ្នកមានអំណាច បន្ទាប់ពីល្បីហ៊ឺហា មានលុយចាយពេញៗដៃ និងរស់នៅក្នុងវីឡាដ៏ស្កឹមស្កៃម្ដុំទួលគោក មានទាំងអង្គរក្សការពារសុវត្ថិភាព។
ប៉ុន្តែមុននេះក៏ធ្លាប់ធ្លាយព័ត៌មានចចាក់ចចុចថា ពេជ្រ សូលីកា ត្រូវបានសង្សារលាក់មុខដកហូតរថយន្តម៉ាក Lexus LS 460 ពណ៌ទឹកសមុទ្រ តម្លៃ ១១ ម៉ឺនដុល្លារ ហើយនាងប្តូរមកជិះ Lexus RX 300 ពណ៌សកញ្ចាស់ តម្លៃមិនដល់ ១ ម៉ឺនដុល្លារវិញ។ ព័ត៌មាននេះក៏ស្ងប់ទៅវិញ ខណៈសាមីខ្លួនក៏មិនបង្ហាញការភ្ញាក់ផ្អើលតបតនោះ។
ទើបតែថ្មីៗនេះ ក្នុងគណនីហ្វេសប៊ុករបស់តារារូបនេះ ត្រូវបានគេប្រទះឃើញសាររៀបរាប់ការឈឺចាប់ដ៏គួរឲ្យភ្ញាក់ផ្អើល បង្ហាញពីការខកស្នេហ៏ និងថាសូម្បីតែរថយន្តក៏គេដកហូតដែរ។
អមដោយរូបថតនាងជាមួយរូបថតលោក សៀ សម្បត្តិ ក្នុងហ្វេសប៊ុក និងអ៊ីនស្តាក្រាមឈ្មោះ ពេជ្រ សូលីកា សរសេរថា៖ «រស់នៅជាមួយគ្នា ២ ឆ្នាំ បានត្រឹមតែឈឺចាប់ រងការមាក់ងាយ ប្រចណ្ឌឥតស្រាកស្រាន្ត តាមដានឥតឈប់ឈរ សូម្បីតែឡានមួយគ្រឿង ក៏ត្រូវដកហូតវិញដែរ» ។
តាមរយៈសារខ្លី តែមានន័យយ៉ាងច្បាស់នេះ បានបង្ហាញឲ្យឃើញថា ការពិតដែល ពេជ្រ សូលីកា ខំប្រឹងលាក់បាំងពីក្រសែភ្នែកមហាជន អស់រយៈពេល ២ ឆ្នាំនោះ ត្រូវបានផ្ទុះឡើង ព្រោះតែគំនាបស្នេហាធ្វើឲ្យនាងទ្រាំនឹងការឈឺចាប់លែងបាន ជាពិសេសគឺការទ្រាំរស់នៅ ក្នុងភាពគេពេបជ្រាយគ្រប់ពេល ការប្រចណ្ឌ និងការបំបិទសិទ្ធិសេរីភាព។
ការទម្លាយនេះផ្ទុយនឹងគ្រាកន្លងមក ដែលតារាស្រីរូបនេះតែងតែច្រានចោលជានិច្ចនូវព័ត៌មានថា នាងលួចលាក់មានស្នេហាជាមួយមន្ត្រីធំម្នាក់៕

