លិខិតមិត្តអ្នកអាន៖ រាជការស្អាតស្អំ​

ដោយ៖​ សូរ សមយុទ្ធ​​ | ថ្ងៃពុធ ទី22 កក្កដា 2015
http://vodhotnews.com

គ្មានទេរាជការពុករលួយ មានតែមនុស្សពុករលួយក្នុងរាជការ។ គ្មានរាជការណាស្អាតស្អំ ដោយ​​ខ្លួនឯងទេ បើមិនមានមនុស្សអ្នកដុសខាត់។ កសាងរាជការស្អាតស្អំត្រូវការធនធាន ត្រូវការមនុស្ស ត្រូវការផែនការជាតិនិងត្រូវការច្បាប់ថ្មី។ តែក្នុងចំណោម​របស់ទាំងបួននេះគឺ មនុស្សជាចំណុចចាប់ផ្តើម។ យកមនុស្សបង្កើតផែនការជាតិ។ យកផែនការជាតិបង្កើតទ្រព្យ ជាតិ។ យកទ្រព្យជាតិកសាងជាតិ។ កសាងជាតិ គ្រប់គ្រងជាតិ គឺត្រូវការច្បាប់ថ្មី។ ចង់បាន ច្បាប់ថ្មី ត្រូវការមនុស្សថ្មី។ មនុស្សចាស់ ច្បាប់ចាស់ ពិបាកកែ។ មនុស្សក្មេង ច្បាប់ថ្មី ងាយ ស្រួលគ្រប់គ្រងដឹកនាំ ទាន់សភាពការណ៍ជាតិ។ រាជការត្រូវការមនុស្សរាប់ពាន់នាក់ក្នុងមួយ ឆ្នាំៗ ការជ្រើសរើសមន្ត្រីថ្មី ជាចំណុចចាប់ផ្តើម ដើម្បីកសាងរាជការស្អាតស្អំ។

ចរិកមន្ត្រីខ្មែរភាគច្រើនត្រូវការប្រាក់ខែច្រើន តែមិនចង់ធ្វើការ ត្រូវការតំណែងខ្ពស់ តែមិនចង់ ទទួលខុសត្រូវ ចង់បានការសសើរ តែមិនចង់ស្អាតស្អំ ចង់បានរង្វាន់ តែស្អប់ភាពត្រឹមត្រូវ ចង់ដឹកនាំ​ល្អ តែមិនចូលចិត្តស្តាប់ពាក្យពិត។ ចង់បានមន្ត្រីល្អ យ៉ាងហោចណាស់ត្រូវឆ្លងកាត់ ដំណាក់កាល៤ គឺការអប់រំ ការជ្រើសរើស ការវាយតម្លៃការងារ ការឲ្យរង្វាន់និងទណ្ឌកម្ម។

ទី១. ការអប់រំ ត្រូវបែងចែកជា២កម្រិត ទី១ ការអប់រំទូទៅរយៈពេល១២ឆ្នាំ ត្រូវរៀបចំកសាងឲ្យ បាននូវមនុស្សខ្មែរដែលមានបញ្ញា, ចេះកុំព្យូទ័រ, ចេះបច្ចេកទេស និងមានជំនាញច្បាស់, ស្រលាញ់​យុត្តិធម៌និងភាពត្រឹមត្រូវក្នុងជីវិត, មនសិការសង្គមនិងការទទួលខុសត្រូវខ្ពស់ ចំពោះ​ជាតិមាតុភូមិ។ ដំណាក់កាលទី២ ការអប់រំមន្ត្រីរាជការ ឧទាហរណ៍នៅសាលាគ្រូ សាលាពេទ្យ​ សាលាទាហាន សាលាមន្ត្រី សាលារដ្ឋបាល សាលាមេធាវី សាលាចៅក្រម និងព្រះរាជអាជ្ញាជាដើម ត្រូវតែឆ្លងកាត់ការប្រឡ​ងជ្រើសរើសដោយស្អាតស្អំ ត្រឹមត្រូវ យកលក្ខណៈ​ពីរ យ៉ាងទី១ គុណធម៌ ទី២ បញ្ញា។ យកគុណធម៌ជាមូលដ្ឋាន ទើបបញ្ញាមានប្រយោជន៍សម្រាប់ជាតិ បើមិនដូច្នោះទេ មន្ត្រីទាំងនោះចេះតែត្រឹមប្រើបញ្ញាខ្លួនទៅពុករលួយតែប៉ុណ្ណោះ។ សំណួរ​ដែលសួរមន្ត្រីទាំងនោះ អាចថាតើរវាងសីលធម៌និងដុំបាយ យកមួយណា? មួយណាសំខាន់ជាង? ហេតុអ្វី? ពីព្រោះសុទ្ធតែជាវិធីថ្លឹងមើលពីសន្តានចិត្តរបស់សិស្សមន្ត្រីទាំងនោះ។ ក្រៅពីនេះការរៀបចំមុខវិជ្ជាបង្រៀននិងគ្រូបង្រៀន ត្រូវរើសគ្រូដែលមានគំនិតថ្លឹងថ្លែងស៊ី​ជម្រៅ យល់​ដឹងជ្រៅជ្រះ​ ជាជាងយកមន្ត្រីនយោបាយបក្ស ទៅធ្វើគ្រូបង្រៀនមន្ត្រីរាជការ។

ទី២. ការប្រឡ​ងជ្រើសរើសយកមន្ត្រីចូលបម្រើការងាររាជការត្រូវយកគោលការណ៍បី ក. សីលធម៌ ខ. ចំណេះដឹង គ. មតិយោបល់អ្នកណែនាំបេក្ខជន ដោយធ្វើការពិនិត្យមើលចាប់ តាំងពីអ្នកណែនាំនេះឡើងទៅ។ គោលបំណងគឺចង់បានមន្ត្រីក្មេងៗថ្មី ដែលជាមនុស្សស្រលាញ់ភាពត្រឹមត្រូវ ស្អាតស្អំ យុត្តិធម៌ មិនលម្អៀង​ មានសីលធម៌និងវិន័យផ្ទាល់ខ្លួនខ្ពស់។  របស់២យ៉ាងដែលប្រទេសសិង្ហបុរីអាចទាក់ទាញអ្នកវិនិយោគទុនមកពីមកពីអាមេរិកកាំង អឺរ៉ុប ជប៉ុន បានគឺចំណេះដឹងនិងវិន័យរបស់បុគ្គលិកជនជាតិសិង្ហបុរី។ ក្នុងករណីនេះ បើទោះជាមន្ត្រីដែលបានប្រឡ​ងជាប់ចូលរៀនសាលាមន្ត្រីក៏ដោយ តែពេលចេញទៅបម្រើការងារតាមក្រសួងមន្ទីរ​ស្ថាប័នទាំ​ងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ត្រូវតែឆ្លងកាត់ការប្រឡ​ងម្តងទៀត។ មួយប្រឡ​ងចូលរៀនធ្វើមន្ត្រី ទី២ គឺប្រឡ​ងទៅកាន់តំណែងក្នុងរាជការ។

ទី៣. ការធ្វើការតាមដានវាយតម្លៃសមត្ថភាពការងារនិងផលិតភាពការងារជាក់ស្តែង។ ការវាយ​តម្លៃនេះគួរធ្វើឡើងដោយបីដំណាក់កាល មុននឹងចេញរបាយការណ៍ប្រចាំឆ្នាំ ទី១ គឺការវាយ​តម្លៃរបស់ស្ថាប័នសាម៉ី ទី២. ការវាយតម្លៃរបស់ស្ថាប័នមេ ដែលគ្រប់គ្រងពីលើ ទី៣. ការវាយតម្លៃពីស្ថាប័នឯករាជ្យរបស់រដ្ឋជាអធិការកិច្ចជាតិ ត្រួតពិនិត្យលើសមត្ថភាពការងារ និងផលិត​ភាពការងាររបស់បុគ្គលិក និងស្ថាប័នទាំងក្រសួងមន្ទីរ​ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ រួមទាំងគណៈរដ្ឋមន្ត្រីផងដែរ។ ទី១ ឯកសារវាយតម្លៃនេះ គឺប្រើដើម្បីការតំឡើង និងការទម្លាក់ឋានៈ តំណែង តួនាទី បុណ្យសក្កិរបស់មន្ត្រី។​ ទី​២ សម្រាប់ការដំ​ឡើងប្រាក់បៀវត្សរ៍​និងការឲ្យរង្វាន់។ មន្ត្រីល្អ ស្មោះត្រង់ មានសមត្ថភាពខ្ពស់ ប្រាក់ខែកាន់ តែច្រើន។ មន្ត្រីអន់ ការងារ​មិនកើតការ ពុករលួយ ប្រាក់ខែតិច តំណែងតូច ទើបអាចទាក់ទាញមនុស្សដែលល្អ និងមានសមត្ថភាពខ្ពស់ពីវិស័យឯកជនឲ្យចង់ចូលធ្វើការងារាជការ ហើយផលិតភាពការងាររបស់ស្ថាប័ននីមួយៗបានខ្ពស់ ពីព្រោះមន្ត្រីមានទឹកចិត្តធ្វើការងារ។ ជាក់ស្តែងសព្វថ្ងៃ បើមួយនាយកដ្ឋានគ្នា១០នាក់ មន្ត្រីដែលធ្វើការងារពិតប្រាកដគឺមានតែ៣ទៅ៤នាក់ប៉ុណ្ណោះ។ ធ្វើការងា​រច្រើន ប្រឹងប្រែង ស្មោះត្រង់ តែប្រាក់ខែតិច ហើយឋានៈមិនឡើង តើមន្ត្រីល្អមានទឹកចិត្តឯណាចង់ធ្វើការទៀត? មន្ត្រីល្អមិនចង់ធ្វើការ តើរាជការសង្ឃឹមអ្វីទៀត?

ទី៤. ការបែងចែកតួនាទីភារកិច្ចមន្ត្រីតាមស្ថាប័ននីមួយៗក្នុងជួររាជការ ត្រូវតែធ្វើឡើងដោយ ច្បាស់​លាស់។ បើទោះជាមន្ត្រីល្អប្រឹងប្រែងធ្វើការងារយ៉ាងណាក៏ដោយ ឲ្យតែរំលោភទៅលើ ដែន​សមត្ថកិ​ច្ចរបស់មន្ត្រីឬផ្នែកដទៃទៀត ត្រូវអនុវត្តច្បាប់ ដាក់ពិន័យ ដាក់ទណ្ឌកម្ម ទើបធ្វើឲ្យរាជកា​រមានស​ណ្តាប់ធ្នាប់ល្អ។ សព្វថ្ងៃនិយាយឲ្យ​ចំទៅ កន្លែងដែលខ្វះសណ្តាប់ធ្នាប់ជាងគេគឺក្នុងជួ​ររាជការ​នឹង​តែម្តង។ រាជការជាឆ្អឹងខ្នងរបស់ជាតិមិនមែនកន្លែងបង្ហាញម៉ូត ពាក់សក្តិមន្ត្រីបង្អួតគ្នាទេ។ រាជការត្រូវតែជាកន្លែងមានវិន័យសណ្តាប់ធ្នាប់តឹងតែងត្រឹមត្រូវ មិនមែនជារោងល្បែងស៊ី​សងរបស់ពួក​ជើងកាង ធ្វើអ្វីស្រេចតែក្បាលចិត្តនោះទេ។ ការបង្កើតរាជការក្នុងរាជការ គឺជារឿងសោកស្តាយរបស់ជាតិ។

ដើម្បីបានរាជការដែលមានលក្ខណៈស្អាតស្អំបែបនេះបាន គឺត្រូវការមនុស្សថ្មី ច្បាប់ថ្មី។ មនុស្សបង្កើតច្បាប់។ ច្បាប់គ្រប់​គ្រងមនុស្ស។ មិនមែនមនុស្សគ្រប់គ្រងមនុស្សទេ។ មនុស្សអាចត្រូវអាចខុស តែច្បាប់ជាបន្ទាត់។ មនុស្សអាចវៀច អាចរេរា តែច្បាប់ត្រង់ មិនលម្អៀង​។ មនុស្សស្លាប់បាត់ តែច្បាប់មិនចេះសក។ មនុស្សឡើងចុះ តែច្បាប់រឹងដូចភ្នំ។ រាជការអាចដោះដូរ តែស្ថាប័នស្ថិតស្ថិរ​ តាមច្បាប់ អនុវត្តច្បាប់ គោរពច្បាប់ ប្រកាន់ច្បាប់។ មន្ត្រីអាក្រក់ បង្កើត ច្បាប់លំអៀង។ ច្បាប់លំអៀង បង្កើតអយុត្តិធម៌ មនុស្សលែង គោរពច្បាប់។ មនុស្សលែងគោរព​ច្បាប់ រាជការបាត់លំនឹង រញ៉េរញ៉ៃ អត់សណ្តាប់ធ្នាប់ ពុករលួយ ជាតិវឹកវរ រាស្ត្របាត់ជំនឿ​លើរា​ជការ។

សព្វថ្ងៃនេះ ក្នុងក្រសែភ្នែករបស់ប្រជារាស្ត្រខ្មែរ មើលរាជការខ្មែរ គឺបោកប្រាស់ រកជឿ រកទុក​ចិត្តមិ​នបាន។ ដូចនេះការងារធំរបស់អ្នកនយោបាយណាក៏ដោយដែលចង់គ្រប់គ្រងដឹកនាំ រាជការខ្មែរ គឺត្រូវកសាងនូវជំនឿពីសំណាក់ពលរដ្ឋខ្មែរលើរាជការខ្មែរ។ ប្រើប្រាស់ច្បាប់ថ្មី ដើម្បីពង្រឹង​ជំនឿចិត្តរាស្ត្រ។ ហើយទាល់តែរាស្ត្រមានជំនឿ ទើបអំណាចរាជការរឹងមាំ។  អំណាចរាជការរឹង​មាំ​ ទើ​បជាតិរីកចម្រើន​ ទើបជាតិគង់វង្ស៕  

និស្សិត ក្មេងវត្ត កូនអ្នកស្រែ សូរ សមយុទ្ធ

សរសេរមកកាន់លោក សូរ សមយុទ្ធ តាមរយៈSosamyuth@gmail.com

What Next?

Recent Articles