ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី22 កក្កដា 2015
http://vodhotnews.com
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចាត់ទុកថា“ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជាមានភាពល្អប្រសើរជាងមុន គួរឲ្យកត់សម្គាល់”ក្រោយពីមានកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សប្រឆាំងដែលមានរយៈពេលមួយឆ្នាំមកហើយ។
កាលពីថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤ គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិបានយល់ព្រមលើដំណោះស្រាយនយោបាយរួមគ្នាមួយ ក្រោយពីតំណាងរាស្រ្តគណបក្សប្រឆាំង៥៥រូបបានធ្វើពហិការមិនចូលរួមប្រជុំសភា ក្រោយពីការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣។ គណបក្សទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ចំនួន៧ចំណុច រួមមាន៖ ទី១ ចូលរួមធ្វើការជាមួយគ្នាក្នុងរដ្ឋសភា ទី២ កែទម្រង់ការបោះឆ្នោតដោយរៀបចំស្ថាប័នរៀបចំការបោះឆ្នោតជាស្ថាប័នដែលមានភាពឯករាជ្យពេញលេញចែងក្នុងរដ្ឋធម្មនុញ្ញ ទី៣ កំណត់ឡើងវិញនូវកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ទី៤ រៀបចំឲ្យមានការបែងចែកអំណាចដាច់ពីគ្នាវរវាងអំណាចនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ទី៥ រៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា ទី៦ ធ្វើការកែទម្រង់និងពង្រឹងស្ថាប័នជាតិសំខាន់ៗ និងទី៧ ធ្វើការសិក្សាដើម្បីឈានទៅធ្វើវិសោធនកម្មបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងនេះ។ គណបក្សសង្រ្គោះជាតិក៏ទទួលបានអាជ្ញាប័ណ្ណទូរទស្សន៍មួយពីក្រសួងព័ត៌មាន និងការដោះលែងតំណាងរាស្រ្តដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងហិង្សានៅទីលានប្រជាធិបតេយ្យ។
លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “ថ្ងៃនេះជាខួបទីមួយនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយ រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា មានភាពល្អប្រសើរជាងមុន គួរឲ្យកត់សម្គាល់”។ លោក សម រង្ស៊ី បន្តថា៖“ទោះជានៅមានបញ្ហាច្រើនទៀត ដែលគណបក្សទាំងពីរមិនទាន់ឯកភាពគ្នានៅឡើយក៏ដោយ ហើយទោះជាមានព្យុះភ្លៀងនិងផ្គរ ម្តងម្កាលក៏ដោយ ក៏គណបក្សសង្រ្គោះជាតិនៅតែខិតខំរក្សានិងពង្រឹងវប្បធម៌សន្ទនា ដែលបានកើតចេញពីកិច្ចព្រមព្រៀងខាងលើនេះ។ សម្តេច ហ៊ុន សែន និងរូបខ្ញុំ ជាសហស្ថាបនិក នៃវប្បធម៌សន្ទនានេះ ដែលនាំមកនូវរបត់នយោបាយមួយជាប្រវត្តិសាស្ត្រ។ យើងទាំងពីរនាក់ យល់ឃើញថា មានតែវប្បធម៌សន្ទនានេះទេ ដែលអាចធានាសន្តិភាព និងសេចក្តីសុខជូនប្រជារាស្ត្រខ្មែរទាំងមូល ទោះជាមានការប្រែប្រួលនយោបាយយ៉ាងណាក៏ដោយនាពេលអនាគត”។
លោក សម រង្ស៊ី បានបញ្ជាក់ថា៖“ម្យ៉ាងវិញទៀត វប្បធម៌សន្ទនានេះ ពង្រឹងឯកភាពជាតិ ដើម្បីឲ្យជនជាតិខ្មែរគ្រប់រូបនិងគ្រប់និន្នាការនយោបាយ ចេះពួតដៃគ្នា ដើម្បីការពារទឹកដីប្រទេសកម្ពុជារបស់យើងទាំងអស់គ្នាឲ្យនៅគង់វង្សជានិរន្តិ៍”។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសលោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិ១០នាក់ផ្សេងទៀតឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំ ពីបទដឹកនាំនិងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
