លោក សម រង្ស៊ី ថា​បន្ត​គាំទ្រ​កម្មករ​ដើម្បី​ទាមទារ​ប្រាក់ខែ​គោល​ឲ្យបាន​១៨០​ដុល្លារ​​

ដោយ៖​ ថោ ស៊ីណា​ | ថ្ងៃពុធ ទី22 កក្កដា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

យុទ្ធ​នាការ​ទាម​ទារ​ប្រាក់​ខែ​គោល​១៦០$របស់​កម្ម​ករ​ កាលពីចុង​ឆ្នាំ​២០១៣


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​គាំទ្រ​ឱ្យ​មេដឹកនាំ​សហជីព និង​កម្មករ​កាត់ដេរ​ក្នុង​ការទារ​ប្រាក់ខែ​គោល​ឲ្យបាន​១៨០​ដុល្លារ ដើម្បី​ឲ្យ​សមស្រប​តាម​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​។ 

​លោក សម រង្ស៊ី បានប្រកាស​ដូចនេះ ខណៈ​ចូលរួម​កិច្ចប្រជុំ​ប្រចាំត្រីមាស​នៅ​ទីស្នាក់ការ​សហជីព​សេរី​កម្មករ​កម្ពុជា​របស់លោក ជា មុនី កាល​ពី​ម្សិលមិញ​។ លោក សម រង្ស៊ី ថ្លែងថា ប្រាក់ខែ​គោល​អប្បបរមា​១២៨​ដុល្លារ បច្ចុប្បន្ន​គឺ​មិន​សមស្រប​ទៅ​នឹង​អតិផរណា ឬ​ការ​ហក់​ឡើងថ្លៃ​នៃ​ទំនិញ​នៅលើ​ទីផ្សារ​កម្ពុជា​នោះទេ​។ លោក​ថា​៖ “​ពីព្រោះថា ឥឡូវ​នេះ​ស្រុក​ខ្មែរ​យើង​ប្រាក់ខែ​កម្មករ​១២៨​ដុល្លារ​អត់​គ្រប់គ្រាន់ សូម​ឲ្យ​ក្មួយៗ​ទាមទារ​ឲ្យបាន​១៨០​ដុល្លារ​ឱ្យ​ទាល់តែ​បាន​។ ខ្ញុំ សម រង្ស៊ី គណបក្ស​សង្គ្រោះ​ជាតិ និង​គាំទ្រ​ក្មួយ​កម្មករ កម្មការិនី ចលនា​ពលករ​ទាំងអស់​ទាមទា​រ​ឲ្យបាន​ប្រាក់ខែ​អប្បបរិមា​តិច​បំផុត​១៨០​ដុល្លារ​ជា​ប្រាក់ខែ​គោល​” ​។​

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បញ្ជាក់បន្ថែម​ថា តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​ពិតជា​ឡើងថ្លៃ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​រួម​មាន អង្ករ តំលៃ​គ្រឿងទេស​នានា និង​តម្លៃ​ផ្ទះ​ជួល​ជា​ដើម​។ 

VOD មិន​ទាក់ទង​អ្នកនាំពាក្យ​ប្រសួង​ការ​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ដើម្បី​បំភ្លឺ​ពី​ការលើកឡើង​របស់​ប្រធាន​គណបក្សប្រឆាំង​រូបនោះ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នកទទួល​។ 

​ប៉ុន្តែ​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC លោក ខេន លូ (Ken Loo) ប្រាប់​វី​អូ​ឌី​(VOD)​តាម​ទូរស័ព្ទ​ថា ប្រាក់ខែ​គោល​អប្បបរមា​របស់​ក​ម្មករ​កម្មការិនី​នៅក្នុង​ឆ្នាំ​២០១៦ គឺ​មិន​អាច​ឡើងដល់​១៨០​ដុល្លារ​ទេ ដោយ​លោក​អះអាងថា ទាំង​អ្នក​បញ្ជា​ទិញ និង​និយោជក​មិន​អាចមាន​លទ្ធភាព​ដំឡើង​បានឡើយ​។ លោក​ថា​៖ “​ទាល់តែ​អ្នកបញ្ជា​ទិញ គាត់​ព្រម​បង់លុយ​ថែម​ឲ្យ​យើង ពី​ព្រោះ​លុយ​មិនមែន​តម្កល់​នៅ​ថៅកែ​រោងចក្រ​ទេ លុយ​តម្កល់​នៅ​អ្នកបញ្ជា​ទិញ បើ​តម្លៃ​នៃ​អ្នកបញ្ជា​ឲ្យ​យើង​កើនឡើង អ៊ីចឹង​បើក​ប្រាក់ខែ​កម្មករ​ឲ្យ​ខ្ពស់​” ​។​

​ចំណែក​មន្ត្រី​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO លោក ហួត ជា បាន​ឆ្លើយ​តាម​អ៊ី​ម៉ែ​ល​មកកាន់ VOD ថា លោក​សុំ​មិន​ឆ្លើយ ទាក់ទង​នឹង​ការលើក​ឡើង​មេដឹកនាំ​គណបក្សប្រឆាំង​នោះ​ទេ​។ 

បច្ចុប្បន្ន​ប្រាក់​ឈ្នួល​គោល​កម្មករនិយោជិត ក្នុង​ឆ្នាំ​២០១៥ បានទទួល​១២៨​ដុល្លារ​។ ការដំឡើង​បាន​ត្រឹមនេះ ដោយ​មេដឹកនាំ​សហជីព​ដែល​ធ្លាប់​បើក​យុទ្ធនាការ​ប្រាក់​ឈ្នួល លើកឡើងថា ដោយសារតែ​មាន​ការតវ៉ា​ខ្លាំងក្លា​ពី​សំណាក់​កម្មករ ក្នុង​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ ដោយ​មាន​ការគាំទ្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​៕ 

​សូម​សរសេរ​មក​លោក ថោ ស៊ីណា តាមរយៈ sina@vodhotnews.com

What Next?

Recent Articles