
សិល្បករ ៣ រូបដែលត្រូវបានជ្រើសរើសគឺ យីម ម៉ាលីន កញ្ញា អេង រិទ្ធិចាន់ដាណែត និង ចូវ ធានលី។ រូបថត សហការី
Wed, 22 July 2015
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ វិចិត្រករខ្មែរជំនាញគំនូររូបីចំនួនបីរូបទទួលបានឱកាសទៅធ្វើទស្សនកិច្ចវិចិត្រកម្មចំនួនបួនសប្តាហ៍នៅអាមេរិកបន្ទាប់ពីត្រូវបានកម្មវិធី USA Artist Residence ជ្រើសរើសក្នុងចំណោមវិចិត្រករ ៩ រូប។
USA Artist Residence គឺជាកម្មវិធីរបស់អង្គការ Vermont Studio Center (VSC) នៅឯសហរដ្ឋអាមេរិកបានសហការជាមួយអង្គការសិល្បៈខ្មែរអមតៈ (CLA) ដែលចម្រាញ់យកវិចិត្រករជំនាញគំនូរនៅកម្ពុជាចាប់ពីថ្ងៃទី ១ ដល់ទី ១៨ ខែមិថុនា កន្លងមក និងបានរកឃើញបេក្ខជនជ័យលាភីចំនួនបីរូប។
ទីមួយគឺជាវិចិត្រករ ចូវ ធានលី មានកំណើតកើតជានៅខេត្តបាត់ដំបង និងចេះគូរគំនូរដោយខ្លួនឯងទាំងមិនធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាល។
វិចិត្រករដែលធ្លាប់បង្ហាញស្នាដៃនៅទឹកដីសិង្ហបុរីផងដែររូបនេះបានឲ្យដឹងថា៖ «ខ្ញុំសង្ឃឹមថានឹងទទួលបានចំណេះដឹងដ៏ទូលាយផ្នែកសិល្បៈគំនូរដើម្បីអភិវឌ្ឍទេពកោសល្យ និងការច្នៃប្រឌិតឲ្យបានល្អដល់ចំណុចកំពូលហើយខ្ញុំក៏សង្ឃឹមដែរថានឹងអាចបង្កើតស្នាដៃគំនូរចម្រុះរវាងវប្បធម៌ខ្មែរ-អាមេរិកទៀតផង»។
បេក្ខនារីទី ២ មកពីខេត្តបាត់ដំបងដូចគ្នាគឺ វិចិត្រករស្រី យីម ម៉ាលីន វ័យ ៣៣ ឆ្នាំដែលជាអតីតសិស្សរបស់សាលាហ្វារពន្លឺសិល្បៈ និងបញ្ចប់ការសិក្សាផ្នែកសិល្បៈនៅប្រទេសបារាំងកាលពីឆ្នាំ ២០១០។
សិល្បការិនីដែលធ្លាប់ពាំនាំស្នាដៃរបស់នាងទៅដល់ប្រទេសសិង្ហបុរីដូចគ្នានោះបានលើកឡើងថា៖ «កម្មវិធីនេះនឹងក្លាយជាការបើកទំព័រសករាជថ្មីនៃអាជីពជំនាញគំនូរខ្ញុំ។ នាងខ្ញុំសង្ឃឹមថានឹងបានជួបបរិស្ថានថ្មី មនុស្សថ្មី ធម្មជាតិថ្មី ស្ទីលថ្មី និងក្តីសង្ឃឹមថ្មីផ្នែកគំនិតកែច្នៃ។ ទោះបីនាងខ្ញុំធ្លាប់ទទួលបទពិសោធជាមួយនឹងក្រុមវិចិត្រករអាមេរិកពីមុនក្តីតែលើកនេះនឹងក្លាយជាសករាជថ្មីសម្រាប់ខ្ញុំជាមិនខាន»។
រីឯបេក្ខនារីទី ៣ កញ្ញា អេង រិទ្ធិចាន់ដាណែត មានកំណើតនៅភ្នំពេញ និងជាសមាជិកនៃក្រុមវិចិត្រករវ័យក្មេង White Building Collective បានឲ្យដឹងថា៖ «Vermont Studio Center នឹងជួយឲ្យនាងខ្ញុំទទួលបាននូវបទពិសោធ និងបានសិក្សាស្វែងយល់ច្រើននូវផ្នត់គំនិតផ្នែកសិល្បៈ។ នាងខ្ញុំក៏មានបំណងចង់ផ្លាស់ប្តូរបទពិសោធ និងស្វែងយល់ពីមនុស្សដែលមានវប្បធម៌ផ្សេងគ្នាដែរជាពិសេសពីទម្រង់សិល្បៈ និងបច្ចេកទេសនានាផ្នែកវិចិត្រកម្មតែម្តង»។
កញ្ញា អេលីហ្សា ស្តាមភ្ស៍ អ្នកគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍របស់ Vermont Studio Center ថា៖ «គោលដៅសហការជាដៃគូរវាង VSC និង CLA គឺចង់ឲ្យក្រុមវិចិត្រករខ្មែរទទួលបាននូវបទពិសោធផ្នែកវិចិត្រកម្ម និងអាចយកមកអភិវឌ្ឍនៅសហគមន៍ខ្លួនបន្ទាប់ពិវិលត្រឡប់មកវិញ»។
កញ្ញា ឌិន ដារ័ត្នតី អ្នកសម្របសម្រួលផ្នែកកម្មវិធីទំនាក់ទំនងនៃអង្គការសិល្បៈខ្មែរអមតៈបានឲ្យដឹងថាកម្មវិធី USA Artist Residence នេះនឹងផ្តល់ការស្នាក់នៅឲ្យវិចិត្រករខ្មែរទាំងបីរយៈពេលបួនសប្តាហ៍ដើម្បីឲ្យពួកគេមានឱកាសសិក្សាស្វែងយល់ពីទម្រង់សិល្បៈគំនូរមុនបន្តទស្សនកិច្ចនៅទីក្រុងញូវយ៉ក។
កញ្ញាបង្ហើបឲ្យដឹងថា៖ «ក្រុមវិចិត្រករខ្មែរទាំងបីរូបនេះនឹងចេញដំណើរទៅដល់សហរដ្ឋអាមេរិកនៅត្រឹមថ្ងៃទី ៣០ ខែសីហាខាងមុខនេះ»៕