Tue, 21 July 2015
តុង សុប្រាជ្ញ
ភ្នំពេញប៉ុស្តិ៍
តើរាជរដ្ឋាភិបាលខំប្រឹងសាងសង់ទំនប់វារីអគ្គិសនីធ្វើអ្វី? បើបច្ចុប្បន្នតម្លៃភ្លើងនៅតែថ្លៃ ការកិបកេងស៊ីល្បឿនកុងទ័រតម្លៃលើសពីធម្មតាច្រើនពេកតើអគ្គិសនីកម្ពុជា (EdC) បង្កភាពមិនប្រក្រតីបែបហ្នឹងកើតឡើងរាល់ថ្ងៃឲ្យតែដល់ពេលបង់ភ្លើងម្តងៗ ម្តងឮខាងណេះម្តងឮខាងណោះ? ឬក៏ខំប្រឹងកិបកេងពីអ្នកមានមកជួយអ្នកក្រ (កម្មកររោងចក្រ)? ឬក៏ខំកិបកេងដើម្បីប្រធាន EdC ខ្លួនឯងហ្នឹង? ឬក៏ដើម្បីបក្ស និងសម្រាប់កាកបាទក្រហម? បានជាសេវាហ្នឹងចេះតែមានភាពមិនប្រក្រតី (Error) កុងទ័រ និងតម្លៃភ្លើងតែអ៊ីចឹងរាល់តែដងហ្នឹង។
ព្រលឹមឡើងបើកភ្នែកមិនទាន់ទេទៅមើលការិយាល័យអគ្គិសនីកម្ពុជានៅជិតវត្តភ្នំទៅឃើញប្រជាពលរដ្ឋឈរតម្រៀបជួរគ្នាចាំប្តឹងពីភាពមិនប្រក្រតីនៃតម្លៃភ្លើងហើយ។ ខ្លះទៀតក្តៅក្រហាយពេកខ្ជិលទៅរករឿងនៅ EdC ក៏សម្តែងការឈឺចាប់បង្ហោះពីភាពមិនប្រក្រតីនៃតម្លៃភ្លើងតាមរយៈ ហ្វេសប៊ុកទៅ។ រីឯ ខ្លះទៀតក៏រវល់ខ្ជិលទៅចំណាយពេលទៅរករឿងក៏ចេះតែបង់ៗឲ្យបាត់ពីមុខពីមាត់ទៅ។
រឿងភ្លើងនេះពេលខ្លះប្រជាពលរដ្ឋមិនដឹងជាទៅប្តឹង ឬក៏ពឹងពាក់អ្នកណាទៀតហ្នឹងបើពឹងទៅគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងគឺជួយប្រជាពលរដ្ឋតាមបែបឈូឆរទៅតាមទំនោរទៅតាមរដូវធ្លាក់ខ្យល់ ឬក៏រដូវធ្លាក់ភ្លៀងដើម្បីទាក់ទាញសន្លឹកឆ្នោតតែគ្មានលក្ខណៈម្ចាស់ការទទួលខុសត្រូវរបស់ខ្លួនឯងសោះ។
បើទោះបីជា មានការបែងចែកប្រធានគណៈកម្មការនៅរដ្ឋសភាក៏ដោយក៏តំណាងរាស្ត្របក្សប្រឆំាងទាំងនោះជួនកាលបានត្រឹមតែធ្វើតាមក្រោយព្រឹត្តិការណ៍កើតឡើងដូចរឿងថ្មីៗនេះការឆ្លងរាលដាលនៃជំងឺអេដស៍នៅឃុំរកា ខេត្តបាត់ដំបង និងការពុលនំប៉័ងដាក់សាច់នៅខេត្តសៀមរាបជាដើម។ តំណាងរាស្ត្រទាំងនោះនាំគ្នាទៅអើតមួយភ្លែត និងហៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលមកសួរមួយភ្លែតទៅចប់ហើយជួនកាលឲ្យតែភ្លែតឡើងបានត្រឹមតែថ្លែងថាគាត់សមតែចុះចេញពីតំណែងតែប៉ុណ្នឹង។
នរណាទៅចុះចេញពីតំណែងស្រួលៗម្ល៉េះនៅស្រុកខ្មែរនោះបើតំណាងរាស្ត្រទាំងនោះ មិនបានទាញហេតុផលរកឫសគល់នៃបញ្ហាឲ្យបានស៊ីជម្រៅ និងធ្វើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រពីរបត់សង្គម ឬក៏និន្នាការនយោបាយនៅលើពិភពលោកយកមកធ្វើជាអំណះអំណាងផង និងបើមិនធ្វើការរិះគន់ទៅតាមបច្ចេកទេស និងមិនបង្ហាញស្ថានភាពជាក់ស្តែងបច្ចុប្បន្នភាពរាល់ថ្ងៃនោះទេគឺមន្ត្រីរដ្ឋាភិបាលមិនងាយរង្គើទេ។
ជាពិសេស បញ្ហាដែលកើតមានរាល់ថ្ងៃ ដូចជាអាហារនំាចូលជាតិគីមីពុលទឹកស៊ុបចូលមកទាំងធុងៗ ផ្លែឈើមើលទៅស្រស់ៗរហូតនៅកន្លែងលក់តែដល់ពេលទិញមកផ្ទះហូបបានតែ ៣ ទៅ ៤ ម៉ោងស្លោកសម្បកអស់។
នេះជាបញ្ហាដែលតំណាងរាស្ត្របក្សប្រឆាំងត្រូវតែដុកដាន់រាល់ថ្ងៃបើរដ្ឋាភិបាលគេមិនកែប្រែអាណត្តិក្រោយប្រជាពរដ្ឋដកសេចក្តីទុកចិត្តហើយ។ ដូចគ្នានេះដែររឿងថ្លៃប្រេងសាំងឡើងថ្លៃពេលនេះរឿងអគ្គិសនីប្រជាពលរដ្ឋនៅទីណាក៏ត្អូញត្អែរពីតម្លៃខុសពីធម្មតាហើយនៅតែថ្លៃបើទោះបីជាមានទំនប់វារីអគ្គិសនីដំណើរការខ្លួនឯងហើយក៏ដោយតែគ្មានតំណាងរាស្ត្របក្សប្រឆាំងណាស្រែកមួយម៉ាត់សោះស្ងាត់ច្រៀបដូចចោរលួចសេះ។
តែផ្ទុយទៅវិញ តំណាងរាស្ត្របក្សប្រឆាំងនាំគ្នាផ្អើលឈូឆរទៅអើតមើលព្រំដែន កម្ពុជា-វៀតណាម ទៅតទល់នឹងប្រជាជន និងអាជ្ញាធរវៀតណាម និងឡូឡាបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់មើលទៅសម្បើមណាស់ទៅវិញពីណាពីណីមកមិនធ្វើទេដែលបញ្ហាទាំងនេះបក្សកាន់អំណាចគេកំពុងតែធ្វើការរាល់ថ្ងៃនោះដែរមានទាំងបោះបង្គោលទីតាំងព្រំដែន និងការបណ្តេញជនបរទេសខុសច្បាប់ដែលភាគច្រើនជាជនជាតិវៀតណាមចេញពីស្រុកខ្មែរនោះនៅ ៦ ខែដើមឆ្នាំនេះរាជរដ្ឋាភិបាលបានបណ្តេញជនបរទេសខុសច្បាប់ជាង ១២០០ នាក់ហើយ។
មើលការងាររបស់បក្សប្រឆំាងហាក់បីដូចជាធ្វើកិច្ចការពីក្រោយរដ្ឋាភិបាលធ្វើ។រីឯការងារស្នូលរបស់ខ្លួនឯងបក្សប្រឆាំងដែលកំពុងមានអំណាចទទួលបន្ទុកប្រធានគណៈកម្មការខ្លះនៅរដ្ឋសភាដូចបញ្ហារ៉ែ និងថាមពលមិនបានកោះហៅរដ្ឋមន្ត្រី ឬក៏ធ្វើការរិះគន់ឲ្យចំៗទៅតាមបច្ចកទេសទៅលើភាពមិនប្រក្រតីដដែលៗចំពោះបញ្ហាប្រើប្រាស់ថាមពលអគ្គិសនីមិនគ្រប់គ្រាន់ និងភាពមិនប្រក្រតីតម្លៃថ្លៃហួសហេតុនោះទេដែលការងារនេះតំណាងរាស្ត្រត្រូវតែជីកឫសជីកគល់ដុកដាន់ជាប្រចាំគឺធ្វើទៅតាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនមិនមែនគេផ្អើលស្រចុះស្រឡើងទៅព្រំដែនទៅនឹងគេ គេផ្អើលរិះគន់ និងដេញនិគមជនជាតិវៀតណាមក៏រិះគន់ និងដេញនឹងគេទៅនោះទេ។
ម្យ៉ាងវិញទៀត បញ្ហាផ្តល់សេវាសាធារណៈអគ្គិសនីដែលមានលាយឡំគ្នាជាមួយក្រុមហ៊ុនក៏ដោយ ក៏នៅមានបញ្ហាមិនចេះចប់មិនចេះហើយសោះមើលទៅហាក់បីដូចជាគ្មានអ្នកធ្វើការត្រួតពិនិត្យជាលក្ខណៈស្តង់ដារសោះបើធ្វើការប្រៀបធៀបគ្នាជាមួយសេវាសាធារណៈរបស់ការិយាល័យច្រកចេញចូលតែមួយដែលមាននៅតាមក្រុង-ស្រុក-ខណ្ឌគោលដៅវិញដែលបច្ចុប្បន្ននេះតាមរយៈវេបសាយរបស់ការិយាល័យច្រកចេញចូលតែមួយ (www.owso.gov.kh) នៃរដ្ឋបាលមូលដ្ឋានរបស់ក្រសួងមហាផ្ទៃបង្កើតបានចំនួន ៣៦ ការិយាល័យដាក់ឲ្យប្រើប្រាស់ហើយ។
សេវានេះកំពុងពេញនិយមនៅតាមមូលដ្ឋានជាសមិទ្ធផលមួយផ្នែករបស់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (D&D) តាមរយៈការធ្វើប្រតិភូកម្មមុខងារសេវាសាធារណៈពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិមានន័យថាផ្ទេរមុខងារជាលក្ខណៈសេវារបស់ក្រសួងមកមូលដ្ឋានដែលនៅកៀកនឹងប្រជាពលរដ្ឋ។
មកទល់បច្ចុប្បន្ន គឺមានក្រសួង និងស្ថាប័នចំនួន ១១ ហើយដែលបានធ្វើប្រតិភូកម្មមកថ្នាក់ក្រោមជាតិគឺមកក្រុង-ស្រុក-ខណ្ឌជាគោលដៅដោយធ្វើការងារជាចង្វាក់បំពេញសំណុំបែបបទហើយចាំតែថ្ងៃណាត់មកទទួលឯកសារ ឬក៏ចេញអាជ្ញាប័ណ្ណ។
ជាងនេះទៅទៀត គឺមានការិយាល័យមួយដែលបុគ្គលិករង់ចាំទទួលពាក្យបណ្តឹង និងរកដំណោះស្រាយជូនអតិថិជនដែលមកទទួលសេវានេះទៀតផង ហើយសេវាច្រកនេះកំពុងពង្រើកវិសាលភាពបន្ថែមទៀតដើម្បីកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាលទ្ធផលនៅឆ្នាំ ២០១៤ គឺច្រកចេញចូលតែមួយរកបានប្រាក់ចំណូលជាង ២ លានដុល្លារដែលកាលពីមុនលុយនេះមិនដឹងជានៅទីណាប្រាក់ចំណូលដែលបានមកពីសេវានេះគឺយកមកអភិវឌ្ឍនៅនឹងកន្លែងដើម្បីឲ្យមានតម្លាភពជាមួយពលរដ្ឋ។
ដោយឡែកប្រាក់ចំណូលបានពីអគ្គិសនីមិនដឹងជាចាយទៅលើអ្វីខ្លះនោះទេ? សេវាក៏យ៉ាប់ហើយបើហ៊ានតែតវ៉ាខ្លាំងបុគ្គលិក EdC ថាឲ្យមកវិញបិទភ្លើងខានប្រើឥឡូវហ្នឹង! ហើយបើធ្វើទំនប់វារីអគ្គិសនីក្នុងស្រុកហើយតម្លៃនៅតែថ្លៃដដែលជាដដែលកុំទៅសាងសង់ធ្វើអីនាំតែបំផ្លាញបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ និងសត្វនៅក្បែរទីនោះទៀតផង។ បើប្រជាពលរដ្ឋនៅតែប្តឹង និងត្អូញត្អែររឿងភ្លើងហ្នឹងបន្ដទៀត រាជរដ្ឋាភិបាលគួរតែកែទម្រង់ចេញទៅឲ្យដូចសេវាសាធារណៈច្រកចេញចូលតែមួយដើម្បីធ្វើជាសេវាសាធារណៈគំរូនោះ៕
ចូលរួមផ្តល់យោបល់តាមរយៈsoprach.tong@phnompenhpost.com
