ដោយ៖ ស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី23 កក្កដា 2015
http://vodhotnews.com
ក្រសួងការបរទេសកម្ពុជាតាមរយៈស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិនកំពុងអន្តរាគមន៍ជួយស្រ្តីខ្មែរ៣នាក់ទៀតដែលរងគ្រោះដោយសារត្រូវគេលក់ឲ្យបុរសជនជាតិ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបង្ហាញថាក្រសួងការបរទេសបានណែនាំឲ្យស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិនអន្តរាគមន៍ជួយស្រ្តីខ្មែររងគ្រោះចំនួន៣នាក់ដែលត្រូវបានមេខ្យល់បោកបញ្ឆោតថានាំទៅធ្វើការនៅប្រទេសចិន កាលពីដើមឆ្នាំ២០១៤។ សេចក្តីប្រកាសព័ត៌មានបន្តថាមេខ្យល់បានយកស្រ្តីទាំងនោះទៅលក់ឲ្យបុរសចិនយកធ្វើជាប្រពន្ធ ហើយបច្ចុប្បន្នស្រ្តីខ្មែរទាំង៣នាក់នោះត្រូវបានប្ដីជនជាតិចិនធ្វើបាបនិងបិទសិទ្ធិសេរីភាព ។
សេចក្តីប្រកាសបន្តថាក្រសួងការបរទេសកម្ពុជាក៏បានទាក់ទងអង្គការទេសន្តប្រវេសន៍អន្តរជាតិ(IOM) ឲ្យជួយសម្រួលមាតុភូមិនិវត្តន៍របស់ស្ត្រីរងគ្រោះទាំង៣នាក់នេះ។
កាលពីថ្ងៃពុធ ស្រ្តីខ្មែរពីរនាក់ដែលរងគ្រោះដោយសារចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរស ជនជាតិចិនតាំងពីឆ្នាំ២០១៣ ត្រូវបានក្រសួងការបរទេសកម្ពុជាជួយសង្រ្គោះនិងបញ្ជូនមកកម្ពុជា វិញ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសឲ្យដឹងថា នាពេលកន្លងមកក្រសួងការបរទេសកម្ពុជានិងស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសចិនធ្លាប់បានចុះអន្តរាគមន៍និងជួយបញ្ជូនស្រ្តីខ្មែរជាច្រើននាក់ដែលបានចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរសជនជាតិចិន។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជាបានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរជាពិសេសស្រ្តីឲ្យមានការប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តទៅធ្វើការឬទៅរៀបការជាមួយបុរសជនជាតិចិន ហើយទៅរស់នៅប្រទេសចិន។ ក្រសួងអំពាវនាវឲ្យប្រជាពលរដ្ឋពិចារណាឲ្យបានច្បាស់លាស់និងមិនត្រូវស្តាប់តាមការអូសទាញពីសំណាក់មេខ្យល់នោះទេ។
គួរបញ្ជាក់ថាកាលពីខែឧសភា ឆ្នាំ២០១៥ ស្ត្រីខ្មែរ៣ដែលរងគ្រោះដោយសារចាញ់បោករៀបការជាមួយជនជាតិចិន ត្រូវបានជួយសង្គ្រោះនិងបញ្ជូនពីប្រទេសចិនមកកម្ពុជា។ របាយការណ៍របស់សមាគមអាដហុកប្រចាំឆ្នាំ២០១៤រកឃើញថា ស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរសជនជាតិចិនមាន៥០ ករណី ដែលមានស្ត្រីខ្មែរ៥១នាក់ ហើយអាដហុកជួយសង្គ្រោះបាន២០នាក់៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
