Thu, 23 July 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: វាពិតជាភ្ញាក់ផ្អើលណាស់ដែលតារាសម្តែងល្បីសម្រស់ក៏ស្រស់សោភាជំនួញឆ្លងប្រទេសក៏ពូកែបែរជាប្រកូកប្រកាសលក់លៀសពេញអ៊ីស្តាក្រាមបង្កការភ្ញាក់ផ្អើលនាំឲ្យមជ្ឈដ្ឋានជាច្រើនលាន់មាត់ថា «គង់ ច័ន្ទស្រីមុំ អស់ជំនួញបើកឬបានជាមករកស៊ីលក់លៀស?»។
នៅអំឡុងឆ្នាំ ២០១៥ ខណៈដំណឹងដឹកដៃគូដណ្តឹងរាប់ឆ្នាំចូលរោងការដែលធ្លាប់តែប្រកាសក្តែងៗថានឹងគិតគូរមិនឲ្យរំលងផុតឆ្នាំនេះនោះ គង់ ច័ន្ទស្រីមុំ បែរជាទុករឿងរៀបការមួយអន្លើសិនដោយងាកមកពង្រឹងជំនួញ។ សូម្បីតែពិធីខួបកំណើតប្រជុំអ្នកសិល្បៈដូចលើកមុនៗក៏មិនចង់ធ្វើធំដុំក្រោមហេតុផលមិនមានពេលវេលា។
សព្វថ្ងៃនៅក្នុងពិភពសិល្បៈ គង់ ច័ន្ទស្រីមុំ ក្រៅពីល្បីល្បាញទាំងការសម្តែង និងដើរម៉ូដនាងត្រូវបានគេហៅថាជាថៅកែស្រី ឬអ្នកជំនួញស្រីវ័យក្មេងពេញៗមាត់។
ប៉ុន្តែ គង់ ច័ន្ទស្រីមុំ ហាក់ស្ទាក់ស្ទើរនឹងទទួលពាក្យលើកតម្កើងថាជាថៅកែស្រី ឬអ្នកជំនួញស្រីវ័យក្មេងនេះដោយនាងថ្លែងថា៖ «អីក៏ឈ្មោះខ្ពស់ដល់ថ្នាក់ហ្នឹងមានអ្នកសិល្បៈធ្វើដូចគ្នាច្រើនណាស់ម៉េចមិនទៅហៅគេផង»។
ទន្ទឹមនឹងភាពជោគជ័យលើជំនួញ និងសិល្បៈថ្មីៗនេះនាងព្រមទាំងលោក គឹម សីហា ជាមិត្តប្រុសចំណងស្នេហ៍ច្រើនវស្សានោះបានបង្កការភ្ញាក់ផ្អើលនៅក្នុងអ៊ីនស្តាក្រាមតាមរយៈការបង្ហោះរូបថតលៀស និងប្រកូកប្រកាសឲ្យប្រិយមិត្តគាំទ្រមកទទួលទាននៅ «ភូមិគ្រឹះលៀស»។
សួរនាំពីរឿងពពាយនាយលក់លៀសនេះ កញ្ញា គង់ ច័ន្ទស្រីមុំ បែរជាផ្ទុះសំណើចតបសំណួរមកវិញថា៖ «ជឿថាខ្ញុំលក់លៀសដែរ?»។
កញ្ញាបានបកស្រាយថា៖ «ការប្រកាសលក់លៀសនោះពិតណាស់ខ្ញុំបានប្រកូកប្រកាសលក់មែននៅក្នុងហ្វេសប៊ុកខ្ញុំ។ ប៉ុន្តែនោះមិនមែនជារបរថ្មីរបស់ខ្ញុំទេភូមិគ្រឹះលៀសនោះជារបស់មិត្តភក្ដិហើយខ្ញុំជួយគាត់តែប៉ុណ្ណឹង»។
ទាំងលាន់មាត់ទៀតថាវាគ្មានអ្វីខ្មាស់អៀនបើគ្រាន់តែប្រកាសលក់លៀសទោះយើងជាតារាល្បីប៉ុនណាក៏ដោយតារាស្រីរូបស្រស់បាននិយាយទៀតថា៖ «ខ្ញុំចេះតែជួយៗមិត្តភក្ដិហ្នឹងបានចេះតែជួយប្រកាសបើមិនមែនមិត្តភក្ដិក៏មិនជួយដែរ។
ណាមួយយើងជាតារាគេចាប់អារម្មណ៍ហើយខ្ញុំប្រកាសមានគេសួរខ្ញុំក៏ច្រើនដែរ»។
ជាមួយនឹងភាពមមាញឹកនឹងជំនួញតម្រូវឲ្យចុះឡើងទៅក្រៅប្រទេសទិញសម្លៀកបំពាក់មកលក់ក្នុងហាង និងបោះដុំផងនោះ កញ្ញា គង់ ច័ន្ទស្រីមុំ បញ្ជាក់ថា៖ «សម្រាប់ខ្ញុំប្រហែលជាមិនបានគិតដល់ទេជំនួញ (លក់លៀស) នេះតែបើមិត្តភក្ដិបើកហើយមានតែជួយៗគាត់ទៅហើយក៏គាំទ្រគាត់ដែរ»៕

