គំនូរ​កាយវិការ​អង្គុយ​ និង​ទឹក​មុខ​កុមារី​ស្ដែង​ពី​ឥទ្ធិពល​សង្គម

​​វិចិត្រករ ឯម ពិសី (ទី ២ រាប់​ពី​ស្ដាំ) ក្នុង​ថ្ងៃ​កាត់​ខ្សែបូរ​សម្ពោធ​ពិព័រណ៍​គំនូរ​។ រូប សហការី

​​វិចិត្រករ ឯម ពិសី (ទី ២ រាប់​ពី​ស្ដាំ) ក្នុង​ថ្ងៃ​កាត់​ខ្សែបូរ​សម្ពោធ​ពិព័រណ៍​គំនូរ​។ រូប សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ រូបក្មេង​ស្រី​មានវ័យ​ប្រហែល​ជាខ្ទង់​ជាង​ដប់​ឆ្នាំ ​ដែល​សុទ្ធ​តែមាន​សកម្ម​ភាព​អង្គុយ​ដោយ​ឡែក​ៗពី​គ្នា​ចំនួន​បី​ផ្ទាំង ​ត្រូវបាន​វិចិត្រករ​វ័យ​ក្មេង​ ឯម ពិសី ដាក់​តាំង​ក្នុង​ពិព័រណ៍កម្រងស្នាដៃ​គំនូរ​ដែល​មាន​ចំណង ជើង​ថា «ក្រដាស​ស ឬ​ Plain Paper» នៅឯ​វិចិត្រសាល​របស់​សណ្ឋាគារ​អាំងទែរកុង​ទីណង់តាល់​ ចាប់តាំង​ពី​ថ្ងៃទី​ ១៦​ ខែ​កក្កដា​រហូតដល់​ថ្ងៃទី ១៦ ខែ​សីហា​ឆ្នាំ ២០១៥ ខាងមុខ។ ​

ពិព័រណ៍​កម្រង​ស្នាដៃ​គំនូរ​ក្រោម​ចំណងជើងថា ​«ក្រដាស​ស ឬ​ Plain Paper» នេះ​បាន​បង្កប់​អត្ថន័យ​បែប​ប្រៀបធៀប​មួយ​ដោយ​ការ​យក​ក្រដាស​ស ប្រៀប​ទៅ​នឹង​លក្ខណៈ​​របស់​កូនក្មេង​មិនទាន់​ដឹង​ក្តី​ ឬ​ពេល​ពួកគេ​នៅ​មិនទាន់​ទទួល​រងនូវ​​ឥទ្ធិពល​អ្វីមួយ​ពី​សង្គម និង​បរិស្ថាន​ជុំវិញ​ខ្លួន។

ការ​រស់​នៅ​ក្នុង​សង្គម​ ​កាលណា​ក្មេងស្ថិត​នៅ​ក្នុង​បរិបទ​នៃ​មជ្ឈដ្ឋានបែប​ណា​ ឬ​ទទួល​បាន​នូវ​ឥទ្ធិពល​បរិស្ថាន​បែប​ណា​នោះ ពួកគេ​ងាយ​ដឹង​ដិត​ជាប់​ក្នុងចិត្ត​។

ចំពោះ​វិចិត្រករ​ ឯម ពិសី ​ដែល​បាន​បញ្ចប់​ជំនាញ​គំនូរ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ បាន​រៀប​រាប់​ពី​គំនិត​សំខាន់​នៃ​ស្នា​ដៃ​ក្នុង​ផ្ទាំង​គំនូរ​ទាំង​បី​របស់​ខ្លួន​ ដែល​បាន​ដាក់​តាំង​ពិព័រណ៍​នោះ​ថា៖ «ខ្ញុំ​បាន​លើក​យក​សកម្មភាព​អង្គុយ​របស់​កុមារី​មាន​ស្ទីល​ខុសៗ​គ្នា។

ផ្ទាំង​គំនូរ​ទី ១ មាន​ឈ្មោះ​ថា Clean Day ដោយ​មាន​ក្មេង​ស្រីអង្គុយ​លើ​កៅ​អីជ័រ​ទាបបី​ជាន់​ឆ្លាស់​ពណ៌​ត្រួត​លើ​គ្នា។


គំនូរ​ដាក់តាំង​ឯសណ្ឋាគារ​អាំងទែរកុងទីណង់តាល់។ ផា លីណា

គំនូរ​ដាក់តាំង​ឯសណ្ឋាគារ​អាំងទែរកុងទីណង់តាល់។ ផា លីណា

ខ្ញុំ​ចង់​បង្ហាញ​ពី​សភាព​ដ៏​ស្រស់ស្រាយ​ ​និង​​ភាព​អនាម័យ​របស់​នាងជាមួយ​នឹង​ទឹក​មុខ​ញញឹម​ប្រិមប្រិយ​​ ដោយ​សារ​តែ​ឥទ្ធិពល​ពី​សង្គម​គ្រួសារ​ខ្លួន ដែល​បាន​បង្ហាត់​បង្ហាញដល់​នាង​។ ​

ផ្ទាំងគំនូរ​ទី ២ ឈ្មោះ​ថា Calm Time មាន​ក្មេងស្រី​ស្លៀក​ខោ​ខូវប៊យ​ពណ៌ទឹក​ប៊ិក​មាន​ជើង​ត្រឹម​ក្បាល​​ជង្គង់​ ពាក់​អាវយឺត​ ហើយ​អង្គុយ​លើ​កៅអីជ័រខ្ពស់​ពណ៌​ក្រហម​សម្តែង​នូវ​ទឹក​មុខ​ស្រងូត​ស្រងាត់​​ គឺ​ជា​ឥទ្ធិពល​មួយ​ទៀត​ពី​សង្គម​គ្រួសារ​របស់​នាង​ ឬក៏​ការ​បង្ហាញ​នូវ​សភាព​ផ្លូវចិត្ត​របស់​នាង​តែ​ម្តង​»។​​​

រី​ឯ​ផ្ទាំង​គំនូរ​ទី ៣ មាន​ឈ្មោះ​ថា Deep in Eyes​ ជា​រូប​ក្មេងស្រី​អង្គុយ​យក​ដៃ​ឱប​ក្បាល​ជង្គង់​​ ដែល​​បង្ហាញ​ពីការ​លេង​ក្រសែ​ភ្នែករបស់​នាង ​ជាមួយ​សត្វ​ចិញ្ចឹម​ដ៏​គួរ​ឲ្យ​ស្រឡាញ់​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​លើ​ផ្ទាំង​គំនូរ​ចំនួន​ពីរ​របស់​វិចិត្រករ​វ័យ​ក្មេង​រូប​នេះ​ គឺ​ការ​ប្រើ​ផ្ទាំង​សំពត់​មានពណ៌​ និង​ផ្កាភ្ញីនានា​​ដែល​ឆ្លុះបញ្ចាំង​ពីស្ថានភាព​​រស់នៅ​របស់​ក្មេង​ស្រី​។

វិចិត្រករ​ ឯម ពិសី ​ឲ្យ​ដឹង​ថា៖ «វា​ជា​វិធី​សាស្រ្ត​បង្ហាញ​អត្ថន័យ​របស់​ខ្ញុំ។ ដូច​ជា​ផ្ទាំង​គំនូរ​ទី ១ បង្ហាញ​នូវភាព​ស្រស់​ស្រាយ​តាមរយៈ​ពណ៌នៃ​ផ្ទាំង​សំពត់ដ៏​ស្រស់ឆើតឆាយ​ រីឯ​ផ្ទាំងគំនូរ​ទី ២ ផ្ទាំង​សំពត់​មាន​ពណ៌រាង​ស្រអាប់​បន្តិច​បង្ហាញ​ពី​សភាព​ស្រងូតស្រងាត់​មិន​សូវ​រីករាយចិត្ត»៕​


What Next?

Recent Articles