ប្រជា​សហគមន៍​ជាង​១០​នៅ​សៀមរាប​ដើរ​ចែក​ខិតប័ណ្ណ​ប្រឆាំង​ច្បាប់​គ្រប់គ្រងអង្គការ​

ដោយ៖​ បូ សាវី​ | ថ្ងៃព្រហស្បតិ៍ ទី23 កក្កដា 2015
http://vodhotnews.com


ប្រ​ជាសហគមន៍​កំពុង​ដើរ​ចែក​ខិតប័ណ្ឌ (រូបភាព៖ បូ សាវី)


ប្រជា​សហគមន៍​ចំនួន​១១មកពី​តាម​បណ្ដា​ស្រុក​មួយចំនួន​ក្នុង​ខេត្ដ​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ពុធ នាំគ្នា​ធ្វើ​យុទ្ធនាការ ដើម្បី​ចែក​ខិតប័ណ្ណ​ប្រឆាំង​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល ដែល​ពួកគេ​អះ​អា​ថាការអនុម័ត​ច្បាប់​អង្គការ​សមាគម​នេះប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​។​

​ប្រជា​សហគមន៍​ទាំងនោះមកពី​ស្រុក​ចំនួន​៤ រួមមាន ស្រុក​ពួក ស្រុក​អង្គរធំ ស្រុក​បន្ទាយស្រី និង​ក្រុង​សៀមរាប​។ ប្រជា​សហគមន៍​មាន​គ្នា​ប្រមាណ​ជាង​២០​នាក់បាន​ដង្ហែ​ក្បួន​ម៉ូតូចេញពី​ចំណុច​ព្រះអង្គ​ចេក ព្រះអង្គ​ចម កាត់​តាម​វិថី​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប​មួយ​ចំនួន ឆ្ពោះទៅ​កាន់​តំបន់​ដែល​ចែក​ខិតប័ណ្ណ​ដល់​ប្រជាពលរដ្ឋ​នេះ រួម​មាន​ផ្សារ​ចាស់ ផ្សារលើ​ធំថ្មី និង​ឆ្ពោះទៅកាន់​សាលា​ខេត្ដ​សៀមរាប​ផងដែរ​។

​តំណាង​សមាគមកសិករ​ដើម្បី​សន្ដិភាព​និង​អភិវឌ្ឍន៍ នៅ​ស្រុក​បន្ទាយស្រី លោក ចាន់ រិទ្ធិ ថ្លែងថាបន្ទាប់ពី​លោក​អាន​ច្បាប់​គ្រប់​អង្គការ​មិនមែន​រដ្ឋាភិបាល​រួចមក លោក​យល់ថាច្បាប់​នេះ​បានដាក់​គំនាប​ដល់​អង្គការ សមាគម​យ៉ាង​ខ្លាំង ដែល​លោក​អះអាងថា ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​។ លោក​បន្ដថារដ្ឋសភា​មិន​គួរអនុម័ត​ច្បាប់​គ្រប់គ្រង​អង្គការ​នោះទេ ព្រោះ​ច្បាប់​នេះ​មិន​មាន​ផល​ចំណេញ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឡើយ​។ ពួក​គេ​ទាមទារ​ឲ្យ​ទម្លាក់​ចោលច្បាប់​គ្រប់គ្រង​អង្គការ​សមាគម​នោះ ខណៈ​ដែល​ព្រឹទ្ធសភា​នឹង​បើក​ឲ្យមាន​ការពិនិត្យ​លើ​សេចក្ដីព្រា​ង​ច្បាប់​អង្គការ​នេះ នៅ​ថ្ងៃ​សុក្រ​ទី ២៤​ខែកក្កដា​នេះ​។​

​ជាមួយគ្នា​នោះ​ដែរ ប្រជា​សហគមន៍​ទាំងនោះបាន​ធ្វើ​ពិធី​បួងសួង​នៅ​អាស្រម​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដើម្បី​ឲ្យ​បារមី​វត្ថុ​ស័ក្ដិសិទ្ធិ​ព្រះអង្គ​ជួយ​ជំរុញ​ឲ្យលុបចោល​ច្បាប់​គ្រប់គ្រងអង្គការ​សមាគម​នោះផងដែរ​។​

​គួររំឭកថា កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា​នេះ សេចក្តីព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​ត្រូវបាន​រដ្ឋសភា​អនុម័ត ដែលមានតែតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​៦៨​រូប ចំណែក​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ធ្វើពហិការ​មិន​ចូលរួម អនុម័ត​ច្បាប់​មួយ​នេះ​។​

កន្លងទៅ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិសេរីភាព​ក្នុង​ការជួប​ប្រជុំ​ដោយ​សន្តិវិធីនិង​សេរីភាពក្នុង​ការបង្កើត​សមាគម លោក​Maina Kiai  បាន​អំពាវនាវ​ឲ្យ​ព្រឹទ្ធសភា​បដិសេធចោល​ទាំងស្រុង​នូវ​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ដោយ​ចាត់ទុកថាច្បាប់​នេះ​មិន​ស្រប​តាម​គោលការណ៍​សិទ្ធិមនុស្សលើ​សេរីភាព​នៃ​ការប្រមូលផ្តុំ​។​

​សេចក្តីព្រាងច្បាប់​ចុងក្រោយ ដែល​រដ្ឋាភិបាល​បាន​ដាក់​ទៅ​រដ្ឋសភា មាន​៩​ជំពូក និង​មាន​៣៩​មាត្រា​។  មាត្រា​២៤​នៃ​សេចក្តីព្រាងច្បាប់​នេះ​បាន​ចែង​ថា​«​អង្គការ​មិនមែន រដ្ឋាភិបាល​ក្នុងស្រុក អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ឬ​សមាគម​បរទេស ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​នៅ ព្រះរាជាណាចក្រ​កម្ពុជា​»​។ មាត្រា​១០​នៃ​សេចក្តីព្រាងច្បាប់​នេះ​ចែង​ថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​អំពី​ព័ត៌មាន​រាល់​គណនី​ដែល​ត្រូវ បើក​សម្រាប់​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​នៅ​ធនាគារ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។ មាត្រា​២៥​ចែងថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ផ្ញើ​បាយ​ការណ៍​បូក​សរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​។ មាត្រា​២៥ បន្តថា​ក្នុង​ករណី​ចំ​បាច់ ក្រសួងមហាផ្ទៃ អាច​ស្នើសុំ​របាយការណ៍​ស្តីពី​សកម្មភាព និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​សមាគម​។

ករណី ដែល​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​អនុវត្ត​តាម​មាត្រា​១០ មាត្រា​២៤ និង​មាត្រា​២៥ ក្រសួង​មហាផ្ទៃ​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ដោយ​ទុក​រយៈពេល​យ៉ាង យូរ​៣០​ថ្ងៃ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​។ ករណី​មិន​អនុវត្តតាម   ក្រសួង​នឹង​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ផ្អាក សកម្មភាព​បណ្តោះអាសន្ន រយៈពេល​យ៉ាង​យូរ​៩០​ថ្ងៃ​។ ក្នុង​ករណី​នៅ​តែ​មិន​ព្រម​អនុវត្ត ក្រសួង​មហាផ្ទៃ​ត្រូវ​សម្រេច​ជា​លាយលក្ខណ៍អក្សរ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​។​

មាត្រា​មួយចំនួន​ខាងលើ​នេះ ដែល​អង្គការ​សមាគម មិនមែន​រដ្ឋាភិបាល​ចោទថា មាន​ចេតនា​រឹតត្បិត​សេរីភាព ហើយ​ពួកគេ​អំពាវ​​នាវ​ដល់​ប្រជា​ប្រជាពលរដ្ឋ​កុំ​ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​តំណាងរាស្ត្រ​របស់​ខ្លួន ចួលរួម​អនុម័ត​ច្បាប់​នេះ​។ តែ​កន្លងមក លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អះអាងថាច្បាប់​នេះ​មិនមែន​បង្កើតឡើង​ដើម្បី​ដាក់​គំនាបលើ​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ដើម្បី​ជួយ​សម្រួល​ការងារ​ដល់សង្គម​ស៊ីវិលក្នុង​ការបំពេញ​ការងា​រ​ក្នុង​​ភាព​ជា​ដៃគូ​ជាមួយ​រដ្ឋា​ភិបាល​៕

សូម​សរសេរ​មក​លោក បូ សា​វី តាមរយៈ savy@vodhotnews.com
 

What Next?

Recent Articles