​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​ស្នើ​ព្រឹទ្ធសភា បដិសេធ​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម​និង​អង្គការ​​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃព្រហស្បតិ៍ ទី23 កក្កដា 2015, 05:16 PM​
http://vodhotnews.com


លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា


សង្គម​ស៊ីវិល​ក្នុងស្រុក ដែល​ធ្វើ​ការងារ​ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិមនុស្ស ស្នើ​ឲ្យ​ព្រឹទ្ធសភា​បដិសេធ ឬ​ពិចារណា​កែសម្រួល​ជា​បន្ទាន់ ទៅ​លើ​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ចាត់ទុកថា​ច្បាប់​នោះ នឹង​រឹតបន្តឹង​ធ្ងន់ធ្ងរ​លើ​សេរីភាព​បង្កើត​សមាគម និង​សេរីភាព​បញ្ចេញមតិ​។​

​ការស្នើ​នេះ ធ្វើឡើង​ពេលដែល​ព្រឹទ្ធសភា គ្រោង​ពិនិត្យ​និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ថ្ងៃស្អែក​នេះ បើទោះជា​ច្បាប់​នេះ​នៅ​មាន​ភាពចម្រូងចម្រាស​ក៏ដោយ​។​

​លិខិត​ចំហ​ចុះហត្ថលេខា​ដោយ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ផ្ញើ​ជូន​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ កាល​ពី​ម្សិលមិញ បាន​លើកឡើង​ថា ប្រសិនបើ​ច្បាប់​នោះ​ត្រូវបាន​អនុម័ត និង​ប្រកាស​ឲ្យប្រើ​ប្រាស់ នឹង​បណ្តាលឲ្យ​មាន​ការរឹត​បន្តឹង​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិសេរីភាព​ខាង​បង្កើត​សមាគម សេរីភាព​ខាង​បញ្ចេញមតិ និង​ជួប​ប្រជុំ ជាពិសេស​ផ្ទុយ​និង​រដ្ឋធម្មនុញ្ញ​កម្ពុជា ស្តី​ពី​កតិកាសញ្ញា​អន្តរជាតិ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។ តាមរយៈ​លិខិត​ចំហ​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​ដល់​ប្រធាន​ព្រឹទ្ធសភា  កែសម្រួល​ខ្លឹមសារ​សំខាន់ៗ ឬ​ក៏​បោះឆ្នោត​បដិសេធ​ច្បាប់​នោះ​តែម្តង​។ 

​លោកស្រី ចក់ សុភាព មានប្រសាសន៍​បន្ថែម​ថា សេចក្តី​ព្រួយបារម្ភ​របស់​សង្គម​ស៊ីវិល គឺ​ថា​នៅពេល​ច្បាប់​នេះ​មាន​លក្ខណៈ​ចន្លោះប្រហោង មិនបាន​ចែង​ឲ្យ​ច្បាស់​ទេ​នោះ នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ប្រតិបត្តិ​ការរប​ស់​សហគមន៍​នៅតាម​មូលដ្ឋាន​។ លោកស្រី​បន្ត​ថា ចំណុច​ព្រួយបារម្ភ​ផ្សេង​ទៀត​ត្រង់​មាត្រា​៤ មាត្រា​៦ និង​មាត្រា​៩ ដែល​លោកស្រី​ចាត់ទុកថា នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន ដែល​ទាមទារ​ឲ្យ​ព្រឹទ្ធសភា​កែប្រែ​ខ្លឹមសារ ឬ​បដិសេធ​ច្បាប់​នោះ​តែម្តង​។ លោកស្រី​បញ្ជាក់​ថា​៖ “​អ្វី​ដែល​យើង​បាន​តស៊ូ​មតិ​កន្លងមកនេះ គឺ​ច្រើន​មកហើយ ចុង​ក្រោយ​អ្វីដែល​យើង​រំពឹង​គឺមាន​តែ​ខាង​ស្ថាប័ន​ព្រឹទ្ធសភា​នេះ គាត់​អាច​ពិចារណា​ទៅលើ អនុសាសន៍​ដែល​យើង​បាន​ដាក់​ស្នើសុំ​ដូចជា​លិខិត​ចំហ ដែល​យើង​បាន​ដាក់​ជូន​នេះ​។ ហើយ​ថ្ងៃនេះ​ខាង​អង្គការ​សង្គម​ស៊ីវិល​ជាង ៦០ ក៏​យើង​បាន ចេញ​នូវ​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ ដែល​ស្នើ​ស្រដៀង​គ្នា គឺ​ស្នើ​ឲ្យ​ព្រឹទ្ធសភា ធ្វើការ​ពិចារណា​ឡើងវិញ ទៅ​លើ​ការអនុម័ត​លើ​សេចក្តីព្រាងច្បាប់​នេះ ហើយ​ធ្វើ​ការកែសម្រួល បើ​មិន​ដូច្នេះ​ទេ គាត់​គួរតែ​ធ្វើការ​បដិសេធ​ច្បាប់​នេះ​ចោល​”​។​

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ព្រឹទ្ធសភា​លោក ម៉ម ប៊ុននាង ប្រាប់​វី​អូ​ឌី​(VOD)​ថា ព្រឹទ្ធសភា​មិន​ទាន់​បាន​ទទួល​លិខិត​របស់​សង្គម​ស៊ីវិល​នោះទេ​។ តែ​លោក​ថា ការ​ដែល​ក្រសួង​មហាផ្ទៃ​តាក់តែង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​លើកស្ទួយ​សិទ្ធិសេរីភាព​ដល់​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ​។ លោក​ថា​៖ “​គិតតែ​លើកស្ទួយ​សិទ្ធិសេរីភាព ហើយ​នឹង​ផ្តល់​ការពារ​សិទ្ធិ ហើយ​នឹង​ឲ្យ​សិទ្ធិ​ស្រប​ច្បាប់​ទៅតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គេ​យល់ឃើញចឹ​ង បាន​គេ​បង្កើត​ច្បាប់​ហ្នឹង មិនមែន​ឲ្យ​រឹតបន្តឹង​ណា នៅ​ចំណុច​ណាមួយ​ដែល​ថា​រឹតបន្តឹង​នោះ​”​។​

គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​មិន​មាន​វត្តមាន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចូលរួម​។ ច្បាប់​នេះ ក៏​មាន​ការជំទាស់​ខ្លាំង​ពី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដែរ​៕  

​សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles