ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃសៅរ៍ ទី8 សីហា 2015, 09:39 AM
http://vodhotnews.com
តារាខ្មែរនិងហ្វីលីពីនក្នុងថ្ងៃសម្ពោធរឿង «សង្គ្រាមបងប្អូន» កាលពីថ្ងៃទី៧ ខែសីហា (រូបភាព៖ វង្ស សុម៉ាលីន)
ភាពយន្តរឿង «សង្គ្រាមបងប្អូន» ដែលត្រូវគេដឹងយូរមកហើយថា ជាខ្សែភាពយន្តខ្មែរ និងហ្វីលីពីនសម្ដែងរួមគ្នាត្រូវបានដាក់សម្ពោធកាលពីថ្ងៃទី៧ ខែសីហា ដោយនៅក្នុងរឿងនេះ សាច់រឿងទាំងមូលនិយាយ៣ភាសាប្រើប្រាស់សំឡេងតួសម្ដែងផ្ទាល់ មិនមានបញ្ចូលសំឡេងបកប្រែនោះឡើយ។ ភាគីតារាសម្ដែងខ្មែរបានបង្ហាញពីការ លំបាក និងចំណុចខ្វះខាតក្នុងការសម្ដែងដែលត្រូវនិយាយភាសាបរទេស។
ចាងហ្វាងផលិតកម្មភូមិពេជ្រ និងជាអ្នកសម្របសម្រួលការដឹកនាំក្នុងរឿងរបស់ភាគីកម្ពុជា លោក ដើង ពុទ្ធពណ៌ បានអះអាងថា នៅក្នុងរឿង «សង្គ្រាមបងប្អូន» គឺតម្រូវឲ្យតួអង្គទាំងអស់ប្រើសំឡេងផ្ទាល់ និងនិយាយ៣ភាសារួមគ្នាគឺភាសាខ្មែរ ហ្វីលីពីន និងអង់គ្លេសបញ្ចូលគ្នា។ លោកថា ខ្សែរឿងនេះមិនតម្រូវឲ្យមានការបកប្រែនោះទេ ដោយគ្រាន់តែពេលនិយាយហ្វីលីពីន និងនិយាយភាសាខ្មែរ គឺប្រើអក្សរបកប្រែ(subtitle)ជាភាសាអង់គ្លេសនៅលើអេក្រង់។
លោក ដើង ពុទ្ធពណ៌ បញ្ជាក់ថា៖ "ម៉ារឿងហ្នឹង និយាយអង់គ្លេស៣៥% ហ្វីលីពីន១៥% និងនិយាយភាសារខ្មែរ៥០% ហើយបើទោះជាយកទៅស្រុកគេ ក៏យើងរក្សាភាសាទាំង៣ហ្នឹងដែរ អត់មានបកប្រែអីទេ ដើម្បីឲ្យស្របនឹងបរិបទនៃដំណើររឿង"។ លោកបង្ហាញពីក្ដីសង្ឃឹមថា រឿងនេះនឹងជោគជ័យ បើទោះជាភាពយន្តនេះ ប្រើភាសាខ្មែរតែ៥០% ដោយលោកយល់ថា ពិតជាអាចធ្វើឲ្យអ្នកទស្សនាជាជនជាតិខ្មែរយល់បានស៊ីជម្រៅខ្លឹមសាររឿង។
លោក ដើង ពុទ្ធពណ៌ បន្ថែមថា៖ “ក្នុងរឿងហ្នឹងអ្នកនិពន្ធឲ្យអត់ឲ្យបកប្រែទេ ព្រោះយើងចង់បង្ហាញតថភាពពិតប្រាកដមួយ គឺហ្វីលីពីនជួបហ្វីលីពីន ត្រូវតែនិយាយហ្វីលីពីន ខ្មែរជួបខ្មែរត្រូវតែនិយាយខ្មែរ ហើយបើខ្មែរជជែកជាមួយហ្វីលីពីនត្រូវតែនិយាយអង់គ្លេស ហើយយុទ្ធសាស្ត្រនេះ ខ្ញុំថាវាប្លែក និងមិនពិបាកជោគជ័យនោះទេ ពិសេសនៅពេលយកទៅបញ្ចាំងនៅក្រៅស្រុក”។ លោកថា ខ្សែរឿងនេះនឹងដាក់បញ្ចាំងគ្រប់រោងភាពយន្តនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៩ សីហា និងកំណត់យកទៅបញ្ចាំងនៅហ្វីលីពីន និងប្រទេសជាដៃគូផ្សេងទៀត នៅអំឡុងចុងខែខាងមុខ។

ពីឆ្វេងទៅស្ដាំ៖ តារាសម្ដែងហ្វីលីពីកញ្ញា Andrea Torres លោក Mikael Daez កញ្ញា ថន ស្រីណៃ និងលោក ទេព រិន្ទដារ៉ូ (រូបភាព៖ វង្ស សុម៉ាលីន)
តារាសម្ដែងជើងចាស់ល្បីឈ្មោះលោក ទេព រិន្ទដារ៉ូ ដែលជាតួអង្គត្រូវប្រើភាសាអង់គ្លេសច្រើនជាងគេនៅក្នុងសាច់រឿង បានបង្ហាញពីការលំបាកក្នុងការថត ដោយសារតែប៉ារ៉ូល (សម្ដីត្រូវនិយាយ) របស់លោក ត្រូវគេឲ្យនិយាយច្រើនជាមួយកូនប្រុសគឺលោក មីកាអែល (Mikael Daez) និងជនជាតិហ្វីលីពីន មុនដំណើរសាច់រឿងចុះមកដល់ស្រុកខ្មែរ។ ទោះជាការនិយាយស្ដីរបស់លោកអាចទទួលយកបាន ប៉ុន្តែលោកថារឹងមាត់ និងពិបាកដាក់អារម្មណ៍ជាងការប្រើភាសាខ្មែរក្នុងការសន្ទនា។
មិនខុសគ្នាដែរ កញ្ញា ថន ស្រីណៃ និង លោក ខាត់ វ៉ៃហាំង ដែលជាតួអង្គធំនៅក្នុងរឿងនេះក៏បង្ហាញពីការលំបាកបែបនេះផងដែរ ជាពិសេសគ្រប់ឈុតដែលត្រូវសម្ដែងជាមួយតារាហ្វីលីពីន គឺលោក Mikael Daez (មីកាអែល) និងកញ្ញា Andrea Torres ដែលជនជាតិខ្មែរ ស្គាល់ច្បាស់ដូចថ្ងៃក្នុងរឿង «បាត់ស្នេហ៍នឹងមុខ» នៅCTN នោះ។ អ្នកទាំងពីរនិយាយថា ក្រៅពីការលំបាករឿងនិយាយប៉ារ៉ូលជាភាសាអង់គ្លេស ការដាក់អារម្មណ៍ឲ្យត្រូវនឹងប៉ារ៉ូលនិយាយក៏មិនសូវបានល្អមួយរយភាគរយផងដែរ ខណៈដែលតុងក្នុងការលើកដាក់ក៏បង្ហាញពីចំណុចខ្វះខាត មិនដូចជនជាតិហ្វីលីពីន ដែលអាចនិយាយភាសាអង់គ្លេសបានល្អ។ យ៉ាងណាក៏ដោយ តារាខ្មែរដែលបានចូលរួមសម្ដែងសុទ្ធតែមើលឃើញថានេះជាបទពិសោធន៍ល្អមួយ ហើយយ៉ាងហោចណាស់ក៏ជាការបោះជំហានទៅកាន់ទីផ្សារភាពយន្តជាអន្តរជាតិ ដែលមិនធ្លាប់មានសម្រាប់ការសម្ដែងរបស់តារាខ្មែរផងដែរ។
យោងតាមដំណើររឿង លោកទេព រិន្ទដារ៉ូ ជាជនជាតិខ្មែរដែលបានភៀសខ្លួនពីប្រទេសកម្ពុជា ក្នុងសម័យសង្គ្រាមទៅបន្តការសិក្សានៅក្នុងប្រទេសហ្វីលីពីន ហើយលោកបានរៀបការជាមួយនារីជនជាតិហ្វីលីពីនម្នាក់ បង្កើតបានកូនប្រុសគឺលោកមីកាអែល។ ប៉ុន្តែមុនចាកចេញពីកម្ពុជា លោកក៏មានទំនាក់ទំនងជាមួយនារីខ្មែរម្នាក់ដែលជាសង្សារកាលនៅរៀន បង្កើតបានកូនប្រុសម្នាក់ដែរដែលសម្ដែងដោយលោក ខាត់ វ៉ៃហាំង។ ក្មេងប្រុសទាំងពីរ បន្ទាប់ពីពេញវ័យទៅសុទ្ធតែមានចំណូលចិត្តហាត់ល្បុក្កតោរបស់ខ្មែរដូចគ្នា ដោយលោកមីកាអែល បានទាំងជិះយន្តមកហាត់រៀននៅក្នុងប្រទេសកម្ពុជាទៀតផង។ បន្តបន្ទាប់មកបងប្អូនទាំងពីរ ក៏បានប្រកួតគ្នាហើយដោយមានការបញ្ឆេះកំហឹងពីសំណាក់អ្នករកស៊ីចាក់ភ្នាល់កីឡាម្នាក់ ពួកគេក៏ក្លាយជាគូសត្រូវនៅក្រៅសង្វៀនជាមួយគ្នា។ លោកទេព រិន្ទដារ៉ូ និងតារាហ្វីលីពីន នាងAndrea Torres ក៏ត្រូវសាច់រឿងតម្រូវឲ្យមកប្រទេសកម្ពុជាផងដែរ នៅក្នុងបុព្វហេតុផ្សេងគ្នា ហើយក៏បានបង្កើតសាច់រឿងជាមួយតួអង្គខ្មែរ និងធ្វើជាអ្នកឃាត់ឃាំងមិនឲ្យលោក ខាត៉ វ៉ៃហាំង និងលោកមីកាអែល បន្តធ្វើជាគូសត្រូវគ្នាព្រោះតែចង់ចាញ់ឈ្នះ។
នៅក្នុងរឿងនេះ ក្រៅពីមានចំណុចឆ្គាំឆ្គងរឿងតុងភាសាអង់គ្លេសរបស់តារាខ្មែរ ទំនាស់បញ្ហាដែលបណ្ដាលឲ្យតួអង្គបងប្អូនទាំងពីរឈ្លោះគ្នាក៏ត្រូវគេរិះគន់ថាមិនសូវទំនងនឹងឲ្យបងប្អូនទាំងពីរប្រែក្លាយការប្រកួតល្បុក្កតោមិត្តភាពទៅជាគូសត្រូវស្លាប់រស់នោះដែរ។ អ្នកដែលបានទស្សនាសាច់រឿងសុទ្ធតែលើកឡើងថា បញ្ហាដែលធ្វើឲ្យតួអង្គទាំងពីរយល់ច្រលំគ្នាហាក់នៅស្រាលនិងធ្វើឲ្យពួកគេឈានដល់ជម្លោះស៊ីសាច់ហុតឈាម។ ទោះយ៉ាងណា តារាភាពយន្តខ្មែរពិសេសគឺលោក ទេព រិន្ទដារ៉ូ និងអ្នកផលិតទាំងខ្មែរទាំងបរទេស សុទ្ធតែបានបង្ហាញពីការជឿជាក់ថាជោគជ័យ មិនថាដាក់បញ្ចាំងនៅកម្ពុជា និងបរទេស៕
សូមសរសេរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com