ដោយ៖ ឡាយ សាមាន | ថ្ងៃសៅរ៍ ទី8 សីហា 2015
http://vodhotnews.com
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងប្រធានក្រុមតំណាងរាស្ត្រមតិភាគច្រើនលោក ស ខេង នឹងជួបគ្នានៅដើមសប្តាហ៍ក្រោយ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ និងជជែកពីបញ្ហានយោបាយនាពេលបច្ចុប្បន្ន ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទឫទ្ធិ ប្រាប់វីអូឌី (VOD)ថា នៅថ្ងៃចន្ទ ទី១០ ខែសីហា ខាងមុខនេះ លោក កឹម សុខា នឹងជួបជាមួយលោក ស ខេង នៅវេលាម៉ោង ៥ លា្ងច នៅវិមានរដ្ឋសភា ។ លោកបន្តថា ជារឿងធម្មតាតំណាងរាស្ត្រក្រុមភាគតិច និងតំណាងរាស្ត្រមតិភាគច្រើនតែងតែជួបគ្នា ដើម្បីដោះស្រាយបញ្ហាផ្សេងៗនាពេលកន្លងមក ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា ក្នុងជំនួបនោះលោកកឹម សុខា អាចនឹងជជែកពីការវិវត្តន៍នយោបាយនាពេលបច្ចុប្បន្នផងដែរ ។
លោកឲ្យដឹងដែរថា សមាសភាពខាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក កឹម សុខា លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ជំនួបនោះធ្វើឡើងតាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ។ តែលោកថា ការជួបពិភាក្សានោះ នឹងជជែកពីការពង្រឹងវប្បធម៌សន្ទនាប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទេ ។ លោកឲ្យដឹងដែរថា ភាគីគណបក្សប្រជាជនដឹកនាំដោយលោក ស ខេង និងជំំនួយការពីររូប តែលោកមិនទាន់អាចបញ្ជាក់ឈ្មោះបានទេ ។
គួរបញ្ជាក់ថា គម្រោងជួបគ្នានេះ ធ្វើឡើងស្របពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាហាក់ដូចជាឡើងកម្តៅឡើងវិញ បន្ទាប់ពីតុលាការបានសើរើសំណុំរឿងចាស់ ចេញដីកាចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់ ចោទពីបទដឹកនាំកុបកម្មនៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៤ ។ ការចេញដីកានេះផងដែរ ធ្វើឡើងតែមួយថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ស្នើឲ្យតុលាការសើរើចាប់អ្នកដែលបង្កហិង្សានៅក្បែរទីលានប្រជាធិបតេយ្យមកផ្តន្ទាទោសតាមច្បាប់ ។ យ៉ាងណាក៏ដោយ ចំណាត់ការតក់ក្រហល់នេះ ត្រូវបានសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងអ្នកវិភាគនយោបាយផងនោះ ចាត់ទុកថាជារឿងនយោបាយសុទ្ធសាធ ដើម្បីគំរាមដល់គណបក្សប្រឆាំងកុំឲ្យចុះពិនិត្យព្រំដែនកម្ពុជា វៀតណាម ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
