ដោយ ប្រាជ្ញ ចេវ
2015-08-09
RFA

ពលការិនី ៤នាក់ ត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ី មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៩ សីហា ឆ្នាំ២០១៥។ RFA/Brach Chev
ពលការិនីចំនួន ៤នាក់ ដែលត្រូវមេខ្យល់ និងក្រុមហ៊ុននាំយកទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ផ្ដាំផ្ញើទៅអ្នកផ្សេងទៀតកុំឲ្យចង់ទៅធ្វើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី។ ការលើកឡើងបែបនេះ ក្រោយពីអ្នកទាំងនោះទៅធ្វើការងារតាមផ្ទះនៅប្រទេសនេះ ហើយត្រូវគេរំលោភ វាយធ្វើបាប ចាប់បង្ខាំងទុកក្នុងបន្ទប់ និងស្ទើរគ្មានប្រាក់ត្រឡប់មកផ្ទះវិញ។
គ្មានពលការិនីម្នាក់ណាថា នឹងទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ទៀតទេ ក្រោយពួកគេនិយាយដូចៗគ្នាថា ការងារឆ្ងាយស្រុករងការរំលោភបំពានគ្រប់បែបយ៉ាង។ ការវិលត្រឡប់មកដល់ប្រទេសកម្ពុជា ថ្ងៃទី៩ ខែសីហា នេះ គឺដោយសារកិច្ចអន្តរាគមន៍ពីស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី។
រូបស្គមស្គាំងស្ទើរតែសល់តែស្បែកនិងឆ្អឹង កញ្ញា ឈួន រ៉ន មានតែសំលៀកបំពាក់ ព្រមទាំងថវិកាតិចតួចនៅថ្ងៃដែលនាងត្រឡប់មកវិញ។ កញ្ញា ឈួន រ៉ន ផ្ដាំផ្ញើទៅពលរដ្ឋខ្មែរផ្សេងទៀត សូមកុំទៅធ្វើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី។ អតីតពលការិនីរូបនេះ ប្រាប់ពីការលំបាកនៅក្នុងប្រទេសម៉ាឡេស៊ី ថា ត្រូវថៅកែបង្ខំធ្វើការក្នុងមួយថ្ងៃ ១៤ម៉ោង ហូបចុកមិនគ្រប់គ្រាន់ និងទៀងទាត់ ត្រូវថៅកែបង្ខាំងទុកថ្ងៃសម្រាកពីការងារ និងមិនបានទទួលប្រាក់ខែ៖ «ខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនផ្សេងទៀត កុំចង់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី សុខចិត្តមានអីនៅស្រុកខ្មែរទៅ ទម្រាំបានមកស្ថានទូតខ្មែរដូចកើតម្ដងទៀតអ៊ីចឹង»។
ពលការិនីទាំង ៤នាក់ ដែលត្រូវបានបញ្ជូនត្រឡប់មកវិញតាមជើងហោះហើររួមគ្នានេះមាន សួន ដានីត ធី ស្រីនាង ម៉ក សារ៉េត និង ឈួន រ៉ន។ ក្នុងចំណោមអ្នកទាំង ៤ មានតែកញ្ញា ធី ស្រី មានឪពុកម្ដាយចាំទទួលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្នកផ្សេងទៀតគ្មានសាច់ញាតិ ឬមន្ត្រីស្ថាប័នរដ្ឋមួយណាទទួលពួកគេឡើយ។
ប្រធានអង្គការខារ៉ាមកម្ពុជា (Caram Cambodia) លោក យ៉ា ណាវុធ ស្វាគមន៍ការអន្តរាគមន៍របស់ស្ថានទូតខ្មែរចំពោះពលករខ្មែរ។ លោកស្នើឲ្យរដ្ឋាភិបាលជួយផ្ដល់សេវាផ្នែកច្បាប់ទៅដល់ពលករផ្សេងទៀត ដែលកំពុងមានបញ្ហា ព្រោះថៅកែដកហូតលិខិតឆ្លងដែនពួកគេទុក៖ «ពលករដែលរងការរំលោភបំពានទាំងនោះ អ្នកខ្លះទៅសុំអន្តរាគមន៍ពីប៉ូលិសម៉ាឡេស៊ី ប៉ុន្តែទៅប្ដឹងពួកគេគ្មានលិខិតឆ្លងដែន ដែលថៅកែដកហូតនេះហើយដែលជាបញ្ហា»។
ការរំលោភបំពានពីថៅកែម៉ាឡេស៊ី មកពលករខ្មែរនេះ ហើយជំរុញឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលការបញ្ជូនពលករ ឬស្ត្រីបម្រើការងារតាមផ្ទះទៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១១។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា មិនទាន់អាចឆ្លើយតបថា រដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយផ្នែកច្បាប់អ្វីខ្លះដល់ពលរដ្ឋនៅប្រទេសម៉ាឡេស៊ី ព្រោះអ្នកស្រីខកខានធ្វើការងារនេះយូរមកហើយ។ ទោះយ៉ាងនេះក្ដី មន្ត្រីរដ្ឋាភិបាលរូបនេះថា រដ្ឋាភិបាលតែងតែធ្វើការងារនេះជាបន្តបន្ទាប់ និងបានសហការជាមួយអាជ្ញាធរ និងសង្គមស៊ីវិលនៅម៉ាឡេស៊ី៖ «កាលពីខ្ញុំទៅធ្វើ ទស្សនកិច្ច ឃើញមានសេវាផ្នែកច្បាប់ដែលសហការជាមួយម៉ាឡេស៊ី ដែរ ប៉ុន្តែឥឡូវនេះ ខ្ញុំមិនទាន់បានទាក់ទង»។
របាយការណ៍អង្គការខារ៉ាមកម្ពុជា បង្ហាញថា សព្វថ្ងៃនេះមានពលករខ្មែរធ្វើការនៅប្រទេសម៉ាឡេស៊ី ប្រមាណជា ៥ម៉ឺននាក់។ ចំណែកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង នៅឆ្នាំ២០១៥ កម្ពុជា បានជួយសង្គ្រោះពលរដ្ឋរងគ្រោះពីបណ្ដាប្រទេសជាង ៤០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជនរងគ្រោះ៖ សំណង៣៨លានមិនអាចព្យាបាលមុខរបួសដោយគ្រាប់កាំភ្លើង ឈូក បណ្ឌិត
- អភិបាលខេត្តមណ្ឌលគិរីព្រមានចាប់ខ្លួនអ្នកដឹកនាំប្រារព្ធទិវាជនជាតិដើមភាគតិច
- អាដហុក៖ ការរំលោភបំពានសិទ្ធិស្ត្រីនៅមានស្ថានភាពធ្ងន់ធ្ងរ
- ជនជាតិដើមភាគតិចនៅព្រះវិហារប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោក
- លោក ឈូក បណ្ឌិត ត្រូវសមត្ថកិច្ចចាប់ខ្លួន
- មន្ត្រីប៉ូលិសខេត្តមណ្ឌលគិរីបដិសេធចំពោះការចោទរឿងជំរិតទារប្រាក់ពីពលរដ្ឋ
- អាជ្ញាធរខេត្តមណ្ឌលគិរីរារាំងសហគមន៍មិនឲ្យសង់វេទិកាប្រារព្ធទិវាជនជាតិដើមពិភពលោក
- “ការប្រើប្រាស់ពលកម្មកុមារគឺគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អនាគតប្រទេសជាតិ”
- ប៉ូលិសខេត្តក្រចេះរងការចោទថាគំរាមនិងប្រើហិង្សាលើពលរដ្ឋ