ដោយ៖ ពៅ មេត្តា | ថ្ងៃអាទិត្យ ទី9 សីហា 2015
http://vodhotnews.com
កិច្ចប្រជុំសហប្រតិបត្តិការបង្ក្រាបបទល្មើសតាមព្រំដែនរវាងកម្ពុជា វៀតណាម (រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ)
មន្ត្រីជំនាញរបស់កម្ពុជា និង វៀតណាម រកវិធីសាស្ត្របង្កើនកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធិភាពជាងពេលបច្ចុប្បន្ន ។
តាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែសីហា ភាគីកម្ពុជាលោក កង សុខន អគ្គស្នងការរងនគរបាលជាតិបានដឹកនាំគណៈប្រតិភូនគរបាលជាន់ខ្ពស់ ចូលកិច្ចប្រជុំជាមួយភាគីវៀតណាមដឹកនាំដោយលោកង្វៀង ហ្វីហ៊ុង អគ្គនាយករង អគ្គនាយកដ្ឋានតម្រួត ក្រសួងនគរបាល ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅក្នុងខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិរបស់កម្ពុជា បានឲ្យដឹងទៀតថា បទល្មើសសំខាន់ដែលភាគីទាំងពីរជជែករកវិធីទប់ស្តាត់ឲ្យកាន់តែមានប្រសិទ្ធិភាពនោះរួមមាន បទល្មើសគ្រឿងញៀន ការជូញដូរមនុស្ស និង ការប្រឆាំងភេរវកម្មជាដើម ៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com