​អង្គការ​ចំនួន​១០​រកឃើញថា អំពើពុករលួយ​និង​បក្ខពួកនិយម​ជា​ឧបសគ្គ​ចម្បង​របស់​យុវជន​​

ដោយ៖​ ណាត សុភាព​​ | ថ្ងៃអាទិត្យ ទី9 សីហា 2015
http://vodhotnews.com

​ក្រុម​អង្គការ​យុវជន​ចំនួន​១០​រកឃើញថា បី​ឆ្នាំ​ចុងក្រោយ​នេះ​យុវជន​កម្ពុជា​ជួប​បញ្ហា​ប្រឈម​ក្នុង​ការអភិវឌ្ឍន៍​ជំនាញ​របស់​ខ្លួន ដោយសារ​បញ្ហា​បក្ខពួកនិយម និង​អំពើពុករលួយ ដែល​កំពុង​កើតមាន​នៅក្នុង​សង្គម​ ។​

ក្រុម​អង្គការ​ទាំងនោះ​រួមមាន អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម បណ្តាញ​យុវជន​កម្ពុជា សមាគមន៍   យុវជន​ខ្មែរ អង្គការ​យុវជន​ខ្មែរ​និង​ការអភិវឌ្ឍន៍​សង្គម និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​។​

​តាម​ឯកសារ​របស់​គណៈកម្មកា​រ​រៀបចំ​រំ​ឮ​ក​ខួប​ទី​១៦​នៃ​ទិវា​យុវជន​អន្តរជាតិ​ឆ្នាំ​២០១៥ ដែល​អង្គការ​ទាំង​១០​ចូលរួម ហើយ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ មាន​ខ្លឹមសារ​ថា យុវជន​កម្ពុជា​កំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន ដូចជា អំពើពុករលួយ ប្រព័ន្ធ​បក្សពួកនិយម កង្វះខាត​សេរីភាព​បញ្ចេញមតិ ការខកខាន​ការសិក្សា​ដើម្បី​អភិវឌ្ឍន៍​ជំនាញ និង​បញ្ហា​ផ្សេងទៀត​ ។​

ឯកសារ​ដដែល​ឲ្យដឹង​ទៀតថា គណៈកម្មការ​នេះ​បាន​រៀបចំ​ទិវា​រំ​ឮ​ក​ខួប​ទី​១៦​នៃ​យុវជន​អន្តរជាតិ​នៅ​ថ្ងៃទី​៩ ខែ​សីហា​នេះ ដើម្បី​បង្កើន​ការយល់ដឹង​ដល់​យុវជន និង​ពង្រឹង​អំណាច​យុវជន​នៅក្នុង​ជីវិត​នយោបាយ រួម​ជាមួយ​ជីវិត​សាធារណៈ ដើម្បី​រួមចំណែក​អភិវឌ្ឍ​សង្គម​ប្រកបដោយ​និរន្តរភាព​ ។​

តាម​គម្រោង​ខួប​ទី​១៦​នៃ​ទិវា​យុវជន​អន្តរជាតិ​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា​នេះ ប៉ុន្តែ     គណៈកម្មការ​រៀបចំ​ទិវា​យុវជន​អន្តរជាតិ បាន​រៀបចំ​ទិវា​រំ​ឮ​ក​ខួប​ទី​១៦​នៃ​យុវជន​អន្តរជាតិ​មុន​៣​ថ្ងៃ ដើម្បី ផ្តល់ឱកាស​ឲ្យ​យុវជន​បាន​ចូលរួម​ផ្តល់​យោបល់​ក្នុង​សិក្ខាសាលា​នៅ​ថ្ងៃ​អាទិត្យ​ទី​៩ ខែ​សីហា​នេះ​ ។​

យោង​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្នាក់ជាតិ​ដែល​ធ្វើឡើង​ដោយ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ នៅក្នុង​ឆ្នាំ​២០១៥​នេះ បានបង្ហាញ​ដែរ​ថា យុវជន​៤៩​ភាគរយ​បាន​រាយការណ៍​ថា ជួប​បញ្ហា​អត់​ការងារ​ធ្វើ បញ្ហា​គុណភាព​នៃ​ការអប់រំ​របស់​កម្ពុជា​នៅមានកម្រិត ប្រាក់ខែ​ទាប កង្វះ​ជំនាញ​ស្រប​តាម​តម្រូវការ​ទីផ្សារ កង្វះ​ឱកាស​ការងារ​សមស្រប និង​បញ្ហា​បក្សពួកនិយម​ ។​

របាយការណ៍​ដដែល​ឲ្យដឹង​ទៀតថា ការស្រាវជ្រាវ​នេះ​ប្រើ​ពេល​ពីរ​ខែ​ទៅ​លើ​យុវជន​៥១០​រូប​ស្ថិតនៅក្នុង​តំបន់​៥​ផ្សេង​គ្នា​នៅក្នុង​ប្រទេស​កម្ពុជា មានដូចជា​តំបន់​ឆ្នេរសមុទ្រ តំបន់​ទំនាប​កណ្ដាល តំបន់​ខ្ពង់រាប តំបន់​ជាយដែន និង​តំបន់​ប្រជុំជន​គឺ​រាជធានី​ភ្នំពេញ ​។ លោក​ថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​នឹង​ផ្ដល់​ភាពងាយស្រួល​ដល់​ស្ថាប័ន​រដ្ឋ និង​សង្គម​ស៊ីវិល​ផ្សេងៗ​ក្នុង​ការជួយ​ដល់​យុវជន​កម្ពុជា ​៕

សូម​សរសេរ​មក​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com  

What Next?

Recent Articles