ដោយ៖ សេង វណ្ណៈ | ថ្ងៃចន្ទ ទី10 សីហា 2015, 04:34 PM
http://vodhotnews.com
ក្រុមប្រឹក្សាធម្មនុញ្ញបានអញ្ជើញក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិឲ្យចូលបកស្រាយនិងពន្យល់ពីយោបល់ជំទាស់លើសេចក្តីព្រាងច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី១២ខែសីហាខាងមុខ មុននឹងក្រុមប្រឹក្សាសម្រេចពីធម្មនុញ្ញភាពនៃច្បាប់នេះ។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ បានប្រាប់វីអូឌី(VOD)នាព្រឹកថ្ងៃចន្ទនេះថាក្រុមប្រឹក្សាធម្មនុញ្ញបានអញ្ជើញតំណាងរដ្ឋាភិបាលឲ្យចូលមកបកស្រាយលើច្បាប់នេះនៅព្រឹកថ្ងៃទី១១ខែសីហា និងក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលក្នុងនោះមានលោក សុន ឆ័យ ផងដែរ មកបំភ្លឺពីចំណុចជំទាស់នៅព្រឹកថ្ងៃទី១២ខែសីហា។ លោកបានបញ្ជាក់ថា៖ “មូលហេតុសំខាន់កាលណាច្បាប់ វាមានបញ្ហា ធម្មតាក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិគ្រប់គ្រាន់ ដើម្បីអញ្ជើញអ្នកដែលតវ៉ា។ យើងក៏មានលទ្ធភាពទុកឲ្យគាត់មកឆ្លើយបំភ្លឺដែរ ថាគាត់ចង់បានអីពិតប្រាកដគាត់ចង់ជំទាស់កន្លែងណាអីកន្លែងណា។ ឯខាងរដ្ឋាភិបាលក៏អញ្ចឹងដែរ យើងនឹងសួរលោកថាតើកន្លែងណាដែលគេតវ៉ាលើកឡើងឬក្រុមប្រឹក្សាធម្មនុញ្ញមានការឆ្ងល់ ដើម្បីឲ្យគាត់ពន្យល់បន្ថែមទៀត”។
លោក ព្រហ្ម ញាណវិចិត្រ បានបន្តថាក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គមួយនៅពេលរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ដើម្បីពិនិត្យនិងសម្រេចពីធម្មនុញ្ញភាពនៃសេចក្តីព្រាងច្បាប់នេះ។ លោកបញ្ជាក់បន្ថែមថាប្រសិនបើសេចក្តីព្រាងច្បាប់នេះស្របនឹងរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សានឹងបន្តនីតិវិធីទៅព្រះមហាក្សត្រ។
បើតាមលោកព្រហ្ម ញាណវិចិត្រ អង្គការសង្គមស៊ីវិលក៏អាចស្នើសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពនៃច្បាប់នេះបានផងដែរ តាមរយៈការដាក់ពាក្យស្នើសុំមកក្រុមប្រឹក្សាធម្មនុញ្ញ។
វីអូឌីមិនទាន់អាចទាក់ទងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ដើម្បីសុំការពន្យល់លើបញ្ហានេះបាននៅឡើយទេ។
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ១៣រូបបានស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមើលធម្មនុញ្ញភាពនៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលរដ្ឋសភាទើបបានអនុម័ត ដោយពួកគាត់ចាត់ទុកថាច្បាប់នេះផ្ទុយនឹងរដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិ។លិខិតរបស់តំណាងរាស្រ្តដែលបានដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញបានលើកឡើងពីមាត្រាមួយចំនួននៃច្បាប់អង្គការដែលពួកគេយល់ថារឹតត្បិតសិទ្ធិសេរីភាព ដូចជាការទាមទារឲ្យបុគ្គលមានអាយុគ្រប់១៨ឡើងទៅ ទើបអាចបង្កើតសមាគមឬអង្គការ ការតម្រូវឲ្យចុះបញ្ជី ការតម្រូវឲ្យចុះបញ្ជីនៅក្រសួងមហាផ្ទៃ ការតម្រូវឲ្យប្រកាន់ជំហរអព្យាក្រឹតចំពោះគណបក្សនយោបាយនិងការត្រួតពិនិត្យនិងសវនកម្មលើសមាគមឬអង្គការ។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ធ្លាប់លើកឡើងថាតំណាងរាស្រ្តចង់ឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យនិងកែលម្អ ហើយរុញសេចក្តីព្រាងច្បាប់នេះទៅរដ្ឋសភាវិញ។ លោកបន្តថានៅពេលក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបញ្ជូនច្បាប់នេះទៅរដ្ឋសភាវិញ គណបក្សសង្រ្គោះជាតិនឹងមានឱកាសក្នុងការបញ្ចេញសេចក្តីព្រាងច្បាប់វិសោធនកម្មរបស់ខ្លួនសម្រាប់ការត្រួតពិនិត្យ៕
សរសរមកកាន់លោក សេង វណ្ណៈ តាមរយៈsengvannakdmc@gmail.com
