ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃចន្ទ ទី10 សីហា 2015
http://vodhotnews.com
ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលតារាចម្រៀងពោរពេញដោយជីវិតកម្សត់ អ្នកនាង ខាត់ សុឃីម ត្រូវគេដឹងថាមានទ្រព្យផ្ទាល់ខ្លួនតម្លៃជាង១លានដុល្លារ ដោយមិនទាន់រាប់បញ្ចូលដើមទុនសម្អាងការនិងដីធ្លីដែលបានទិញទុកនៅឯស្រុកកំណើតនោះផង។ យ៉ាងណាក៏ដោយអ្នកនាងប្រាប់ថាអ្វីដែលមានក្នុងដៃនេះ គឺមិនទាន់បញ្ចប់នោះទេ ដោយសារតែអ្នកនាងត្រូវការពង្រីកទ្រព្យឲ្យកាន់តែច្រើនជាងនេះ។
ផ្ទុយពីតារាសិល្បៈភាគច្រើនដែលមានទម្លាប់សម្ញ៉ែងវីឡាស្កឹមស្កៃនិងរថយន្តទំនើប១០ម្ភៃម៉ឺនដុល្លារ អ្នកនាងខាត់ សុឃីម នៅតែរស់យ៉ាងសាមញ្ញក្នុងផ្ទះល្វែងធម្មតា ដោយសូម្បីតែរថយន្តក៏ជិះក្នុងតម្លៃត្រឹម៤–៥ម៉ឺនដុល្លារ មិនសូវលេងតម្លៃដូចតារាក្នុងប្រទេសផ្សេងទៀតផងដែរ។ ប៉ុន្តែអ្វីដែលអ្នកនាងលើគេ គឺតម្លៃអចលនទ្រព្យដែលជាកម្មសិទ្ធិដោយផ្ទាល់របស់អ្នកនាង គឺមានតម្លៃដល់ជាង១លានដុល្លារហើយ មកទល់នឹងពេលនេះ។ តម្លៃដែលបានប្រកាសឡើង មិនបានរាប់បញ្ចូលទ្រព្យរបស់ក្នុងមុខជំនួញ រថយន្តទាំងទំនើបនិងមិនទំនើបជាច្រើនគ្រឿងនិងរបស់មានតម្លៃផ្សេងទៀត ដែលមិនមែនជាផ្ទះនិងដីនោះផង។ អ្វីដែលសំខាន់គឺទ្រព្យរបស់ទាំងនេះ មិនមានការផ្ចុងផ្ដើមពីបុគ្គលណាម្នាក់ឡើយ ដោយសូម្បីតែពេលពាក់ព័ន្ធជាមួយលោកចា រិទ្ធី ក៏អ្នកនាងប្រាប់ថា មិនបានទទួលជំនួយពីបុរសរូបនេះ១០០%។ យ៉ាងណាក៏ដោយអ្នកនាងប្រាប់ថាលោកចា រិទ្ធី បានជួយឲ្យអ្នកនាងល្បីឈ្មោះក្នុងពេលល្អូកល្អិន ដូចជាឧស្សាហ៍ហៅឡើងឆាក ទើបធ្វើឲ្យអ្នកនាងឡើងកូដ ហើយល្បីមកដល់សព្វថ្ងៃ។
អ្នកនាងនិយាយថា៖ “ខ្ញុំអត់មានវីឡា ឬឡានរាប់សែនដុល្លារអីមែន ប៉ុន្តែខ្ញុំនិយាយត្រឹមតែដីនិងផ្ទះរបស់ខ្ញុំដែលខ្ញុំទិញបាននៅភ្នំពេញគឺជាង១លានដុល្លារហើយ ហ្នឹងអត់មានរាប់ដីរាយរយដែលខ្ញុំទិញនៅជាយក្រុង ឬទិញនៅស្រុក(ភ្នំបាសិត) និងរបស់របរបើកជំនួញអីទេ បើគិតទាំងអាហ្នឹងទៀត ខ្ជិលអួតម្មង!”។ នៅក្រុងភ្នំពេញអ្នកនាងមានផ្ទះផ្ទាល់ខ្លួន៣កន្លែង ដោយមួយកន្លែងជាហាងសម្អាងការនៅម្ដុំផ្សារដេប៉ូ មួយកន្លែងជាផ្ទះរស់នៅក្នុងបុរីសាន់វ៉ាស្ទឹងមានជ័យនិងមួយកន្លែងទៀត ជាផ្ទះនៅផ្លូវវ៉េងស្រេង ដែលអ្នកនាងបានសង់ជាបន្ទប់ច្រើនជាន់ ហើយជួលឲ្យក្រុមកម្មកររោងចក្រនិងមួយផ្នែកធ្វើជាឃ្លាំងទុកដាក់ឥវ៉ាន់សម្អាងការ។ ត្រឹមផ្ទះទាំង៣កន្លែង អ្នកនាងប្រាប់ថាមានតម្លៃ១លានដុល្លារគ្មានខ្វះមួយសេននោះទេ ដោយដីដែលអ្នកនាងទិញបានមួយកន្លែងទៀតនៅតាមបណ្ដោយផ្លូវ២៧១ម្ដុំអូបែកក្អមមួយប្លង់ ក៏មានតម្លៃមិនក្រោម២០ទៅ៣០ម៉ឺនដុល្លារនោះដែរ។
បច្ចុប្បន្នអ្នកនាងប្រកាសលក់ហាងនៅផ្សារដេប៉ូតម្លៃ៨០ម៉ឺនដុល្លារ ប៉ុន្តែទើបតែមានគេឲ្យជាង៦០ម៉ឺនដុល្លារប៉ុណ្ណោះ ទើបមិនទាន់ត្រូវគ្នា។ អ្នកនាងនិយាយថា៖ “ឥឡូវខ្ញុំឧទាហរណ៍! រាល់ថ្ងៃគ្រាន់តែហាងខ្ញុំនៅផ្សារដេប៉ូ គេឲ្យចូល៧០ម៉ឺនដុល្លារហើយ ប៉ុន្តែលើសហ្នឹងបានលក់ អញ្ចឹងបើរាប់ផ្ទះ និងដីផ្សេងទៀតដែលខ្ញុំតស៊ូទិញបាន ខ្ញុំថាចង់២លានដុល្លារផង ព្រោះកាលយើងទិញវាថោក ដល់ឥឡូវមិនបាច់លូកទេ គឺមួយកន្លែងៗមិនក្រោម២០ទៅ៣០ម៉ឺនដុល្លារទេ!”។
ខាត់ សុឃីម ប្រាប់ថាតាំងពីមានទីផ្សារសិល្បៈស្ទុះឡើង អ្នកនាងមិនមែនជាតារាដែលចូលចិត្តប្រើលុយកែសម្ផស្ស ឬហ៊ឺហារនឹងការតុបតែងខ្លួនហួសប្រមាណនោះទេ។ អ្នកនាងឲ្យដឹងទៀតថាក្នុងនោះទម្លាប់ដូរម៉ូដរថយន្ត ឬនៅវីឡាអីហ្នឹងគេ ក៏មិនសូវនោះដែរ ទើបអ្នកនាងអាចមានលទ្ធភាពទិញពង្រីកផ្ទះ និងដីបានច្រើន ដែលទិញបានតាំងពីធូរថ្លៃ រហូតដល់ពេលនេះ ឡើងកប់ពពក។
អ្នកនាងពោលថា៖ “ខ្ញុំនិយាយត្រង់រាល់ពេលខ្ញុំទិញផ្ទះ ទិញដីអីបានម្ដងៗ គឺអត់ដែលមានលុយគ្រប់ទេ គឺខ្ចីធនាគារ ហើយខំច្រៀង និងដើរសម្អាងសងគេ ហើយក៏មិនមែនទិញម្ដងទាំងដុលអីដែរ ជាក់ស្ដែងដូចហាងនៅផ្សារដេប៉ូហ្នឹងអញ្ចឹង ពីដំបូងជួលគាត់ទេ ប៉ុន្តែក្រោយមកគាត់អាណិតក៏លក់ជំពាក់ឲ្យប៉ុន្មានម៉ឺន ហើយក្រោយៗមក ក៏សុំទិញផ្ទះអ្នកលើ ទម្លុះបាន២ល្វែងទៀត ហើយហាងហ្នឹងចំប្លង់ផង ទើបខ្ញុំកាត់៨០ម៉ឺន(ដុល្លារ) ដែលអាចរង្វង់ជាង៧០ម៉ឺន(ដុល្លារ) អីត្រូវគ្នាហើយ!”។

ទាក់ទងគម្រោងលក់ហាងនៅម្ដុំផ្សារដេប៉ូ អ្នកនាងប្រាប់ថា ដើម្បីយកលុយមកទិញដីនៅខាងក្រោយដែលអ្នកនាងទិញបាននៅម្ដុំអូរបែកក្អម ហើយសង់ហាងជាហាងជាន់ជ្រាន់ នៅតាមបណ្ដោយផ្លូវ២៧១។ ប៉ុន្តែមកពីហាងដែលបានប្រកាសលក់៨០ម៉ឺនដុល្លារមិនទាន់ត្រូវគ្នា ទើបគម្រោងទាំងមូលនៅត្រឹង។ ខាត់ សុឃីម និយាយថា៖ “រាល់ថ្ងៃហ្នឹងដីដែលខ្ញុំទិញបាននៅអូរបែកក្អមវាជាប់ផ្លូវធំហើយ ប៉ុន្តែវាមិនសូវធំ ទើបខ្ញុំត្រូវតែលក់ហាងនៅផ្សារដេប៉ូ យកមកទិញដីនៅខាងក្រោយដីខ្ញុំដើម្បីធ្វើហាងធំដុំម្មង ហើយទាល់តែទិញដីហ្នឹងបានទើបខ្ញុំសង់ហាង ព្រោះដីហ្នឹង២០គុណ៣០(ម៉ែត្រ) ចង់ធ្វើអីក៏ស្រួលដែរ កុំអីខ្ញុំអត់លក់ហាងនៅផ្សារដេប៉ូទេ ទោះគេឲ្យប៉ុន្មានក៏ដោយ!”។
អ្នកនាងបន្តថាដីដែលអ្នកនាងគ្រោងទិញភ្ជាប់នោះ មានតម្លៃរង្វង់៣០ម៉ឺនដុល្លារ ទើបបណ្ដាលឲ្យអ្នកនាងនៅត្រឹងនិងមិនទាន់កម្រើកសូម្បីតែរឿងតថ្លៃ ដោយសារតែហាងលក់មិនចេញហើយគ្មានលុយក្នុងដៃ។ អ្នកនាងបដិសេធបង្ហើបឲ្យដឹងលម្អិតពីទីតាំងដីនៅតាមបណ្ដោយផ្លូវ២៧១នោះ ដើម្បីកុំឲ្យម្ចាស់ដីដែលស្ថិតនៅខាងក្រោយដំឡើងថ្លៃ ក្នុងពេលដឹងថាអ្នកនាងមានបំណងចង់ទៅសាងសង់ហាងនៅទីនោះ។ អ្នកនាងនិយាយថា៖ “ការពិតដីហ្នឹងអត់ពិបាករកទេ ព្រោះវានៅលើផ្លូវ២៧១ម្ដុំអូរបែកក្អមម្មង ប៉ុន្តែមកពីខ្ញុំអត់ឲ្យម្ចាស់ដីខាងក្រោយដឹងថាខ្ញុំចង់ធ្វើហាងនៅហ្នឹងទេ ហើយកំពុងឲ្យគេស៊ើបទិញដីគាត់ ទើបខ្ញុំអត់ទាន់ចង់ផ្អើល!”។
ការលាតត្រដាងរបស់អ្នកនាង ធ្វើឲ្យមនុស្សភាគច្រើនភ្ញាក់ព្រឺត ដោយសារតែអ្នកនាងគឺជាតារាសិល្បៈ ហើយត្រូវគេដឹងយូរមកហើយ ថាមិនធ្លាប់ទទួលជំនួសផ្ទះឬដីពីបុរសណាម្នាក់។ អ្នកនាងពោលថាអ្វីដែលបានកើតឡើងមិនមែនកើតចេញដោយឯងៗទេ ពោលគឺមកពីអ្នកនាងពូកែខាងលើកនេះដាក់នោះ ទាំងការរកចំណូលពីសិល្បៈ និងមុខជំនួញ ទើបបានសល់ទ្រព្យទាំងអស់ហ្នឹង៕
សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com
