អ្នក​ស្រាវជ្រាវ​នៅ​​រាជបណ្ឌិតសភា​​អះអាង​ថា​កម្ពុជា​នឹង​បាត់​ដីនៅមណ្ឌលគិរី បើ​តាម​​រដ្ឋធម្មនុញ្ញ​​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃចន្ទ ទី10 សីហា 2015, 03:44 PM​
http://vodhotnews.com


ប្រធាន​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែននៅ​រាជបណ្ឌិតសភា​កម្ពុជា​ លោក សុខ ទូច ថ្លែង​ពេល​ទទួល​ផែន​ទីពីគណបក្ស​សង្រ្គោះជាតិនៅថ្ងៃ​ទី​១០ខែសីហា ឆ្នាំ​២០១៥ (រូបថត​ដោយ​ ទេព សូនី​)


ប្រធាន​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែននៅ​រាជបណ្ឌិតសភា​កម្ពុជា​ លោក សុខ ទូច នៅថ្ងៃ​ចន្ទនេះបាន​ស្នើ​ទៅ​តំណាង​រាស្រ្ត​ដែល​មាន​អាសនៈនៅក្នុង​រដ្ឋសភា​ពិចារណា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​២ ក្រោយ​ពី​ការ​បោះ​បង្គោល​​ព្រំដែន​ជាមួយ​វៀតណាម​ចប់សព្វគ្រប់។​

មាត្រា​២នៃ​រដ្ឋធម្មនុញ្ញកម្ពុជា​ចែង​ថាបូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​មិន​អាច​រំលោភ​បាន​ដាច់​​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​​ក្នុង​ផែនទី​ខ្នាត​១/១០០.០០០​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​-១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩​៦៣-១៩៦៩។

ក្នុង​ពេល​ទទួល​​ផែនទី​ពីគណបក្សសង្រ្គោះជាតិ នៅទីស្នាក់​ការ​របស់គណបក្ស​ លោក សុខ ទូច បាន​ថ្លែង​ថា​​លោ​កគ្រាន់​តែ​ស្នើ​ឲ្យ​មាន​វិសោធនកម្ម​រដ្ឋធម្ម​នុញ្ញត្រង់មាត្រា​២​ ដើម្បីធានា​កុំ​ឲ្យ​មាន​ជម្លោះ​នយោបាយ​សម្រាប់​​ថ្នាក់​ដឹកនាំជំនាន់ក្រោយៗទៀត​។ លោក​បន្ត​ថា​​បើ​តាម​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា​ផែន​ទីយក​តាម​​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣ កម្ពុជា​នឹ​ងបាត់​ដីនៅតំបន់​ដាក់​ហូត​ក្នុង​ខេត្ត​រតនគិរី ដោយសារ​តំបន់​នោះ​ធ្វើ​ឡើង​​នៅ​ឆ្នាំ​១៩១៤។ លោក​​​បន្ថែម​ថា​តំបន់​​ដាក់ហូត​មាន​បង្គោល​សរសេរ​ជា៣​​ភាសា គឺភាសាខ្មែរ វៀតណាមនិ​ង​បារាំង។ លោកបញ្ជាក់បន្ថែម​ថា​បើ​តាម​ផែនទីដែល​ចែងក្នុងរដ្ឋធម្មនុញ្ញ តំបន់​ដាក់ដាំដែល​ជា​តំបន់​​មួយ​ទៀត​ក្នុង​ខេត្ត​មណ្ឌលគិរី ​មាន​តែ​បន្ទាត់​ តែមិន​មាន​បង្គោល​នោះទេ។​​

លោក សុខ ទូច ថ្លែង​ថា​​ប្រសិន​បើ​មិន​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ​នោះទេ កម្ពុជា​នឹង​បាត់​បង់ទឹក​ដី ហើយ​លោក​ព្រមាន​​កុំ​ទៅ​បន្ទោស​អ្នក​វិទ្យាសាស្រ្ត​ដែល​បាន​សិក្សា​រួចហើយ។​

លោក​បាន​បញ្ជាក់​ថា​៖ "ហើយ​ក្រោយ​ពី​បោះ​បង្គោល​ហើយ បើ​អត់ធ្វើ​​វិសោធន​កម្មរដ្ឋធម្មនុញ្ញ​ទេ អា​បង្គោល​បោះហ្នឹងក៏អត់មានន័យ​ដែរ ព្រោះ​វា​អត់មាន​ចងច្បាប់។ អញ្ចឹង​អ្នក​ដែល​ជេរខ្ញុំ សូម​ឲ្យពិនិត្យ​ឡើង​វិញ។​ រាល់​ការ​ដែល​មិន​ចង​ច្បាប់ មាន​ន័យថា​ខំធ្វើ ខំជជែកគ្នា​ គឺអត់មានន័យ​ទេ។ អ្នក​ឡើង​កាន់​អំណច​មក​ក្រោយ ថា​អត់​មានក្នុង​រដ្ឋធម្មនុញ្ញ ផង​រលាយ​អស់​។ កុំ​ភ្លេច​គេ​សប្បាយ​ចិត្ត​ នៅពេល​ដែល​​យើង​អត់ចងច្បាប់ គេរីករាយណាស់ នឹង​រំលោភយើង​បន្ត​ទៀត”។ លោកបាន​​បន្ថែម​ថា​៖ "ខាងខ្ញុំមិន​មែនមានន័យ​ថា​តម្រូវទេ គ្រាន់តែផ្តល់​គំនិត​ថា​ ក្រោយ​ពីបោះ​បង្គោលចំសព្វគ្រប់ ក្រោយ​ពី​បាន​ទទួល​ផែន​ទី​គ្រប់​មជ្ឈដ្ឋានហើយ​អ្នកនយោបាយ​យក​ផែន​ទីណា​ក៏​យក​​ទៅ។ បោះបង្គោល​យ៉ាង​ម៉េចក៏បោះទៅ​ ប៉ុន្តែ​ក្រោយ​ពីបោះហ្នឹង​ ត្រូវ​តែ​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើ​មិន​ធ្វើ​ទេ​មានន័យ​ថា​ស្មើ​សូន្យ​”

បើ​តាមលោក សុខ ទូច រហូត​មក​ដល់ពេលនេះ ​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែននៅ​រាជបណ្ឌិតសភា​កម្ពុជា​ បាន​ទ​ទួលផែនទីពី​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​នៃ​របប​សាធារណ​រដ្ឋ លន់ នល់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េង​សែ ​ពី​បណ្ណាល័យ​ពី​បារាំង​ ពីបណ្ណាល័យ​របស់​ព្រឹទ្ធសភាអាមេរិក ពីអង្គការ​សហប្រជាជាតិ ពីរដ្ឋាភិបាល ​ពីអ្នក​សិក្សា​ស្រាវ​ជ្រាវ​​ផ្សេង​ទៀ​តនិង​ចុងក្រោយ​ពីគណបក្ស​សង្រ្គោះជាតិ។​

​កន្លងទៅ លោក ហ៊ុន សែន ធ្លាប់បាន​ថ្លែង​ថា​រដ្ឋធម្មនុញ្ញ​កម្ពុ​ជាបាន​សរសេរ​ខ្វះចន្លោះ ដែល​លោក​អះអាងថាពិបាក​យក​ទៅ​តតាំង​ជាមួយ​វៀតណាម​ ។ ចំណែក​កាលពីថ្ងៃទី​០៣ខែសីហា ឆ្នាំ​២០១៥ លោក​ ហ៊ុន សែន បាន​ថ្លែងថា​លោក​នឹង​លុប​ចោល​កិច្ច​ព្រម​ព្រៀង​ជាមួយ​វៀតណាម​ ប្រសិន​បើ​មាន​ការ​វិសោធនកម្មរដ្ឋធម្មនុញ្ញ​ ដោយ​ចែង​ជំនួស​ថា​កម្ពុជា​ប្រើ​ប្រាស់ផែនទី​ខ្នាត​១/៥០.០០០វិញ។​ លោក​បញ្ជាក់​ថា​៖ ”បើ​សិន​ជា​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថាផែនទីនៃ​ព្រះរាជាណាចក្រកម្ពុជាប្រើ​ប្រាស់​ផែនទីខ្នាត១/​៥០.០០០ ខ្ញុំព្រះករុណាក៏​សុខចិត្ត​លុបចោល​កិច្ច​ព្រមព្រៀង​​សន្ធិសញ្ញា​ជាមួយ​វៀតណាមដែរ។ តែ​មាត្រា​ទី​២នៃ​រដ្ឋធម្មនុញ្ញ​គេ​ឲ្យ​ប្រើថាផែនទីអធិបតេយ្យ​របស់កម្ពុជា​មាន​ចែង​នៅក្នុ​ង​ផែនទីខ្នាត​១/១០០.០០០ បោះពុម្ពក្នុង​ចន្លោះឆ្នាំ​១៩៣៣-៥៣ ដែលអន្តរជាតិទទួល​​ស្គាល់​​​​៦៣-៦៩”

លោក ហ៊ុន សែន បន្ត​ថា​កាលពីឆ្នាំ​១៩១៤ អគ្គទេសាភិ​បាលឥណ្ឌូចិន​បាន​ចេញសេចក្តីសម្រេច​មួយ​ថា​ព្រំដែន​កម្ពុជា​​​ត្រូវ​ដើរតាម​ទន្លេដាក់ហូត តែ​លោក​ថា​បារាំង​បាន​គូសផែនទី​ទៅ​តាម​ដាក់ដាំ។ លោក​បន្ត​ថា​ប្រសិន​​បើ​កម្ពុជា​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ កម្ពុជា​នឹង​មិន​ទទួល​ជ័យ​ជម្នះ​ហើយ​នឹង​បាត់​បង់​ទឹក​ដី​ជាង​៥០គីឡូ​​ម៉ែត្រ​ការ៉េ។ លោក​បញ្ជាក់​ថា​៖ “…​យើង​ប្តឹងទៅអង្គការ​សហប្រជាជាតិ​ថា​អាមេរិក​បាន​ទម្លាក់គ្រាប់​បែកនៅម្តុំដាក់ដាំ ដល់ទៅផែនទីដើរតាម​ដាក់ហូត​ អញ្ចឹងបាន​សចក្តីថា​សម័យនោះ ​រដ្ឋមន្រ្តីការបរទេសជំនាន់​នោះ  អ្នក​ស៊ីញ៉េលើ​ផែនទី​ជំនាន់នោះ បាន​ប្រគល់ទឹក​ដី​៥១គីឡូម៉ែត្រការ៉េឲ្យ​ទៅ​វៀតណាមរួច​​ស្រេច​ទៅ​​ហើយ”។​​​

កន្លងទៅ ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ លោក វ៉ា គឹមហុង​ បាន​ថ្លែង​ថា​សន្ធិសញ្ញា​​បំពេញ​បន្ថែម​​ឆ្នាំ​២០០៥ដែល​រដ្ឋាភិបាលកម្ពុជានិង​វៀតណាម​បាន​ចុះហត្ថលេខារួមគ្នា ​អនុ​ញ្ញាត​ឲ្យ​​ភាគី​ទាំងពីរ​គូសចម្លង​ខ្សែ​ព្រំដែន​​ពី​ផែន​ទី​បោន​១/១០០.០០០មក​លើ​ផែន​ទី​UTM១/៥០.០០០ ​ដើម្បី​​ជា​ជំនួយ​​​ដល់​ក្រុម​ប​ច្ចេក​ទេស​យ​ក​​មក​អនុវត្ត​នៅ​​លើ​ដី​ជាក់ស្តែង។​ 

តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលអះអាង​ថា​កម្ពុជា​បាត់បង់ទឹក​ដីឲ្យ​វៀតណាម មានប្រសាសន៍ថាកម្ពុជា​អាច​យក​សារាចររបស់អគ្គទេសាភិបាល​ឥណ្ឌូចិនមុន​ឆ្នាំ​១៩​៣៣​​​មក​ប្រើ​បាន​ទាក់​ទង​នឹង​តំបន់​ដាក់ហូត​ដាក់ដាំ ដោយ​ថា​រដ្ឋធម្មនុញ្ញកម្ពុជា​បាន​ចែង​តែ​ការ​ប្រើ​ប្រាស់ផែន​ទី​តែ​ប៉ុណ្ណោះ​៕​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com


លោក សុខ ទូច ស្នើពលរដ្ឋកុំបោះឆ្នោតឲ្យ CCP និង CNRP បើមិនរួមគ្នាដោះស្រាយបញ្ហា (វីដេអូ)​

ដោយ៖​ វិចិត្រ​ | ថ្ងៃចន្ទ ទី10 សីហា 2015, 06:47 PM​
http://vodhotnews.com

លោក សុខ ទូច ស្នើពលរដ្ឋកុំបោះឆ្នោតឲ្យ CCP និង CNRP បើមិនរួមគ្នាដោះស្រាយបញ្ហា


What Next?

Recent Articles