ដោយ៖ សាន សែល | ថ្ងៃចន្ទ ទី10 សីហា 2015, 06:05 PM
http://vodhotnews.com
កំណាត់ផ្លូវជាតិលេខ ៧៨A ក្នុងក្រុងបានលុង ដែលស្ថិតក្នុងគម្រោងពង្រីក និងកែលម្អ (រូបភាពពីពលរដ្ឋអ្នកសារព័ត៌មានខេត្តរតនគិរី)
ប្រជាជនក្រុងបានលុង ដែលរស់នៅតាមផ្លូវជាតិលេខ៧៨A សម្តែងការបារម្ភបាត់ដីរបស់ខ្លួន ខណៈអាជ្ញាធរមានគម្រោងពង្រីក និងកែលម្អផ្លូវដោយពួកគាត់ថា អាជ្ញាធរមិនបានពិភាក្សាជាមួយប្រជាជន មុននឹងអនុវត្តគម្រោង។
អាជ្ញាធរក្រុងបានលុង បានចេញលិខិតជូនដំណឹងឱ្យប្រជាជន ដែលរស់នៅតាមបណ្តោយផ្លូវ ពីចំណុចស្ថានីយប្រេងឥន្ទនៈតេលា ឆ្ពោះទៅបឹងកំសាន្ត ត្រូវរុះរើផ្ទះ តូបលក់ដូរ និងទ្រព្យសម្បត្តិផ្សេងៗ ថយឱ្យផុតពីគំនូសក្រហម ត្រឹមថ្ងៃទី១៣ ខែសីហានេះ។
អ្នកស្រី ជួន ម៉ានី ជាម្ចាស់ដីដែលត្រូវប៉ះពាល់ដោយគម្រោងពង្រីងផ្លូវនោះ បានឲ្យដឹងថា អ្នកស្រីមិនជំទាស់ទេចំពោះការពង្រីងចំណីផ្លូវ ប៉ុន្តែអ្នកស្រីស្នើឱ្យអាជ្ញាធរធានាថា គម្រោងនោះមិនត្រូវធ្វើឱ្យបាត់បង់ដីប្រជាជន និងត្រូវផ្តល់សំណងសមរម្យ ប្រសិនបើមានការឈូសឆាយពង្រីងផ្លូវ ចូលដីប្រជាពលរដ្ឋ។
អភិបាលក្រុងបានលុង លោក អ៊ុក សំអុល បានបកស្រាយថា អាជ្ញាធរនិងក្រុមជំនាញ នឹងសិក្សាឱ្យបានលម្អិត លើគម្រោងនេះ ហើយថាប្រសិនបើត្រូវឈូសឆាយប៉ះដីប្រជាជនណា ដែលមានលិខិតស្នាមត្រឹមត្រូវ អាជ្ញាធរនឹងផ្តល់សំណងសមរម្យជូនពួកគាត់។
ប៉ុន្តែប្រជាពលរដ្ឋបានសម្តែងការខកចិត្ត ដោយចោទថាអាជ្ញាធរពុំបានធ្វើការពិភាក្សាជាមួយពួកគាត់ នៅមុនពេលគម្រោងនេះត្រូវបានអនុវត្ត។
ឆ្លើយតបការចោទប្រកាន់នេះ លោក អ៊ុក សំអុល បានប្រាប់ថា អាជ្ញាធរបានជួបពិភាក្សាជាមួយពលរដ្ឋជាង១០នាក់ ដែលតំណាងឱ្យគ្រួសារដែលប៉ះពាល់ ដោយគម្រោងពង្រីងផ្លូវនៅព្រឹកថ្ងៃចន្ទនេះ។ លោកបានឱ្យដឹងថា អាជ្ញាធរបានចុះជួបជាមួយប្រជាជនម្តងមួយគ្រួសារៗ តាំងពីខែមិថុនាមកម្ល៉េះ។
ជុំវិញឱសានវាទនៃការរុះរើផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ អភិបាលក្រុងបានលុងបានអះអាងថា អាជ្ញាធរ បានសម្រេចទុកពេលដល់ចុងខែសីហា ដើម្បីឱ្យប្រជាជនរុះរើឥវ៉ាន់៕
សូមសរសេរមកលោក សាន សែល តាមរយៈ sel@vodhotnews.com