​សកម្មជន​៨​នាក់​សុំ​សាលាឧទ្ធរណ៍​លើ​ក​ពេល​សវនាការ​​

ដោយ៖​ ញឹម សុខន​​ | ថ្ងៃចន្ទ ទី10 សីហា 2015, 05:46 PM​
http://vodhotnews.com


លោក វន់ ពៅ និង​សកម្មជន​ផ្សេងទៀត ក្នុង​ថ្ងៃដោះលែង​ឲ្យ​នៅក្រៅឃុំ


​សកម្មជន​ចំនួន​៨​នាក់ សុំ​សាលាឧទ្ធរណ៍លើក​ពេល​សវនាការ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ លើ​បណ្តឹងទាស់​របស់​ពួកគេ ប្រឆាំង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់ទោស​ពួកគេ​ទាក់ទង​នឹង​ដឹកនាំ​កម្មករ​តវ៉ា​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​។​

​ជនជាប់ចោទ​ទាំង​៨​នាក់ បាន​ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍ ឲ្យ​ទម្លាក់​ចោល​សាលក្រមចោទប្រកាន់របស់​សាលាដំបូង​នេះ បើ​ទោះបី​ជនជាប់ចោទត្រូវបាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ក៏ដោយ​។​

​មេធាវី​ម្នាក់​ក្នុងចំណោម​៥​រូប ដែល​បាន​ដាក់​លិខិត​រួ​ម​គ្នា ទៅ​សាលាឧទ្ធរណ៍​គឺ​លោក សំ សុគ​ង់ ឲ្យ VOD ​ដឹង​នៅ​ថ្ងៃទី​១០ ​ខែ​សីហា​នេះ​ថា ការសុំ​ពន្យា​ពេល​សវនាការ ដោយសារ​ដីកា​កោះមាន​មាន​រយៈ​ខ្លី​ មិន​អាច​ឲ្យ​កូនក្តី​លោកមក​ចូលរួម​សវនាការ​បាន និង​ខ្លះទៀត​កំពុង​មាន​ជំងឺ​។​

​មេធាវី​មួយរូប​ទៀត គឺ​លោក ស្រី សាម សុគន្ធ​ធី ឲ្យដឹង​ដែរថា កូនក្តី​លោក​ស្រី​ខ្លះកំពុងស្ថិត​នៅ​ក្រៅប្រទេស និង​ខ្លះទៀតមាន​បញ្ហា​សុខភាព។​

កាលពី​ថ្ងៃ​ទី​២ ​ខែ​មករា ​ឆ្នាំ​២០១៤ សមត្ថកិច្ច​បាន​ចាប់ខ្លួន ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ​ន់ ពៅ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ លោក ច័ន្ទ ពុទ្ធិស័​ក្ត និង​សកម្មជន​មួយចំនួនទៀត សរុប​១០​នាក់ ពេល​ពួកគេ​ឃ្លាំ​មើល​ការតវ៉ារបស់​កម្មករ នៅ​មុខ​រោងចក្រ​យ៉ាក់​ជី​ង ជាយ​រាជធានី​ភ្នំពេញ។​

ក្រោយមក​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​ឲ្យ​អ្នក​ទាំង​១០​នាក់​នៅ​ជាប់​ពន្ធនាគារ ពី​២​ទៅ​៤​ឆ្នាំ​កន្លះ បង្គាប់​ឲ្យ​បង់​ប្រាក់​ពី​២​លាន​ទៅ​៨​លាន​រៀល ចោទ​ពី​បទ​ញុះញង់ ប្រព្រឹត្តិ​អំពើ​ហិង្សា​ឲ្យមាន​ការវឹកវរ​ដល់​សន្តិសុ​ខ​សង្គម​។​

​លុះដល់​ថ្ងៃ​ទី​៣០​ ខែ​ឧសភា ​ឆ្នាំ​២០១៤ អ្នក​ទាំង​១០​នាក់ ត្រូវ​តុលាការ​កាត់​តម្រឹម​ឲ្យ​ទោស​ត្រឹម​៥​ខែ ក្នុងនោះ​២​នាក់​រួច​ខ្លួន សល់​៨​នាក់​បន្ត​ព្យួរទោស​។ ​ប៉ុន្តែ​សាលក្រម​នេះ ត្រូវបាន​ជនជាប់ចោទ​ប្តឹង​ទាស់មក​សាលាឧទ្ធរណ៍ ដោយ​អះអាង​ថា ពួកគេ​មិន​ប្រព្រឹត្តដូច​ការចោទប្រកាន់​៕

សូមសរសេរមកលោក​ ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles