ដោយ៖ ឈុន វួចលាង | ថ្ងៃចន្ទ ទី10 សីហា 2015, 05:11 PM
http://vodhotnews.com
ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការប្រឆាំងអំពើពុករលួយ ស្នើឲ្យមានការទប់ស្កាត់ កុំឲ្យដំឡើងថ្លៃសណ្ឋាគារនិងផ្ទះសំណាក់ដែលសិស្សជួលស្នាក់នៅសម្រាប់ពេលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចាប់ពីថ្ងៃទី២៤ ខែសីហា ២០១៥នេះ។
សេចក្តីអំពាវនាវនេះ ចេញដោយអង្គការចំនួន៥រួមមាន សម្ព័ន្ធគណនេយ្យភាពសង្គម អាស៊ីបូពា៍ និងប៉ាស៊ីហ្វិក(ANSA-EAP) វិទ្យាស្ថានខ្មែរសំរាប់អភិវឌ្ឍន៍ជាតិ(KIND) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) បណ្តាញយុវជនកម្ពុជា(CYN) និងអង្គការសម្លេងសង្គម(SVO)។
សេចក្តីអំពាវនាវនៅថ្ងៃទី១០ ខែសីហា ឲ្យដឹងថា ដោយសារការប្រលងប្រព្រឹត្តទៅនៅទីរួមខេត្ត ដែលបណ្តាលឲ្យមានតម្រូវការកើនឡើងនៃការស្នាក់នៅតាមផ្ទះសំណាក់ ឫសណ្ឋាគារ ទើបជាហេតុនាំឲ្យមានការឡើងថ្លៃក្នុងរយៈពេលនៃការប្រលង។
យោងតាមលិខិត ដើម្បីដោះស្រាយនេះ អង្គការសង្គមស៊ីវិល បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការផ្នែករដ្ឋបាល ទប់ស្កាត់ការដំឡើងថ្លៃនៃការស្នាក់នៅតាមទីរួមខេត្ត ព្រមទាំងស្នើរឲ្យក្រសួងអប់រំរៀបចំផ្តល់កន្លែងស្នាក់នៅរយៈពេលខ្លី ដល់បេក្ខជនដែលធ្វើដំណើរមកពីជនបទ។
លោក សន ជ័យ តំណាងអង្គការ ANSA-EAP មានប្រសាសន៍ថា ការប្រមូលផ្តុំបេក្ខជនមកទីរួមខេត្តនេះ អាចជាឱកាសនៃការកេងប្រវ័ញ្ចដល់បេក្ខជនប្រលង ដោយសារកន្លងមកកន្លែងខ្លះមានការឡើងថ្លៃទ្វេមួយជាពីរក៏មាន ដែលជាហេតុបង្កឲ្យមានការបារម្ភដល់បេក្ខជន។
លោកថា៖ "អ្នកដែលមកស្នាក់នៅពេលហ្នឹង មិនមែនជាក្រុមទេសចរដែលមានលុយច្រើន មិនមែនជាក្រុមដែលចុះទៅបំពេញការងារដែលមានលុយច្រើនទេ ពួកគេជាសិស្សដែលភាគច្រើនមើលឃើញថា មកពីគ្រួសារក្រីក្រនៅតាមទីជនបទដាច់ស្រយាល ការតម្រូវឲ្យមកប្រលងនៅទីរួមខេត្តហ្នឹង គឺជាបន្ទុកមួយទៅហើយ ទាំងការធ្វើដំណើរ ការហូបចុកអីជាដើមហ្នឹង ជាបន្ទុកធំមួយសម្រាប់អាណាព្យាបាលរបស់បេក្ខជន ចុះនៅពេលដែលពួកគេមករកកន្លែងស្នាក់នៅបែរជាមានការឡើងថ្លៃ ហ្នឹងរឹតតែជាបន្ទុកថែមទៀត"។
VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន បាននៅឡើយ៕
សូមសរសេរមកកញ្ញា ឈុន វួចលាង តាមរយៈ chhun.vouchleang@yahoo.com