ដោយ៖ ញឹម សុខន | ថ្ងៃចន្ទ ទី10 សីហា 2015, 04:21 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
សង្គមស៊ីវិលនិងអ្នកស្រាវជ្រាវយល់ថា ការដែលទណ្ឌិត ឈូក បណ្ឌិត ដើរចូលពន្ធនាគារទទួលទោស ពេលនេះអាចជាការបើកផ្លូវឲ្យបក្សកាន់អំណាចមានឱកាសកាន់តែច្រើនប្រើប្រព័ន្ធយុត្តិធម៌ តាមចាប់ខ្លួនសកម្មជនបក្សប្រឆាំងដើម្បីទប់ស្កាត់សការរិះគន់។
ការបង្ហាញខ្លួនរបស់ខ្មាន់កាំភ្លើងរូបនេះបានធ្វើឡើង៥ថ្ងៃប៉ុណ្ណោះ ក្រោយពីនាយករដ្ឋមន្ត្រីលើកឡើងពីវិធានការរបស់ក្រសួងមហាផ្ទៃ ដែលសហការជាមួយប្រទេសជាង១៩០លើពិភព លោក ក្នុងការតាមចាប់ខ្លួន ឈូក បណ្ឌិត។
ប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា លើកឡើងថាការចេញមុខទទួលទោសរបស់ឈូក បណ្ឌិត បង្ហាញថា ការអនុវត្តច្បាប់នៅកម្ពុជាស្ថិតនៅលើកណ្តាប់ដៃនាយករដ្ឋមន្ត្រីតែម្នាក់។ លោកបន្តថាការជំរុញឲ្យជនដៃដល់ ដែលរស់នៅក្រៅសំណាញ់ច្បាប់ច្រើនឆ្នាំ មកទទួលទោសវិញនេះ អាចជាហេតុផលមួយ ធ្វើឲ្យបក្សកាន់អំណាចលុបលាងកំហុសពីអតីកាល ហើយបន្តប្រើប្រព័ន្ធច្បាប់គំរាមកំហែងអ្នកនយោបាយជាដៃគូ ជាជាងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅម្ពុជា។ លោកបញ្ជាក់ថា៖ “ហេតុអ្វីបានខ្ញុំអះអាងថា ការចាប់ ឈូក បណ្ឌិត ហ្នឹងមិនមែនជារឿងធ្វើកំណែទម្រង់ ព្រោះនៅមានរឿងច្រើនណាស់ រឿងការបាញ់សម្លាប់ ពិសិដ្ឋ ពិលីកា ការបាញ់សម្លាប់លោក ជា វិជ្ជា ការបាញ់ប្រហារលើអ្នកនាង ទូច ស្រីនិច មិនទាន់រកឃាតកឃើញទេ ហើយការបោកគ្រាប់បែកនៅមុខរដ្ឋសភា ការបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេង នៅស្ពានក្បាលថ្នល់ ហើយនិងវត្តស្ទឹងមានជ័យជាដើម។ អ៊ីចឹងមិនទាន់អ្នកណាមួយ មកទទួលទោសនៅឡើយទេ ប្រទេសយើងតែមួយទេ ប្រព័ន្ធច្បាប់តែមួយទេ គួរតែមានការអនុវត្តច្បាប់ជាស្តង់ដាតែមួយបានហើយ កុំឲ្យមានស្តង់ដារពីរអ៊ីចឹង”។
មកដល់ពេលនេះ សកម្មជនគណបក្សសង្គ្រោះជាតិ១៤នាក់ហើយ ត្រូវតុលាការចោទប្រកាន់ និងបញ្ជាឲ្យឃុំខ្លួននៅពន្ធនាគារព្រៃស ដោយចោទថា ជាប់ពាក់ព័ន្ធនឹងការចូលរួមកុប្បកម្ម ក្នុងព្រឹត្តិការណ៍តវ៉ាឲ្យបើកទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងដែរថាការដើរចូលពន្ធនាគាររបស់ ឈូក បណ្ឌិត អាចជាយុទ្ធសាស្ត្រនយោបាយ ដោយលោកអះអាងថា នៅពេលបង្ហាញខ្លួនគឺមានរថយន្តទំនើបៗអមដំណើរ ហើយអតីតអភិបាលក្រុងរូបនេះ មិនត្រូវសមត្ថកិច្ចដាក់ខ្នោះដៃទេ។
លោកបណ្ឌិត មាស នី បន្តថា ម្យ៉ាងវិញទៀតសកម្មភាពទណ្ឌិត ឈូក បណ្ឌិត ស្ម័គ្រចិត្តចូលទៅទទួលទោស មិនត្រូវបានផ្សព្វផ្សាយតាមកញ្ចាក់ទូរទស្សន៍ឲ្យដឹងមុន ដូចករណីចាប់សកម្មជនដីធ្លី និងជនសង្ស័យមួយចំនួនទៀត បើទោះបីតុលាការរកឃើញថា ជនដៃដល់រូបនោះបានបាញ់កម្មករ ហើយបានរត់គេចពីសំណាញ់ច្បាប់ច្រើនឆ្នាំក៏ដោយ។ លោកបន្ថែមថា៖ “ការចាប់មនុស្សម្នាក់នេះ គឺដើម្បីគ្រាន់តែបំបាត់ការដៀមដាមពីសាធារណជន ថាដើរចាប់តែអ្នកផ្សេង ប៉ុន្តែមនុស្សម្នាក់ហ្នឹង ម៉េចក៏មិនឃើញចាប់ឬក៏ម៉េចក៏រកមិនឃើញយូរហើយ អ៊ីចឹងអាចយកឆ្អឹងទទឹងកនេះចេញ ហើយគេអាចធ្វើ់ស្អីៗបាន”។
ប៉ុន្តែការអះអាងនេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលដោយលោកអះអាងថា ករណី ឈូក បណ្ឌិត បង្ហាញខ្លួនចំពោះមុខសមត្ថកិច្ចនិងការចាប់ខ្លួនអ្នកចូលរួមធ្វើបាតុកម្មនៅជិតទីលានគឺមិនជាប់ពាក់ព័ន្ធគ្នាទេ។ លោកថា៖ “វាមិនមែនយុទ្ធវិធី ឬយុទ្ធសាស្ត្រ ឬជាឧបាយកលរបស់រាជរដ្ឋាភិបាលទេ ព្រោះករណីវាដាច់ពីគ្នា អ៊ីចឹងវាជានីតិវិធីរបស់តុលាការ ដែលគេធ្វើសម្រាប់សកម្មជនរបស់គណបក្សសង្គ្រោះជាតិ ដែលធ្វើជាបាតុភាព ជាកុបកម្មនៅក្នុងទីលានប្រជាធិបតេយ្យ អាហ្នឹងជារឿងដោយឡែកទេ រឿង ឈូក បណ្ឌិត ជារឿងដោយឡែក”។
យ៉ាងនេះក្តីមេធាវីការពារកម្មកររងរបួស លោកស្រី សេរីបុត្រ ចរិយា យល់ថាការជំរុញឲ្យទណ្ឌិត ឈូក បណ្ឌិត ចូលខ្លូនមកទទួលទោស ជាយុត្តិធម៌មួយផ្នែកសម្រាប់កូនក្តីលោកស្រី បើទោះបីតុលាការទាំង៣ថ្នាក់ មិនបានចោទប្រកាន់ ឈូក បណ្ឌិត ពីបទឧក្រិដ្ឋដូចការរកឃើញរបស់មេធាវី និងសាក្សីជាច្រើន របស់មន្ត្រីរដ្ឋាភិបាលក៏ដោយ។មេធាវីរូបនោះអះអាងថា នៅសប្តាហ៍នេះក្រុមការងារនឹងដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីជំរុញឲ្យទណ្ឌិតរូបនោះ ផ្តល់ប្រាក់សំណង៣៨លានរៀល ឲ្យជនរងគ្រោះទាំង៣នាក់ មាន កែវ នា ប៊ុន ចិន្តា និងនុត សុខន តាមសាលដីការស្ថាពរបស់តុលាការកំពូល។
សាលាដំបូងខេត្តស្វាយរៀង កាលពីឆ្នាំ២០១៣ បានកាត់ទោសអតីតអភិបាលក្រុងបាវិតជាប់ពន្ធនាគារត្រឹម១៨ខែ ពីបទបង្ករបួសស្នាមដោយអចេតនា បើទោះជាសាក្សីជាមន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថប្រមាណជាង៣០នាក់អះអាងថា ពួកគេបានឃើញ ឈូក បណ្ឌិត ប្រើអាវុធខ្លីបាញ់រះ លើក្រុមកម្មករ ដែលកំពុងតវ៉ានៅរោងចក្រកៅវ៉េ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ក៏ដោយ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
