កម្មករ​ជិត​១ពាន់នាក់នៅ​រោងចក្រភីភីអូ ​តវ៉ា​រឿង​មិន​បើក​ប្រាក់ឈ្នួល​​ឲ្យ​ទាន់​ពេល​​

ដោយ៖​ មាឃ ចាន់​ | ថ្ងៃអង្គារ ទី11 សីហា 2015, 04:19 PM​
http://vodhotnews.com

កម្មករជិត១០០០នាក់មក​ពីរោងចក្រភីភីអូ(PPO Cambodia)ក្នុង​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅ​​​ព្រឹកថ្ងៃអង្គារនេះ បាន​ចេញមុខ​តវ៉ាទាមទារឲ្យ​ថៅកែ​រោងចក្រជនជាតិ​ចិន​​បើកប្រាក់ឈ្នួល​ឲ្យ​ ដោយ​សង្ស័យ​​ថា​រោងចក្រក្ស័យធន។​

ប្រធានក្រុមសហជីព លោក ស៊ាន់ យ៉ូវ ដែល​បាន​ដឹកនាំកម្មករ​តវ៉ា បានប្រាប់វីអូឌី(VOD)ថាកម្មករ​តវ៉ានេះ ដោយ​សារ​ភាគី​រោងចក្រ​មិន​ទាន់បាន​បើក​ប្រាក់​ខែ​ជូនកម្មករ​ដែល​ជា​រៀង​រាល់ខែ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០។ លោក​បន្ត​ថា​កម្មករ​តវ៉ានេះក៏​​ដោយ​សារ​ទទួល​ដំណឹង​តៗគ្នា​ថា​រោងចក្រ​ក្ស័យ​ធន​និង​ដូរថៅកែថ្មី​។ លោកបាន​​បញ្ជាក់​បន្ថែម​ថា​៖ "តែការសង្ស័យ​របស់លោកមួយទៀតគឺដោយសារតែរោងចក្រមួយនេះជិតមានការផ្លាស់​​​ប្តូរថៅ​កែថ្មី ដូច្នេះ​ប្រហែលជា​គេមិនច​ង់បើកលុ​យឲ្យ​​”

កម្ម​ករ​ម្នាក់ដែល​បាន​ចូល​រួម​តវ៉ា លោក ហេ លីម មានប្រសាសន៍ថាភា​គីខាងរោងចក្រមិនព្រមបើកប្រាក់ខែឲ្យ​​​ក​ម្ម​ករ​តាម​កាលកំណត់​។ លោក​បន្ត​ថា​សព្វថ្ងៃនេះ គ្រួសាររបស់លោក​បានជំពាក់បំណុលរដ្ឋ ហើយលោក​​ត្រូវ​ការ​ថវិកា​​ចាំបាច់សម្រាប់គ្រួសារ។​ ​កម្មក​រម្នាក់ទៀត លោក ស៊ីន រ័ត្ន មាន​ប្រសាសន៍ថា​លោកត្រូវការប្រាក់ខែ​​ជា​​ចាំបាច់ ដើ​ម្បីជួយទំនុក​បម្រុង​ក្រុមគ្រួសារដែល​រស់នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។​

នៅពេលវីអូឌីទាក់ទង​តាម​ទូរស័​ព្ទ បុគ្គលិកម្នាក់ដែលអះអាង​ថាមានឈ្មោះ​ម៉ាណែតនិង​ជា​អ្នក​ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល មានប្រសាសន៍ថា​ភាគីរោងចក្រ​បាន​ដោះស្រាយ​រួច​រាល់ហើយ​ចំពោះ​បញ្ហាប្រាក់ខែ​របស់កម្មក​រ​។ បុគ្គ​​លិ​កនោះ​បន្ត​ថា​កម្មករ​ខ្លះ​ទទួល​បាន​ប្រាក់ឈ្នួល​គោល​១២៨ដុល្លារនិង​ខ្លះ​ទៀត​ទទួល​បាន​លើ​សពីនេះ​។ ​សហជីព​លើក​ឡើង​ថា​ក្រោយ​ពី​កម្មករតវ៉ា​ ភាគីរោងចក្រ​នៅ​រសៀលនេះ​បានសម្រេច​​បើកប្រាក់​ខែ​ជូន​កម្មករ​រួច​រា​ល់​អស់​ហើយ៕

សរសេរមកកាន់លោក មាឃ ចាន់ តាមរយៈchanmeak981@gmail.com

What Next?

Recent Articles