ក្រសួងមហាផ្ទៃបង្កើតក្រុមការងារទប់ស្កាត់ការធ្វើទារុណកម្មឣ្នកជាប់ឃុំ​

ដោយ៖​ ញឹម សុខន​​ | ថ្ងៃអង្គារ ទី11 សីហា 2015
http://vodhotnews.com


ក្រសួងមហាផ្ទៃអះអាងថានឹងបញ្ជូនក្រុមការងារពិសេសចុះពិនិត្យតាមមណ្ឌលឃុំឃាំងនិងមណ្ឌល​ស្តានី​តិស​ម្ប​​ទានៅ​ទូទាំងប្រទេស ដើម្បីទប់​ស្កាត់ការធ្វើ​ទារុណក​ម្ម​ទៅ​លើ​​​ជ​ន​​ដែលត្រូវបានដកហូតសិទ្ធិ ខណៈ​ស​ង្គម​ស៊ី​​វិ​លរកឃើញថាមណ្ឌលស្តានីតិសម្បទារខ្លះមានរូបភាពរំលោភសិទ្ធិមនុស្ស។

សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៧ខែសីហាឆ្នាំ២០១៥ឲ្យដឹងថាក្រុមការងារពិសេសនោះនឹ​ង​​​ត្រូ​វចាត់តាំងឲ្យចុះអង្កេត ត្រួតពិនិត្យនិងធ្វើកិច្ចសម្ភាសន៍ដោយមិនផ្តល់ដំណឹងជាមុននៅក​ន្លែ​ងឃុំឃាំ​​ង ​ឬមណ្ឌលអប់រំ ពន្ធនាគារ មណ្ឌលស្តានីតិសម្បទានិងកន្លែងព្យាបាលបន្សាបសារធាតុញៀនតាម​ប​ណ្តា​រាជធានី ខេត្ត នៅទូទាំងប្រទេស។

សេចក្តីប្រកាសដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដដែលឲ្យដឹងទៀតថា ការចុះពិ​និ​ត្យ​និ​ងអង្កេតនេះអនុលោម​តាមអនុសញ្ញានិងពិធីសារបន្ថែមរបស់អង្គការសហប្រជាជាតិ ដើម្បី​ទ​ប់​​ស្កា​ត់កា​​រ​​ធ្វើ​ទារុណកម្ម  អំពើឃោឃៅ អំពើអមនុស្សធម៌ ការធ្វើទុក្ខបុក្ខ​ម្នេញដែលកម្ពុ​ជាជា​រដ្ឋភាគី។

មន្ត្រីឃ្លាំមើការរំលោសិទ្ធិមនុស្សនៅអង្គការលីកាដូ  លោក អំ សំអាត បានស្វាគមន៍ទៅនឹងវិធានការរបស់​​ក្រសួ​ងមហាផ្ទៃនេះ។ ប៉ុន្តែលោកជំរុញឲ្យ​ក្រសួងនេះត្រូវពង្រឹងយន្តការនេះឲ្យមានប្រសិទ្ធភាព ដើម្បី​ធា​​នា​ថា​​ជន​សង្ស័យមិនត្រូវបានគេធ្វើទារុណកម្ម បង្ខំឲ្យសារភាពទាំងមិនបានធ្វើខុសនិងយកទៅបង្ខាំងទាំ​ង​រំលោភ​ច្បាប់។

លោក អំ សំអាត ឲ្យដឹងទៀតថាជា​ពិសេសមណ្ឌលស្តានីតិសម្ប​ទាព្រៃស្ពឺ ដែលលោកថានៅតែមាន​ការបង្ខាំ​ង​​មនុ​ស្ស ដោយមិនបានផ្តល់សេវា​​សុខ​ភាព​ ការធ្វើទារុណកម្ម និងការរំលោភសិទ្ធិមនុស្ស បើទោះ​​បីស​​ង្គម​ស៊ី​វិលធ្លាប់ស្នើ ​​ឲ្យ​បិទម​ណ្ឌ​លនោះ​ក៏​ដោ​យ​។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី លើកឡើងថាវិធានការរបស់ក្រសួងមហាផ្ទៃ អាច​​ជាជំ​​ហានធ្វើ​កំណែទម្រង់មួយផ្នែកទៀត ដោយ​លោក​ថាកន្លងមកពន្ធនាគា​រខ្លះបាន​បង្កើតឲ្យ​មា​ន​​ប​ងធំ ដើម្បី​ធ្វើទារុណ​កម្មដល់ជនជាប់ចោទណាដែលពួកគេមិនពេញចិត្ត​​ឬជនជាប់ចោ​ទដែលត​ស៊ូម​តិប្រ​ឆាំ​ងនឹងរដ្ឋាភិបាលជាដើម។

របាយការណ៍អង្គការលីកាដូចេញផ្សាយថ្ងៃទី២០ខែមករាឆ្នាំ២០១៥ឲ្យដឹងថាជីវិតអ្នករស់​នៅ​ក្នុង​ពន្ធ​នា​គារ​​កម្ពុជានៅតែមានការ​រំលោភ​បំពាន ការរើស​អើង ការ​កេង​ប្រវ័ញ្ចនិង​អំពើ​ពុករលួយដែ​ល​​កំពុង​បន្ត​កើត​មាន​ឡើងជា​លក្ខណៈ​ប្រព័ន្ធ​​ បើទោះបីជា​​មានកា​រធ្វើកំ​ណែ​ទម្រង់​ក៏​ដោយ។ ប៉ុន្តែរបាយការណ៍នោះ ត្រូវបានអគ្គនា​យកនៃអ​គ្គនាយ​កដ្ឋាពន្ធ​នាគារ​ច្រា​​នចោល៕

សរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com 

What Next?

Recent Articles