ដោយ៖ ឆុង ស៊ីណាន | ថ្ងៃអង្គារ ទី11 សីហា 2015
http://vodhotnews.com
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យជួយអន្តរាគមន៍លើករណីទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋ២៩គ្រួសារ ក្នុងភូមិត្រពាំងផ្តៅ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
លិខិតរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចុះថ្ងៃទី៤ខែសីហាឲ្យដឹងថាប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី២៩គ្រួសារបានស្នើឲ្យតំណាងរាស្រ្តជួយអន្តរាគមន៍រកដំណោះស្រាយករណីទំនាស់ដីធ្លីជូនពួកគាត់។ បើតាមលិខិតនោះ ប្រជាពលរដ្ឋបានអះអាងថាពួកគាត់ចំនួន២៩គ្រួសារបានកាន់កាប់ដីនិងអាស្រ័យផលលើដីទំហំ៧៥ហិកតាចាប់តាំងពី២០០៩និងឆ្នាំ២០១០មកម្ល៉េះ ហើយពួកគាត់បានដាំស្រូវ ដំឡូងមី ស្វាយចន្ទីនិងសាងសង់លំនៅដ្ឋានអចិន្រ្តៃយ៍ទៀតផង។ លិខិតបន្ថែមថានៅថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០១២ លោក ប៉ែន លឿ មេភូមិត្រពាំងផ្តៅបានហាមឃាត់ពួកគាត់មិនឲ្យទៅដាំដុះលើដីនោះ ហើយប្រជាពលរដ្ឋបានប្តឹងនិងតវ៉ាជាច្រើនលើកនៅសាលាឃុំបឹងល្វា តែពុំមានដំណោះស្រាយនៅឡើយទេ។
លិខិតររបស់តំណាងរាស្រ្តបានបន្ថែមទៀតថានៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៥ អាជ្ញាធរបែរជាបែងចែកដីរបស់ប្រជាពលរដ្ឋនៅភូមិត្រពាំងផ្តៅនោះទៅឲ្យប្រជាពលរដ្ឋនៅភូមិច្រាំងបាក់ ខេត្តកំពង់ចាមទៅវិញ។
តំណាងរាស្រ្តមណ្ឌលកំពង់ធំ លោក ម៉ែន សុថាវរិន្រ្ទ មានប្រសាសន៍ថាបញ្ហាទំនាស់ដីធ្លីមានច្រើននៅខេត្តកំពង់ធំជាពិសេសនៅស្រុកសន្ទុកនេះតែម្តងដោយប្រជាពលរដ្ឋមានបញ្ហាជាមួយអភិបាលខេត្ត អភិបាលស្រុក។ លោកបន្តថាកន្លងមក តំណាងរាស្រ្តបានចរចាជាមួយអភិបាលខេត្តកំពង់ធំដែរតែមិនទទួលបានលទ្ធផលអ្វីនៅឡើយទេ ទើបលោកសម្រេចនាំពាក្យរបស់ប្រជាពលរដ្ឋសុំអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ លោកបានបញ្ជាក់ថា៖ ”ក្នុងនាមរូបយើងជាតំណាងរាស្រ្តនៅពេលដែលប្រជាពលរដ្ឋមកប្តឹងយើងជួយពាំពាក្យហ្នឹងទៅឲ្យរដ្ឋាភិបាលជាពិសេសគឺឯកឧត្តម ស ខេង ពីព្រោះសម្តេចក្រឡាហោម ស ខេង គាត់ទទួលខុសត្រូវខាងក្រសួងមហាផ្ទៃ ឲ្យគាត់ជួយពន្លឿនរឿងហ្នឹងផងព្រោះអាជ្ញាធរនៅតាមមូលដ្ឋានគាត់មិនបានដោះស្រាយជូនប្រជាពលរដ្ឋ”។
អ្នកស្រី អ៊ុង ឌី អាយុ៤៨ឆ្នាំ ជាប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅភូមិត្រពាំងផ្តៅ ឃុំបឹងល្វា ស្រុកសន្ទុក ប្រាប់វីអូឌី(VOD)ថាប្រជាពលរដ្ឋទាំង២៩គ្រួសារបានតវ៉ា៦ដងហើយរហូតមកដល់ពេលនេះ ប៉ុន្តែថាមិនទាន់មានដំណោះស្រាយនៅឡើយទេ។ អ្នកស្រីបានបន្តថា៖ ”ខ្ញុំសូមសំណូមពរដល់តំណាងរាស្រ្តឲ្យជួយអន្តរាគមន៍ចំពោះបញ្ហាទំនាស់ដីធ្លីរបស់ពួកខ្ញុំ ព្រោះពួកខ្ញុំមិនមានដីសម្រាប់បង្កបង្កើនផលនោះទេពួកខ្ញុំជាកសិករពឹងផ្អែកទៅលើកសិកម្ម”។
វីអូឌីមិនទាន់អាចទាក់ទង លោក ប៉ែន លឿ មេភូមិត្រពាំងផ្តៅដែលប្រជាពលរដ្ឋអះអាងថាបានហាមឃាត់ពួកគេមិនឲ្យដាំដុះលើដីដែលមានទំនាស់នោះបាននៅឡើយទេ។
អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន បានប្រាប់វីអូឌី(VOD)ថាលោកមិនដឹងបញ្ហាទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋនៅភូមិត្រពាំងផ្តៅ ស្រុកសន្ទុកនោះនៅឡើយទេ ដោយលោកថារឿងទំនាស់ដីធ្លីមានច្រើនក្នុងស្រុកនេះ គឺទំនាស់ដីសង្គមកិច្ចផងនិងក្រៅសង្គមកិច្ចផង។ លោកបន្តថាកន្លងមក សាលាខេត្តបានដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដែរ ដោយផ្អែកលើឯកសារត្រឹមត្រូវតាមច្បាប់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថាក្រសួងមហាផ្ទៃមិនទាន់បានទទួលលិខិតរបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនៅឡើយទេ៕
សរសេរមកលោក ឆុង ស៊ីណាន តាមរយៈChhong.sinnan@yahoo.com