ពលរដ្ឋ​៤៣​គ្រួសារ​នៅ​ប៉ោយប៉ែត​អំពាវនាវ​សុំ​កុំ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​លំនៅឋាន

ដោយ ហ៊ុំ ចំរើន
2015-08-11
RFA

ជម្លោះ​ដីធ្លី ប៉ោយប៉ែត ៦២០
ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី តវ៉ា​មុខ​សាលា​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៥។ Photo Provided


ប្រជាពលរដ្ឋ​ប្រមាណ ៤៣​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កំពុង​ព្រួយ​បារម្ភ​ខ្លាច​ពុំ​មាន​ទី​ស្នាក់​អាស្រ័យ​ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ។ ក្ដី​បារម្ភ​នេះ កើត​មាន​បន្ទាប់​ពី​ពួក​គាត់​បាន​ទទួល​លិខិត​ជូន​ដំណឹង​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដែល​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ពី​ដី​លំនៅឋាន កាល​ពី​សប្ដាហ៍​កន្លង​ទៅ ដោយ​ពុំ​បាន​ផ្ដល់​សំណង​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ទេ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត អំពាវនាវ​ឲ្យ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​បញ្ឈប់​ការ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​លំនៅឋាន ឬ​ត្រូវ​ដោះស្រាយ​ដោយ​ផ្ដល់​សំណង​ទៅ​តាម​តម្លៃ​ដី​ទីផ្សារ​បច្ចុប្បន្ន។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ អ៊ិត ស៊ីម រស់នៅ​ភូមិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្លែង​នៅ​ថ្ងៃ​ទី​១១ សីហា ថា ចៅក្រម​អម​សាលា​ដំបូង​ខេត្ត​ចេញ​ដីកា​បង្ខំ​ឲ្យ​ពួក​គាត់​ចំនួន ៤៣​គ្រួសារ រស់នៅ​ភូមិ​ក្បាលស្ពាន១ រុះរើ​ផ្ទះ​សម្បែង​ចេញ​ពី​ដី​ស្នាក់នៅ ពុំ​បាន​ផ្ដល់​សំណង​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​អះអាង​ថា ផ្ទៃដី​ដែល​តុលាការ​បញ្ជា​ឲ្យ​ពួក​គាត់​រុះរើ​ផ្ទះ​សម្បែង​នោះ ជា​ដី​លំនៅឋាន​ទំហំ​ប្រមាណ ៣០​ម៉ែត្រ​គុណ​នឹង ១៥០​ម៉ែត្រ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ដែល​ពួក​គេ​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៩៥ រហូត​មក។ លោក​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​ក្រីក្រ រស់នៅ​អាស្រ័យ​ដោយ​ការ​លក់​កម្លាំង​ពលកម្ម បាន​ប្រាក់​កម្រៃ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ក្នុង​មួយ​ថ្ងៃៗ​ប៉ុណ្ណោះ៖ «រដូវ​នេះ​ជា​រដូវ​ភ្លៀង​ធ្លាក់ បើ​ឲ្យ​រុះរើ​ទៅ​ឲ្យ​ពួក​ខ្ញុំ​ទៅ​បោះ​តង់​រស់​កន្លែង​ណា? ស្នើ​ទៅ​រាជ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន មេត្តា​ជួយ​មើល​កូន​ចៅ​ទាំង ៤៣​គ្រួសារ ឲ្យ​បាន​រស់​រាន​មាន​ជីវិត​បន្ត​ទៅ​មុខ​ទៀត​ផង»

លិខិត​ជូន​ដំណឹង​ដែល​ចុះ​ហត្ថលេខា​របស់ លោក ជូន វណ្ណៈ ចៅក្រម​អនុវត្ត​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ចុះ​ថ្ងៃ​ទី​៣ សីហា សរសេរ​ថា សាលា​ដំបូង​ខេត្ត​សម្រេច​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​ចុះ​ថ្ងៃ​ទី​២៣ មិថុនា របស់​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ។ ជម្រាប​ដល់​ប្រជាពលរដ្ឋ​ចំនួន ៣​នាក់ រួម​មាន លោក អ៊ិត ស៊ីម លោក ប៊ុន លី និង​អ្នកស្រី សុខ ខន ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​លើ​ដី​ផ្លូវ​សាធារណៈ នៅ​ភូមិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ឲ្យ​រុះរើ​ខ្ទម ដក​សសរ និង​របង​ចេញ​ពី​ដី​ផ្លូវ​សាធារណៈ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៣ សីហា ជា​កំហិត។ ក្នុង​ករណី​មិន​រុះរើ​តាម​ពេល​កំណត់​ទេ តុលាការ​នឹង​អនុវត្ត​រុះរើ​ដោយ​បង្ខំ។

ទាក់ទង​នឹង​បញ្ហា​នេះ ចៅ​សង្កាត់​ប៉ោយប៉ែត លោក នុត នី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត កំពុង​ដំណើរ​ការ​ជួយ​សម្រួល​រក​ដី​ផ្ដល់​សំណង​ដល់​ប្រជាពលរដ្ឋ​ទាំង ៤៣​គ្រួសារ​នោះ​ហើយ៖ «គាត់​នៅ​លើ​ផ្លូវ​បិទ​មុខ​ដី​គេ ពេញ​ផ្លូវ​តែ​ម្ដង ប៉ុន្តែ​យើង​កំពុង​តែ​ដោះស្រាយ​រឿង​ដី ថា​ត្រូវ​ដោះស្រាយ​បែង​ចែក​ជា​ដី​ឡូ​ឲ្យ​ពួក​គាត់​នោះ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច ចាំ​មើល​ខ្ញុំ​ស្នើ​ទៅ​លោក​អភិបាល​ក្រុង​ទៀត»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ករណី​នេះ​ពុំ​មែន​ជា​កំហុស​របស់​ប្រជាពលរដ្ឋ​ដែល​ទៅ​រស់នៅ​លើ​ដី​ផ្លូវ​សាធារណៈ​នោះ​ទេ គឺ​អាជ្ញាធរ​ទៅ​វិញ​ទេ​ដែល​ពុំ​បាន​ដោះស្រាយ​ឲ្យ​ពួក​គាត់​នោះ ពីព្រោះ​ថា ប្រជាពលរដ្ឋ​បាន​រស់នៅ​លើ​ដី​នោះ​អស់​ច្រើន​ឆ្នាំ​មក​ហើយ៖ «បើ​សិន​ជា​យើង​ទទួល​ស្គាល់​ថា អំណាច​តុលាការ​ជា​អំណាច​ឯករាជ្យ ហើយ​អាជ្ញាធរ​ត្រូវ​ខំ​ប្រឹងប្រែង​ដោះស្រាយ​ឲ្យ​បាន ថា​តើ​គួរ​ជម្លៀស ឬ​យក​ប្រជាពលរដ្ឋ​ទៅ​ដាក់​នៅ​ទីកន្លែង​ណា? ដើម្បី​ឲ្យ​ពួក​គាត់​រួច​ផុត​ពី​ទុក្ខ​លំបាក ដោយសារ​ការ​បង្ខំ​របស់​តុលាការ​នេះ»

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា កន្លង​ទៅ ពួក​គេ​បាន​តវ៉ា​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដោះស្រាយ​ផ្ដល់​សំណង​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​ទេ។ ប្រជាពលរដ្ឋ​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​អាជ្ញាធរ​ផ្ដល់​សំណង​សមរម្យ​ទៅ​តាម​តម្លៃ​ទីផ្សារ នោះ​ពួក​គេ​នឹង​រុះរើ​ផ្ទះ​សម្បែង​ចេញ​ពី​ដី​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles