ដោយ ជិន ជេដ្ឋា
2015-08-11
RFA

មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥។ RFA/Chin Chetha
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តពោធិ៍សាត់ មានជំនឿថា ជម្លោះដីធ្លីរ៉ាំរ៉ៃរវាងក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់លោកឧកញ៉ា ទ្រី ភាព ជាមួយពលរដ្ឋជាង ២០គ្រួសារនៅឃុំថ្មដា ស្រុកវាលវែង នឹងដោះស្រាយចប់នៅចុងឆ្នាំ២០១៥។
តើមានមូលដ្ឋានអ្វីខ្លះដែលសង្គមស៊ីវិល មានជំនឿលើអាជ្ញាធរមានសមត្ថកិច្ច ក្នុងការដោះស្រាយបញ្ចប់បញ្ហាដ៏ចម្រូងចម្រាសមួយនេះ?
មន្ត្រីការពារសិទ្ធិមនុស្សដែលតែងតែរិះគន់លើចំណាត់ការរបស់អាជ្ញាធរខេត្តពោធិ៍សាត់ បានបង្ហាញគន្លឹះចំនួនពីរ ដែលឈានទៅដល់ការដោះស្រាយបញ្ចប់ជម្លោះ គឺទី១ អាជ្ញាធរប្រឹងប្រែងដោះស្រាយបញ្ហា។ ទី២ តំបន់ដែលកំពុងមានជម្លោះនោះ ត្រូវអភិវឌ្ឍទៅជាតំបន់សេដ្ឋកិច្ច ពិសេសនៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ។ អាជ្ញាធរខេត្ត និងសមាគមអាដហុក បានក្លាយជាដៃគូដោះស្រាយបញ្ហានេះ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តពោធិ៍សាត់ លោក ភួង សុធា ថ្លែងនៅថ្ងៃទី១០ ខែសីហា ថា បច្ចុប្បន្នមានអ្នកភូមិសង្គមថ្មី ចំនួន ១២គ្រួសារ ក្នុងចំណោម ២១គ្រួសារ ដែលមានជម្លោះជាមួយក្រុមហ៊ុន អឹម.ឌី.អេស តាំងពីឆ្នាំ២០១០ មកនោះ បានផ្ដិតមេដៃក្រោយពីបំពេញសលាកបត្រព័ត៌មាន ឬប្រវត្តិនៃការកាន់កាប់លើដីកំពុងមានជម្លោះ។ លោកថា សង្គមស៊ីវិល ព្យាយាមពន្យល់អំពីកម្មសិទ្ធិដីធ្លី និងច្បាប់ដល់ពួកគាត់ ប៉ុន្តែបើអ្នកភូមិដែលអះអាងថា ក្រុមហ៊ុនរំលោភយកដីនោះមិនព្រមសហការបំពេញសលាកបត្រ គឺមានន័យថា ពួកគាត់ពុំមានដីនៅចំណុចនោះឡើយ៖ «១២គ្រួសារបានមកបំពេញសលាកបត្រព័ត៌មាន ដើម្បីឲ្យអង្គការសង្គមស៊ីវិល និងអាជ្ញាធរ សិក្សាពីព័ត៌មានទាំងអស់ហ្នឹងថា ព័ត៌មានទាំងអស់ពិតប្រាកដដូចប្រជាពលរដ្ឋផ្ដល់ព័ត៌មានមកខាងយើងដែរឬទេ? ហើយអាជ្ញាធរក៏បានសិក្សាព័ត៌មានទាំងអស់ហ្នឹង ដើម្បីស្វែងរកដីសម្បទានសង្គមកិច្ចឲ្យពលរដ្ឋ បើពលរដ្ឋទាំងអស់ហ្នឹងអត់មានដីពិតប្រាកដ»។
រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទំហំជាង ៤ពាន់ហិកតារ (៤.៤០០ហិកតារ) នៅឃុំថ្មដា ស្រុកវាលវែង ទៅឲ្យក្រុមហ៊ុន អឹម.ឌី.អេស របស់លោកឧកញ៉ា ទ្រី ភាព ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងដាំដំណាំកសិឧស្សាហកម្ម។ ប៉ុន្តែតំណាងក្រុមហ៊ុនធ្លាប់បញ្ជាក់ថា ជាក់ស្ដែងក្រុមហ៊ុនបានឆ្វៀលដីជូនពលរដ្ឋ និងព្រៃសហគមន៍ ហើយទំហំដីដែលនឹងអភិវឌ្ឍពុំមានធំឡើយ។
រយៈពេលជិត ៦ឆ្នាំនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន បានប៉ះពាល់លើដីពលរដ្ឋជាច្រើនគ្រួសារនៅភូមិសង្គមថ្មី ភូមិឯកភាព និងភូមិកណ្ដាល នៃថ្មដា ប៉ុន្តែគ្រួសារភាគច្រើនទទួលបានការដោះស្រាយ តាមរយៈក្រុមហ៊ុនផ្ដល់សំណងផលប៉ះពាល់ដោយផ្ទាល់ និងខ្លះទទួលបានការវាស់វែងដីធ្លីដោយក្រុមនិស្សិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១២ តែគ្រួសារខ្លះមិនទាន់ដោះស្រាយចប់។
អភិបាលរងខេត្តពោធិ៍សាត់ ទទួលផែនដីធ្លី លោក ខូយ រីដា ថ្លែងថា ចំពោះគ្រួសារដែលនៅសល់ពីការដោះស្រាយកន្លងទៅ អាជ្ញាធរ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល នឹងរួតរាស់ដោះស្រាយបញ្ចប់។ លោកថា នៅរយៈពេលពីរ ឬបីថ្ងៃខាងមុខទៀត ក្រុមការងារនឹងប្រជុំដោះស្រាយបញ្ហានេះជាថ្មីទៀត ហើយពលរដ្ឋក្រៅពី ១២គ្រួសារ ដែលមិនចូលមកបំពេញសលាកបត្រអាចជាអ្នកដែលមានបញ្ហា៖ «បើគាត់មិនចូលរួមមានន័យថា គាត់មានបញ្ហា បញ្ហាអីខ្លះ? ឧទាហរណ៍អ្នកខ្លះមកពីបណ្ដាខេត្តផ្សេងៗ គាត់ជំពាក់លុយគេ អ្នកខ្លះបានប្រព្រឹត្តអំពើផ្សេងៗដូចឧក្រិដ្ឋអ៊ីចឹង ខ្លះគេចខ្លួនមកសម្ងំនៅកៀនៗកន្លុកកន្លៀតអស់ហ្នឹង គាត់អត់បញ្ចេញមុខទេអាហ្នឹងក៏ពាក់ព័ន្ធដែរ»។
លោកបញ្ជាក់ថា ចំពោះពលរដ្ឋដែលមិនសហការចូលរួមផ្ដល់ព័ត៌មានអំពីដីធ្លីដើម្បីដោះស្រាយ ខាងអាជ្ញាធរនឹងមិនសើរើអ្វីឡើយ តែបើពលរដ្ឋទាំងនោះឆ្លៀតឱកាសតវ៉ាលើរឿងដីធ្លីដដែលនេះ អាជ្ញាធរនឹងប្ដឹងទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។ លោកថា ក្រៅពី ១២គ្រួសារដែលចូលរួមដោះស្រាយជាមួយអាជ្ញាធរ គេមិនទាន់រកឃើញអត្តសញ្ញាណនៅឡើយ ដោយអ្នកខ្លះមានប្រភពពីខេត្តបាត់ដំបង។
យ៉ាងណា តំណាង និងពលរដ្ឋ ៩គ្រួសារដែលមិនទាន់បំពេញសលាកបត្រ បញ្ជាក់ស្រដៀងគ្នាថា ពួកគាត់នឹងមិនផ្ដិតមេដៃលើសលាកបត្រដែលអាជ្ញាធររៀបចំ ក្នុងគោលបំណងផ្ដល់ដីសម្បទានសង្គមកិច្ចឲ្យពួកគាត់នោះទេ ព្រោះអ្នកភូមិមានដីពិតប្រាកដលើទីតាំងដែលកំពុងមានជម្លោះ។ ពួកគាត់ថា ក្រុមហ៊ុនបានឈូសបំផ្លាញខ្ទម និងដំណាំបំបិទភស្តុតាងកាលពីឆ្នាំ២០១០ ដើម្បីកុំឲ្យក្រុមនិស្សិតវាស់វែងចេញប្លង់កម្មសិទ្ធិជូនពួកគាត់បាន។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោម ៩គ្រួសារ គឺអ្នកស្រី ប្រាក់ សុផល មានប្រសាសន៍ថា ក្រុមពលរដ្ឋចង់ឲ្យអាជ្ញាធរទទួលស្គាល់ថា ពួកគាត់មានដីពិតប្រាកដ មិនមែនពលរដ្ឋរស់នៅអនាធិបតេយ្យចូលកាប់ទន្ទ្រានដីរដ្ឋនោះទេ។ អ្នកស្រីអាចយល់ព្រមផ្ដិតមេដៃ និងចូលរួមដោះស្រាយជាមួយអាជ្ញាធរដែរ បើក្នុងករណីសលាកបត្រត្រូវបានកែតម្រូវ ហើយអាជ្ញាធរមានឆន្ទៈដោះស្រាយជូនប្រជាពលរដ្ឋ៖ «យើងជាម្ចាស់ដីពិត ហើយគាត់ឲ្យផ្ដិតក្នុងនាមយើងទៅទទួលដីសង្គមកិច្ច ហើយដីសង្គមកិច្ចយើងសួរជាច្បាប់ទៅ គឺជាដីផ្ដល់ជូនប្រជាជនអត់ដីសោះ និងរស់នៅអនាធិបតេយ្យអ៊ីចឹងទៅ។ មួយទៀតដែលយើងទាំងអស់គ្នាដែលនៅសេសសល់ យើងចង់បញ្ជាក់ថា យើងជាម្ចាស់ដី ហើយមុនពេលទទួលដីសម្បទាន ឬដីអ្វីមួយដែលរដ្ឋផ្ដល់ឲ្យ គួរតែមានការទទួលស្គាល់ថា យើងជាម្ចាស់ដីពិតប្រាកដសិន»។
ក្រុមពលរដ្ឋទាំង ២១គ្រួសារ ធ្លាប់កណ្ដៀតកន្ទេលខ្នើយ និងចានឆ្នាំង ដើរថ្មើរជើងតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាលលើរឿងដីធ្លីនេះ ប៉ុន្តែអាជ្ញាធរខេត្តពោធិ៍សាត់ បានស្ទាក់សម្របសម្រួលនៅពាក់កណ្ដាលផ្លូវ ដោយសន្យាជួយរកដំណោះស្រាយ។ បច្ចុប្បន្ន ពលរដ្ឋទាំង ២១គ្រួសារ តវ៉ាឲ្យអាជ្ញាធរដោះស្រាយដីហំ ២៣៣,៥ហិកតារ ដែលក្រុមហ៊ុនរំលោភយក។
អាជ្ញាធរខេត្តពោធិ៍សាត់ ឲ្យដឹងថា អាជ្ញាធរបានទទួលពាក្យបណ្ដឹង និងដោះស្រាយបានជាបន្តបន្ទាប់ តែមិនទាន់អាចប្រាប់ពីតួលេខច្បាស់បាន។ ចំណែកសមាគមអាដហុកវិញបញ្ជាក់ថា ជម្លោះដីធ្លីនៅទូទាំងខេត្តក្នុងឆ្នាំ២០១៥ មាន ៤ករណីធំៗនៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ នៅមិនទាន់ដោះស្រាយចប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋ៤៣គ្រួសារនៅប៉ោយប៉ែតអំពាវនាវសុំកុំបណ្ដេញពួកគាត់ចេញពីលំនៅឋាន
- អភិបាលខេត្តកំពង់ឆ្នាំងសន្យាដោះស្រាយជម្លោះដីរវាងពលរដ្ឋនិងកងកាំភ្លើងធំ
- ពលរដ្ឋខេត្តក្រចេះចោទក្រុមហ៊ុនកូរ៉េថារំលោភយកដីអ្នកភូមិជាង៤ពាន់ហិកតារ
- ពលរដ្ឋខេត្តកោះកុងអះអាងថាមន្ត្រីរដ្ឋាភិបាលសន្យាដោះស្រាយដីជម្លោះភូមិពយជប៉ុន
- តុលាការខេត្តមណ្ឌលគិរីដោះលែងសកម្មជនការពារដីធ្លីសហគមន៍ព្នងបណ្ដោះអាសន្ន
- ពលរដ្ឋនៅកោះរ៉ុងចោទក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបថាឈូសឆាយដីប៉ះពាល់ដំណាំអ្នកភូមិ
- គណៈកម្មការទី១ព្រឹទ្ធសភាជួបពិភាក្សាជាមួយពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តបាត់ដំបង
- ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងរៀបចំទិវាអន្តរជាតិជនជាតិដើមភាគតិចនៅខេត្តកោះកុង
- ពលរដ្ឋខណ្ឌដង្កោប្រមាណ៣០០គ្រួសារមិនព្រមលក់ដីឲ្យក្រុមហ៊ុនអាយ.អិន.ជី ហូលឌីង